en     km
en     km

អង្គការភ្លែនបង្កើតកម្មវិធីឱ្យក្មេងស្រីកាន់តួនាទីជំនួសទូតអង់គ្លេសរយៈពេល២៤ម៉ោង

Share

​ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជាបានបង្កើតកម្មវិធីមួយឈ្មោះថាក្មេងស្រីកាន់តួនាទីជំនួស ដោយជ្រើសរើសកញ្ញា ម៉ារីហ្សា ជានិស្សិតទើបបញ្ចប់ថ្នាក់មហាវិទ្យាល័យ ឱ្យកាន់តួនាទីជំនួសឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជារយៈពេលមួយថ្ងៃ។ សម្រាប់អង្គការភ្លែន កញ្ញា ម៉ារីហ្សា បានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ ហើយកម្មវិធីនេះជាផ្នែកមួយជួយកម្ពស់ក្មេងស្រីក្នុងភាពជាដឹកនាំផងដែរ។អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍

ក្នុងរយៈពេលមួយថ្ងៃគឺនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ កញ្ញា ម៉ារីហ្សា បានកាន់តួនាទីជំនួស លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាដោយជោគជ័យ ខណៈមានវត្តមាន លោក Dominic Williams និងបុគ្គលិកទូតអង់គ្លេសនៅអមជាមួយផងដែរ។ ក្នុងតួនាទីជំនួសរយៈ២៤ម៉ោងនេះ កញ្ញាបានជួបពិភាក្សាជាមួយបុគ្គលិកនៃទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីមុខងារសំខាន់ៗ ក៏ដូចជាទទួលបានចំណេះដឹងផ្សេង។ បន្តមកទៀត ម៉ារីហ្សា ក៏បានចូលជួបជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្រ្វិក-មជ្ឈិមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពិភាក្សាអំពីការងារ និងទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ក៏ដូចជាទទួលបានអនុសាសន៍គន្លឹះផ្សេងៗលើកិច្ចការការទូតផងដែរ។

កញ្ញា ម៉ារីហ្សា បានឱ្យដឹងថា  កម្មវិធីក្មេងស្រីកាន់តួនាទីជំនួសនាពេលនេះ ជួយជំរុញឱ្យកញ្ញាចេញពីតំបន់សុវត្ថិភាពរបស់ខ្លួនឯង ធ្វើឱ្យកញ្ញាហ៊ានប្រឈមមុខនឹងបញ្ហាជាច្រើនដែលកើតមាននៅក្នុងសង្គម នឹងអាចទទួលស្គាល់ដឹងរឿងរ៉ាវផ្សេងៗ ទាក់ទងនឹងការងារ វិស័យការទូត និងវិស័យច្រើនផ្សេងទៀត។

កញ្ញា ម៉ារីហ្សា៖«វាជាផ្នែកមួយ ដែលអាចរុញឱ្យខ្ញុំក្លាហានជាងមុន ហ៊ាននិយាយច្រើនជាងមុន និងជាផ្នែកមួយដែលអាចឱ្យខ្ញុំចូលរួមក្នុងសហគមន៍បានច្រើន»។

ក្នុងនាមជា ក្មេងស្រីកាន់តួនាទីជំនួសឯកអគ្គរាជទូតចក្រភពអង់គ្លេសពេញមួយថ្ងៃ កញ្ញា ម៉ារីហ្សា មានសុទិដ្ឋិ​និយមថា បទពិសោធន៍នេះនឹងក្លាយជាឧទាហរណ៍ដ៏ល្អមួយ ក្នុងការជំរុញទឹកចិត្តក្មេងស្រីក្នុងប្រទេសកម្ពុជា ដើម្បីព្យាយាមតស៊ូ ដើម្បីឱ្យក្តីស្រម៉ៃនោះក្លាយទៅជាការពិត។

ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញសិក្សាអន្តរជាតិ កញ្ញា ម៉ារីហ្សា បានផ្ញើសារទៅកាន់ក្មេងស្រីដទៃទៀតកុំឱ្យដាក់ដែនកំណត់ចំពោះខ្លួនឯង និងកុំខ្លាចក្នុងការសាកល្បងនូវអ្វីថ្មីៗ បើចង់ក្លាយជាអ្នកដឹកនាំក្មេងស្រីត្រូវមានក្តីស្រមៃទោះជាអ្នកណាក៏ដោយ។

កញ្ញា ម៉ារីហ្សា៖« ប្រសិនជាចង់ក្លាយជាអ្នកដឹកនាំក្មេងស្រីត្រូវតែមានក្តីស្រមៃ ទោះជាអ្នកណាក៏ដោយ ក្តីស្រមៃហ្នឹងហើយគឺជាអី១ដែលអាចត្រួសត្រាយផ្លូវយើងដើម្បីឆ្ពោះទៅអនាគតដែលយើងតែងតែស្រមៃហ្នឹងបាន បើយើងមិនមានក្តីស្រមៃយើងក៏អត់ដឹងថាខ្លួនឯងចង់ធ្វើអ្វីដែរ!»។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា យុទ្ធនាការ “ក្មេងស្រីកាន់តួនាទីជំនួស”គឺជាគម្រោងមួយផ្នែករបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាសកម្មភាពចូលរួមចំណែកក្នុងការលុបបំបាត់ការរើសអើង បញ្ហាដែលរារាំងក្មេងស្រីពីការបន្តក្តីស្រមៃរបស់ពួកគេក្នុងការក្លាយជាស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។ កម្មវិធីនេះ  គឺមានគោលបំណងផ្តល់ឱកាសដល់ក្មេងស្រីចំណាយពេលមួយថ្ងៃក្នុងតួនាទីជាអ្នកដឹកនាំក្នុងជួររដ្ឋាភិបាល ស្ថានទូត អង្គការសហប្រជាជាតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្សេងទៀត ដើម្បីបង្ហាញសិទ្ធិអំណាចស្មើគ្នា និងតំណាងឱ្យកុមារី និងស្រ្តី។

បើតាមអង្គការភ្លែនកាលពីពេលកន្លងមក  មានក្មេងស្រីជាច្រើន បានកាន់តួនាទីជំនួសរដ្ឋមន្ត្រីក្រសួងអប់រំ ឯកអគ្គរាជទូតចក្រភពអង់គ្លេស អគ្គរដ្ឋទូតស៊ុយអែត អគ្គរដ្ឋទូតឥណ្ឌា អភិបាលស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយកក្រុមហ៊ុន សាស្ត្រាចារ្យ និពន្ធនាយក ជាដើម។

តាមរយៈក្មេងស្រីកាន់តួនាទីជំនួសនេះ ក្មេងស្រីមានឱកាសយល់ដឹងពីបរិយាកាសធ្វើការរបស់ស្ថានប័នទាំងនោះ ភាពប្រឈម និងអនុសាសន៍បទពិសោធន៍មួយចំនួនដល់ពួកគាត់។ នៅក្នុងដំណើរការកាន់តួនាទីជំនួស ក្មេងស្រី ក៏បានលើកយកបញ្ហាមួយចំនួនដែលទាក់ទងនឹងក្មេងស្រី ដូចជា ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងបញ្ហាទំនៀមទំលាប់ដែលជះផលអវិជ្ជមានដល់ក្តីស្រមៃរបស់ពួកគេផងដែរ៕

ប្រភពរូបភាព៖អង្គការភ្លែនអន្តរជាតិកម្ពុជា

 

Share

ព័ត៌មានទាក់ទង