ជនរងគ្រោះដែលត្រូវបានគេបង្ខំឱ្យរៀបការនៅក្នុងសម័យខ្មែរក្រហមបានសម្ដែងក្តីឈឺចាប់ទុក្ខវេទនា រហូតដល់ពេលបច្ចុប្បន្ននេះ ព្រោះគិតថា ជីវិតគ្មានសិទ្ធសេរីភាព គ្មានសិទ្ធិជ្រើសរើសគូស្រករ និងមិនបានរៀបការតាមប្រពៃណីជាតិ។ ការថ្លែងបែបនេះធ្វើឡើងក្នុងកម្មវិធីសម្ពោធពិព័រណ៌ មិនអចិន្ត្រៃយ៍ភាពសោកសៅ និងការតស៊ូរបស់ស្ត្រីក្រោយការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម នៅសារមន្ទីរទួលស្លែង នៅរសៀលថ្ងៃទី១ ខែមីនាឆ្នាំ ២០១៦។
លម្អិតព័ត៌មានដោយកញ្ញា ច្រឹក ស្រីអូន ៖
អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលសម័យខ្មែរក្រហមបានកន្លងផុតទៅ តែការឈឺចាប់ដែលដិតជាប់ក្នុងការចងចាំរបស់ប្រជាពលរដ្ឋក្នុងចិត្តស្រី្ត ដែលត្រូវបានគេចាប់ឱ្យរៀបការដោយបង្ខំជួបការលំបាករងទុក្ខវេទនាក្នុងចន្លោះឆ្នាំ ១៩៧៥ ទៅដល់ឆ្នាំ ១៩៧៩។
អ្នកស្រី ម៉ុម វុន ជាប្រជាពរដ្ឋម្នាក់ ដែលត្រូវបានគេបង្ខំឱ្យរៀបការក្នុងសម័យខ្មែរក្រហមបានប្រាប់ឱ្យដឹងថា អ្នកស្រីមិនបានស្រឡាញ់ប្តីដែលអង្គការរៀបការឱ្យនោះទេ ព្រោះអ្នកស្រីមានប្តីរួចទៅហើយ និងមានកូនរហូតដល់ទៅ ៨ នាក់ផងដែរ៖ «ខ្ញុំមានគ្រួសារហើយ ខ្ញុំមានកូន ៨ ហើយតាំងពីសង្គមមក ហើយគេកម្លោះគេមិនយកខ្ញុំទេ ជាស្ត្រីមេម៉ាយមានកូន ៨ ហើយខ្ញុំក៏អអត់ស្រឡាញ់ ព្រោះមិនស្គាល់គ្នាផង គេបង្ខំឱ្យរៀបការ…»។
ស្ត្រីរងគ្រោះមួយរូបទៀត អ្នកស្រី សរ សេក ថា អ្នកស្រី និងប្តីគាត់ រៀបការជាមួយគ្នា ដោយមិនស្រឡាញ់គ្នាសោះឡើយ។ លោកស្រីបញ្ជាក់ថា ការរៀបការរវាងប្តីប្រពន្ធ ដែលមិនស្រឡាញ់គ្នាមិនមានក្តីសុខនោះទេ។ លើសពីនេះទៀត ប្តីអ្នកស្រីតែងតែប្រើអំពើហិង្សាលើរូបអ្នកស្រី រហូតដល់អ្នកស្រីមានជំងឺទៀតផង។ អ្នកស្រី សរ សេក ថា គាត់មិនចង់ឃើញរូបភាពដែលបង្ខំស្ត្រីឲ្យរៀបការ ដោយមិនពេញចិត្តទៀតទេ ព្រោះគឺជាការឈឺចាប់ខ្លាំងណាស់៖ «រាល់ថ្ងៃនេះខ្ញុំមិនអាចធ្វើអ្វីបានទេដោយសារគេវាយ កាលណាយប់ឡើងចុក»។

លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរទួលស្លែង បានលើកឡើងថា ផលប៉ះពាល់ដែលស្ត្រីទាំងនោះជួបប្រទះ និងមានការភ័យខ្លាចបណ្តាលឱ្យមានជំងឺសតិអារម្មណ៍រហូតមកដល់សព្វថ្ងៃនេះ៖ «ក្រោយពីធ្វើបទសម្ភាសន៍ជាមួយស្ត្រីរងគ្រោះ គឺគាត់ប្រើថ្នាំ សរសៃប្រសាទដោយសារផលប៉ះពាល់ទាំងអស់ហ្នឹង ពិព័រណ៌មួយនេះឱ្យពួកគាត់ចេះបែងចែង ភាពសោកសៅរបស់គាត់ឲ្យគេបានដឹង…»។
សូមបញ្ជាក់ថា ក្នុងកម្មវិធីសម្ពោធពិព័រណ៌ មិនអចិន្ត្រៃយ៍ ភាពសោកសៅនិងការតស៊ូ និង ការតស៊ូរបស់ស្ត្រីក្រោយការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម នៅសារមន្ទីរទួលស្លែង នេះមានរយៈពេល ៦ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមីនាឆ្នាំ ២០១៦តទៅ៕