ភ្នំពេញ ៖ ជាការកត់សម្គាល់ ចរាចរណ៍ក្នុងរាជធានីភ្នំពេញនៅតែមានការកក់ស្ទះដដែល និងរឹតតែអាក្រក់ជាងនេះទៅទៀតនោះ ការកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែប្រើពេលយូរ និងមានរូបភាពកាន់ស្មុគស្មាញថែមទៅទៀត ។ តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញមានការកក់ស្ទះជាញឹកញាប់បែបនេះ? ចុះដំណោះ
ស្រាយចំពោះមុខ និងទៅថ្ងៃអនាគតយូរអង្វែងជាអ្វី? សូមនាងកញ្ញា លោក លោកស្រីអញ្ជើញស្តាប់បទ អត្ថាធិប្បាយរបស់លោក កែវ សុខា ដូចតទៅ ៖

រាជធានីភ្នំពេញត្រូវបានគេដឹងថាជាបេះដូងនៃបណ្តុំសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងនយោបាយ ។ ភាពសំបូរបែបនេះហើយ បានបណ្តាលឱ្យរាជធានីមួយនេះក្លាយជាទីទាក់ចិត្តនៃមនុស្សផងគ្នាមកដើរលេងកំសាន្ត និងចង់រស់នៅ ជាពិសេសភ្នំពេញបានក្លាយជាទីប្រាថ្នានៃជីវិតគូស្រករថ្មីថ្មោង មកចង់សាងជីវភាពថ្មីផងដែរ ។
ភាពសំបូរបែប ភាពស៊ីវិលល័យទាន់សម័យនិងរីកចំរើននេះ ក៏បានរុញច្រានរាជធានីភ្នំពេញបន្តិចម្តងៗទៅកាន់ជ្រោះជ្រៅមួយ នោះគឺបញ្ហាកកស្ទះចរាចរណ៍ ។ បើយើងពិនិត្យមើលឱ្យស៊ីជម្រៅនោះយើងនឹងឃើញដើមចមនៃការស្ទះចរាចរណ៍នេះ ។ តើដើមចម ឬមូលហេតុនោះមានអ្វីខ្លះ?
ទី១គឺកត្តាភូមិសាស្ត្រ ។ ភូមិសាស្ត្ររាជធានីភ្នំពេញហាក់ដូចជាចង្អៀតពេកហើយបើប្រៀបធៀបជាមួយដងស៊ីតេប្រជាជន ។ មានន័យថា ផ្ទៃដីក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន គឺមានទំហំតូច មិនសមាមាត្រទៅនឹងកំណើនប្រជាជននោះទេ ។
បញ្ហាមួយទៀត ភ្នំពេញបានក្លាយជាបណ្តុំជួបជុំនៃវិស័យសំខាន់ៗមួយចំនួនដូចដែលបានរៀបរាប់ខាងលើ។
ស្ថាប័នសាធារណៈធំៗ សាកលវិទ្យាល័យល្បីៗ ទីផ្សារចែកចាយផលិតផលដុំនិងរាយផ្សេងៗ កន្លែងផ្តល់សេវាសុខាភិបាលទាំងរដ្ឋ និងឯកជនល្បីឈ្មោះ បណ្តារោងចក្រសហគ្រាលទាំងខ្នាតធំ ខ្នាតមធ្យម និងធនតូច ព្រលានយន្តហោះ ព្រមទាំងរមណីដ្ឋាន គ្រឹះស្ថានកំសាន្តសប្បាយនានា សុទ្ធតែបានប្រមូលផ្តុំគ្នាកកកុញក្នុងរាជធានីភ្នំពេញទាំងអស់។ វិសាលភាព និងសក្តានុពលដ៏អស្ចារ្យដូចនេះហើយបានធ្វើឱ្យអ្នកដែលមានតម្រូវការចាំបាច់មករាជធានីភ្នំពេញដើម្បីស្វែងវា ។ ភាពអស្ចារ្យនេះហើយ បានជាទីទាក់ចិត្តដល់សិស្សដែលមិនទាន់ប្រឡងជាប់ថ្នាក់វិទ្យាល័យ និងដៃគូរស្នេហ៍ថ្មីថ្មោងចង់ប្រថុយ និងចង់សាកល្បងមកសាងជីវិតថ្មីលើទឹកដីភ្លើងពណ៌មួយនេះ គ្រែងបានសមប្រកបនឹងគេ ។
ក្នុងបញ្ហាភូមិសាស្ត្រមួយទៀតដែលនោះ គឺបញ្ហាផ្លូវ។ គេសង្កេតឃើញរដ្ឋាភិបាល និងអាជ្ញាធរសព្វថ្ងៃក៏កំពុងតែដុតដៃ
ដុតជើងខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍពង្រីកផ្លូវជាពិសេសគឺស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីបានមួយចំនួនគួរឱ្យកត់សម្គាល់។ មកដល់ត្រង់នេះគេទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានយកចិត្តទុកដាក់ និងមានឆន្ទះដោះស្រាយបញ្ហាស្ទះចរាចរណ៍នោះមែន ។ ប៉ុន្តែអ្វីដែលគួរឱសោកស្តាយ បញ្ហាស្ទះចរាចរណ៍នៅតែជាបញ្ហាដដែលព្រោះសមត្ថភាពផ្លូវក្នុងរាជធានីភ្នំពេញសព្វថ្ងៃនៅមិនទាន់ឆ្លើយតបទៅនឹងកំណើនប្រជាជន និងកំណើនយានយន្តនៅឡើយនោះទេ ។
បញ្ហាដាច់ដោយឡែកមួយទៀតដែរ គឺបញ្ហាទីតាំងចតរថយន្ត ។ ជាការសង្កេតនៅតាមទីតាំងអាជីវកម្មនានារួមមានភោជនីដ្ឋាន ហាងលក់ចំណីអាហារ ស្ថាប័នរដ្ឋមួយចំនួន សាលកវិទ្យាល័យ ផ្សារ និងនៅតាមគ្រឹះស្ថានកំសាន្តសប្បាយជាច្រើន មិនមានទីធ្លាសម្រាប់ចតរថយន្តរបស់អតិថជនគ្រប់គ្រាន់នោះទេ ។ ម្ចាស់អាជីវកម្មទាំងនោះក៏បានឆ្លៀតលួចយកទ្រង់ផ្លូវមួយចំណែកដើម្បីធ្វើជាចំណតរថយន្តសម្រាប់អតិថជនរបស់ពួកគេ។
សួរថាហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះអាចធ្វើយ៉ាងដូចនេះបាន ។ មានការស្ស័យថា ម្ចាស់អាជីវកម្មទាំងនោះអាចសូកលុយចូលក្នុងហោប៉ៅរបស់អាជ្ញាធរដែនដី ដែលជាថ្នូរឱ្យអាជ្ញាធរបិទភ្នែក បិទច្រមុះ ធ្វើមិនដឹងធ្វើមិនលឺឬដូចម្ត៉េច ។
ទី២ គឺកត្តាយានយន្ត ។ ចំនួនឡាន និងម៉ូតូដែលបានចរាចរណ៍លើទ្រូងផ្លូវបច្ចុប្បន្នត្រូវបាននឹងថា មានចំនួនច្រើនសន្ធឹកសន្ធប់ ។ គេមើលឃើញថាក្នុងក្រុមគ្រួសារដែលមានជីវភាពមធ្យមអាចមានឡានមួយគ្រឿង និងម៉ូតូមួយគ្រឿងហើយយ៉ាងហោចណាស់ក៏មានម៉ូតូ២គ្រឿងឬ១គ្រឿងដែលមានសមាជិកចាប់ពី៤នាក់ឡើងទៅ ។ បញ្ហាចំនួនប្រើប្រាស់យានយន្តនេះ ក៏ជាចំណែកមួយនាំឱ្យមានបញ្ហាកកស្ទះចរាចរណ៍ផងដែល ។ តែទោះយ៉ាងនេះក្តី គេមិនអាចហាមឃាតប្រជាជនមិនឱ្យទិញរថយន្តច្រើននោះទេ ព្រោះនេះជាសិទ្ធិ និងស្របតាមប្រទេសកាន់របបទីផ្សារសេរី។
ទី៣ កត្តាអាកប្បកិរិយានៃអ្នកប្រើប្រាស់ទ្រួងផ្លូវ ។ ជាការកត់សម្គាល់ មានប្រជាជនមួយចំនួនតូចតែប៉ុណ្ណោះ ដែលមានឆន្ទះគោរពច្បាប់ចរាចរណ៍ ចំណែកប្រជាជនមួយចំនួនធំវិញមិនបានខ្វល់ពីច្បាប់អ្វីនោះទេ គឺពួកគេបានធ្វើទៅតាមទម្លាប់តែប៉ុណ្ណោះ ។ ការបើកបំពានភ្លើងសញ្ញាចរាចរណ៍ ការបើកបរប្រជែងគ្នា ប្រជ្រៀតគ្នាឱ្យតែអាញបានទៅមុខគឺថាជាសិទិ្ធរបស់ពួកគេ ។ ចំណែកការសង់រោងការ រោងបុណ្យ និងរោងពិធីមួយចំនួនក៏បានបង្កការកកស្ទះចរាចរណ៍ផងដែរ ។ មួយរយៈចុងក្រោយនេះ ពលរដ្ឋក្នុងរាជធានីភ្នំពេញ បានយកទ្រូងផ្លូវសាធារណៈ មកសង់រោងរៀបចំពិធីបុណ្យ ពិធីមង្គល់ការ ឬក៏ពិធីជប់លៀងផ្សេងៗទៅវិញ ។ ប្រការធ្វើឱ្យអ្នកម្ចាស់យានយន្តដែលធ្លាប់តែធ្វើដំណើរលើផ្លូវនោះជារៀងរាល់ថ្ងៃ ត្រូវបញ្ជៀសទិសដៅធ្វើដំណើរ ឬត្រូវប្រជ្រៀតគ្នា ។ នេះក៏ជាចំណែកមួយបង្កឱ្យមានការកកស្ទះចរាចរណ៍ផងដែរ ។
រីឯការបិទចរាចរណ៍ត្រង់កំណាត់ផ្លូវណាមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់គណៈអធិបតី ឬអ្នកមុខអ្នកការឆ្លងកាត់នោះ ក៏ជាបច្ច័យមិនល្អផងដែរចំពោះចរាចរណ៍របស់ពលរដ្ឋទូទៅ ។ នៅពេលមានការ សម្ពោធទីតាំងអ្វីមួយ ដែលមានការចូលរួមកាត់ខ្សែបូពីសំណាក់ពីគណៈអធិបតី ថ្នាក់ដឹកនាំប្រទេសគឺគេតែងតែឃើញថា សមត្ថកិច្ចបានហាមឃាតជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ត្រង់កំណាត់ផ្លូវនោះ ។ នៅពេលចប់ពិធីសព្វគ្រប់ និងនៅពេលដែលអាជ្ញាធរអនុញ្ញាតឱ្យធ្វើដំណើរ ពេលនោះហើយដែលគេឃើញថា ចរាចរណ៍ចាប់ផ្តើមស្ទះពេលខ្លះអាចស្ទះមួយកំណាត់ថ្ងៃក៏មាន។
បើនិយាយពីការខាតបង់នានាដែលបង្កពីបញ្ហាកកស្ទះចរាចរណ៍វិញម្តង។
ទី១ ការខាតបង់ផ្នែកសេដ្ឋកិច្ច ។ នៅពេលដែលមានការកកស្ទះចរាចរណ៍ម្តងៗ កម្ពុជាបានខាតថវិកាជាច្រើនទៅលើប្រេងសាំង ។ ត្បិតមិនទាន់មានការសិក្សាណាមួយពីតំលៃខាតនេះក៏ដោយ ក៏គេអាចដឹងបានថា នៅពេលជាប់ស្ទះម្តងៗយានយន្តទាំងអស់ត្រូវធ្វើដំណើរទៅមុខដោយគើមៗ ដែលនេះជាប្រការមួយធ្វើការចំណាយលើប្រេងសាំងមានការកើនឡើងទ្វេដង ។
មួយវិញទៀត អ្នកវិនិយោគធំៗ ច្បាស់ជាមិនមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជានោះទេ ព្រោះគេនឹងត្រូវខាតបង់ដោយសារតែត្រូវចំណាយពេលវេលាដើម្បីរំដោះខ្លួនគេក្នុងជំងឺស្ទះចរាចរណ៍នេះ ។ ពិតណាស់ពេលវេលាសម្រាប់អ្នកវិនិយោគពិតជាសំខាន់ណាស់ ព្រោះអ្នកជំនួញ និងអ្នករកស៊ីតែងតែមានកាន់គោលការណ៍មួយថា ពេលវេលាជាមាសប្រាក់ ។ ចំពោះវិស័យទេសចរណ៍វិញ អ្នកទេសចរណ៍ពិតជាពិបាកសម្រេចចិត្តមកកំសាន្តក្នុងប្រទេសកម្ពុជាម្តងទៀតប្រសិនបើគេជួបមេរៀនមិនល្អ ពោលគឺវិបត្តិផ្លូវចិត្តពីការស្ទះចរាចរណ៍នេះ ។ វាក៏អាចនាំឱ្យខាតបង់អ្នកទេសចរណ៍ថ្មីៗទៀតផងដែរ ប្រសិនបើអ្នកទេសចរណ៍ដែលមានគម្រោងមកកម្ពុជា បានដឹងថាបញ្ហាចរចរាណ៍ក្នុងប្រទេសកម្ពុជាមានបញ្ហានោះ។
ការខាតបង់មួយទៀត គឺមិនមានអ្វីមកអាចគណនាជាទឹកប្រាក់បាននោះទេ នោះគឺការការកើតជំងឺវិបត្តិផ្លូវចិត្ត ។ ពលរដ្ឋនឹងកើតមានវិបត្តិផ្លូវចិត្តជារៀងរាល់ពេលដែលគេជួបប្រទះការកកស្ទះចរាចរណ៍ ។ មនុស្សអាចឈ្លោះប្រកែកគ្នាព្រោះដោយសារការប្រជែងគ្នាដណ្តើមគ្នាទៅមុខ។ ពលរដ្ឋកើតការគុំគួនគ្នា ស្អប់ខ្លួនឯង ស្អប់សង្គម ស្អប់ប្រទេសជាតិ នៅពេលដែលបញ្ហាសង្គមមួយនេះកាន់តែរីកធំទៅៗ ដោយមិនទាន់មានដំណោះស្រាយទាន់ពេលវេលា ។ មនុស្សកាន់តែមើលឃើញសង្គមកាន់តែអាក្រក់ទៅអាក្រក់ទៅ លែងខ្វល់ពីការចង់ស្តារប្រទេសជាតិ រស់នៅសូមតែរួចផុតត្រឹមតែអាត្មាខ្លួនឯង និងក្រុមគ្រួសារតែប៉ុណ្ណោះ ។
ដំណោះស្រាយចំពោះបញ្ហាស្ទះចរាចរណ៍នេះ គឺត្រូវតែមានវិធានការ ។ ពិតណាស់បញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានក្លាយជាដំបៅមហារីកទៅហើយ ដែលទាមទារត្រូវការឱសថល្អ និងពេលវេលាមួយសមល្មម ។
មកដល់ត្រឹមនេះត្រូវមានវិធានការមួយចំនួនដើម្បីចូលរួមជាទស្សនទានក្នុងការរកដំណោះស្រាយបញ្ហាស្ទះចរាចរណ៍៖
វិធានការណ៍ទី១ គឺការបញ្ជៀស ។ រដ្ឋាភិបាល តាមរយៈអាជ្ញាធរដែនដី ត្រូវតែហ៊ានសម្រេចចិត្តភ្លាមៗដោយបញ្ជៀសនូវរាល់ទីតាំងអាជីវកម្មធំៗ ដែលចង់មកវិនិយោគក្នុងរាជធានីភ្នំពេញ ។ រដ្ឋាភិបាលត្រូវបញ្ជៀសទីតាំងទាំងនោះទៅតាមបណ្តាខេត្ត ឬក៏នៅតាមជាយរាជធានីភ្នំពេញវិញ ។ រដ្ឋាភិបាលត្រូវតែចាប់បញ្ជៀស និងរំដោះស្ថាប័នសាធារណធំៗ រួមមានមន្ទីរពេទ្យ សាលកវិទ្យាល័យ ព្រលានយន្តហោះ ឱ្យស្ថិតនៅតាមជាយក្រុងវិញ ។
វិធានការណ៍ទី២ គឺការពង្រីកទ្រូងផ្លូវ សង់ស្ពានអាកាស សង់ផ្លូវអាកាសសម្រាប់អ្នកថ្មើរជើង ផ្លូវក្រោមដី និងផ្លូវល្បឿនលឿនជាដើម ។ វិធានការណ៍ទី២ យើងសង្កេតឃើញថា រដ្ឋាភិបាល និងអាជ្ញាធរ បានខិតខំធ្វើជាបណ្តើរៗហើយ តួយ៉ាងដូចជា ស្ពានអាកាសប្រាំពីរមករា ប្រាំមករា ស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាសស្ទឹងមានជ័យជាដើម ។ តែយ៉ាងណារដ្ឋាភិបាលត្រូវបន្ត និងពន្លឿនវិធានការនេះឱ្យបានឆាប់រហ័សបន្តិច ។
វិធានការណ៍ទី៣ រដ្ឋាភិបាលត្រូវធ្វើផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរដើរ ព្រោះផ្លូវនេះអាចលើកទឹកចិត្តឱ្យបុគ្គលិកស្ថាប័នរដ្ឋ និងឯកជន ដែលមានលំនៅដ្ឋានក្បែរស្ថាប័ន អង្គភាព និងក្រុមហ៊ុន អាចធ្វើដំណើរមកធ្វើការដោយមធ្យាបាយថ្មើរជើង ជៀសវាងការធ្វើដំណើរដោយរថយន្ត ។ តែយ៉ាងណាអាជ្ញាធរ ត្រូវស្ថាបនាផ្លូវថ្មើរជើងនោះឱ្យមានសោភ័ណភាពល្អ ពោលគឺត្រូវមានដាំដើមឈើធំៗផ្តល់ម្លប់ត្រជាក់ និងមានសួនច្បារតាមដងផ្លូវផង ដើម្បីទាក់ចិត្តឱ្យអ្នកធ្វើដំណើរបាត់ការហត់នឿនបានខ្លះ ។ ចំណុចនេះ រដ្ឋាភិបាលត្រូវជំរុញដល់មន្ត្រីរាជការ ចំណែកក្រុមហ៊ុនឯងជនវិញត្រូវលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន ត្រូវធ្វើដំណើរដោយថ្មើរជើងខ្លះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបន្ថយការបញ្ចេញផ្សែងពុលក្នុងបរិយាកាស ជាពិសេសគឺជាលំហាត់ប្រាណមួយប្រភេទផងដែរ។
វិធានការណ៍ទី៤ គឺត្រូវការបង្កើនចំនួនរថយន្តសាធារណឱ្យបានច្រើន ព្រោះរថយន្តសាធារណសព្វថ្ងៃនៅមិនទាន់អាចឆ្លើយតបនិងចំនួនអ្នកដែលចង់ប្រើប្រាស់បាននៅឡើយទេ ដែលនេះជាមូលហេតុនាំឱ្យប្រជាជននៅតែប្រើយានយន្តផ្ទាល់ខ្លួនដដែល ។ ចំណែកសេវាដឹកជញ្ជូនត្រូវតែរហ័ស និងមានតំលៃថោកសមរម្យ ។
វិធានការណ៍ទី៥ គឺការកំណត់ម៉ោងពេលធ្វើការ និងម៉ោងចាកចេញពីធ្វើការ ។ សព្វថ្ងៃទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន បានកំណត់ម៉ោងពេលចូលធ្វើការនិងចាកចេញពីធ្វើការងារវិញ ស្ទើរតែប្រហាក់ប្រហែលគ្នាទៅហើយ គឺចន្លោះពេលចូលធ្វើការពីម៉ោង ៧និងម៉ោង៨ព្រឹក ។ ចំណែកម៉ោងចាកចេញវិញគឺចន្លោះពីម៉ោង៤ និងម៉ោង៥ល្ងាច ។ ម៉ោងពេលធ្វើការនិងចេញពីធ្វើការដូចគ្នាបែបនេះ ពិតណាស់គឺអ្នកធ្វើដំណើរត្រូវបញ្ចេញយានយន្តរបស់ខ្លួនមកលើទ្រង់ផ្លូវ ក្នុងម៉ោងពេលតែមួយ ។ ដូច្នេះស្ថាប័នឯកជនដែលមានទីតាំងនៅជិតស្ថាប័នរដ្ឋ ត្រូវពិចារណាម៉ោងពេលចូល និងចេញពីធ្វើការរបស់ខ្លួនឡើងវិញ ដើម្បីជៀសវាងការសម្រុកមក និងទៅជាន់គ្នាដែលបណ្តាលឱ្យកកស្ទះចរាចរណ៍ ។
វិធានការណ៍ទី៦ អាជ្ញាធរគួរតែណែនាំដល់ម្ចាស់អាជីវកម្ម ដូចជាហាងលក់ទំនិញ ភោជនីដ្ឋាន និងហាងលក់ចំណីអាហារជាដើម មុននឹងត្រូវបើកការរកស៊ីត្រូវសង់ចំណតរបស់ខ្លួនឱសមាមាត្រទៅនឹងចំនួនអតិថជនរបស់ខ្លួន ។ ជាក់ស្តែងមានហាង និងភោជនីដ្ឋានមួយចំនួនបានសង់ចំណតក្រោមដី ដែលនេះវិធានការមួយល្អដើម្បីរំដោះទ្រង់ផ្លូវពីម្ចាស់អាជីវកម្មដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះ ។
វិធានការណ៍ទី៧ គឺការកំណត់ការបើកបររថយន្តស្លាកលេខសេស និងរថយន្តស្លាកលេខគូ ។ មានន័យថា រថយន្តដែលមានពាក់ស្លាកលេខគូអាចបើកបរចូលក្រុងភ្នំពេញតែក្នុងថ្ងៃគូតែប៉ុណ្ណោះ ចំណែករថយន្តដែលពាក់ស្លាកលេខសេស គឺមិនអាចបើកបរចូលក្រុងភ្នំពេញបាននោះទេ ។ វិធានការណ៍នេះ ត្រូវបានប្រទេសមួយចំនួនបានយកទៅអនុវត្តហើយ ព្រោះថា ប្រទេសទាំងនោះចង់កាត់បន្ថយកាតបញ្ចេញផ្សែងពុលក្នុងបរិយាកាស និងកាត់បន្ថយការកកស្ទះចរាចរណផងដែរ ។ ចំពោះចំណាតការនេះ អាចមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយចំនួនយានយន្តដែលចរាចរក្នុងក្រុងភ្នំពេញ ព្រោះនៅពេលមានចំណាតការបែបនេះ នោះប្រជាជននឹងផ្លាស់ប្តូរមធ្យាបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលយកសេវាដឹកជញ្ជូនសាធារណ ឬក៏អាចដោយសាររថយន្តជាមួយមិត្តភក្តី បងប្អូនវិញ ដែលប្រការនេះក៏អាចកាត់បន្ថយការចំណាយរបស់ពលរដ្ឋផងដែរ។
សរុបសេចក្តីមក មានតែការចូលរួមដោយឆន្ទះរបស់រដ្ឋាភិបាល និងពលរដ្ឋគ្រប់គ្នាទេ ទើបអាចដោះស្រាបញ្ហា ការស្ទះចរាចរណ៍មួយនេះបាននៅរាជធានីភ្នំពេញ ៕