ភ្នំពេញ ៖ ដើម្បីឆ្លើយតបតាមតម្រូវការ មជ្ឈមណ្ឌលសិក្សា និង អភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក បាននឹងកំពុងអនុវត្តន៍ផែនការរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ដែលផ្តោតទៅលើការកសាងសហគមន៍អាស្រ័យខ្លួនឯង ជាពិសេសផ្តោតទៅលើផលិតកសិកម្មសរីរាង្គ ការកែច្នៃទីផ្សារ និងការអភិវឌ្ឍសហករណ៍កសិកម្ម។
ដើម្បីទទួលបាននូវធនធានមនុស្ស ដែលមានសមត្ថភាពសម្រាប់អនុវត្តន៍ផែនការ ១០ ឆ្នាំនេះ អង្គការសេដាកបានចំនូវវគ្គបណ្តុះបណ្តាលស្តីអំពី«អ្នកដឹកនាំកសិកម្មសរីរាង្គវ័យក្មេង»ជំនាន់ទី ២៩។ ក្រោយបញ្ចប់វគ្គសិក្សារយៈពេល ៦ ខែ យុវជន និងក្លាយជា អ្នកសម្របសម្រួលក្រុមផលិតកសិផលសរីរាង្គ ,អ្នកដឹកនាំកសិដ្ឋានសរីរាង្គ ,អ្នកសម្របសម្រួលទីផ្សារកសិផលសរីរាង្គផងដែរ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានការបង្ហាត់បង្រៀន ការហាត់ការ និងអនុវត្តការងារផ្ទាល់នៅកសិដ្ឋានទីផ្សារ សម្របសម្រួលក្រុម បណ្តុះបណ្តាលផ្ទាល់ជាមួយក្រុមគោលដៅ ព្រមទាំងទទួលបានប្រាក់កម្ចីរហូតដល់ ១ ពាន់ដុល្លារ សម្រាប់ប្រើប្រាស់ជាតម្រូវការចាំបាច់។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលប្រឡងជាប់នឹងទទួលបានការងារធ្វើនៅអង្គការសេដាក និងស្ថាប័នដៃគូរផ្សេងៗ របស់អង្គ ការសេដាកផងដែរ។
សូមជម្រាបថា យុវជនដែលអាចដាក់ពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលនេះបាន ត្រូវបំពេញលក្ខខ័ណ្ឌមួយចំនួនដូចជា យុវជនត្រូវបញ្ចប់ថ្នាក់ ឧត្តមសិក្សា មានបទពិសោធន៍កាងារស្ម័គ្រចិត្តតាមសហគមន៍ និង ស្ថាប័នផ្សេងៗ ធ្លាប់ចូលប្រឡូកក្នុងការងារកសិកម្ម ស្រលាញ់ការងារកសិ កម្មសរីរាង្គ ស្រលាញ់ធម្មជាតិ ស្រឡាញ់អាចម៍គោ។ ចំពោះពាក្យសុំចូលរៀនសម្រាប់វគ្គបណ្តុះបណ្តាលជំនាន់ទី ២៩ នេះ គឺចាប់ផ្តើមចែកជូនរហូតដល់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧។ ចំណែកកាលបរិច្ឆេទធ្វើតេស្តចូលរៀនគឺនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៧។
សិក្ខាសាលាណែនាំអំពីវគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំធ្វើនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងចាប់ផ្តើមវគ្គសិក្សាចាប់ពីខែមករា ឆ្នាំ២០១៧ តទៅ៕