ស្ត្រីសកម្មជនដីធ្លីវ័យ ៧៥ ឆ្នាំ អ្នកស្រី ង៉ែត ឃុន ហៅយាយ ម៉ាំម៉ី និយាយនៅថ្ងៃទី ២៥ មករា នេះថា អ្នកស្រីមានការព្រួយបារម្ភចំពោះចំណាក់ការរបស់តុលាការ ដែលលើកយកសំណុំរឿងបង្កហិង្សាកាលពីពីរឆ្នាំមុនមកធ្វើការស៊ើបឡើងវិញប្រឆាំងអ្នកស្រី។ អ្នកស្រីព្រួយបារម្ភខ្លាច តុលាការកាត់ទោសអ្នកស្រីហើយ នាំខ្លួនទៅឃុំខ្លួនដូចអ្នកស្រី ទេព វន្នី។
សកម្មជនវ័យចំណាស់រូបនេះបន្តថា ចំណាត់ការរបស់តុលាការមកលើអ្នកស្រី និងការទាត់ចោលបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកស្រី ទេព វន្នី នៅតុលាការកំពូលនៅថ្ងៃជាមួយគ្នានេះ អាចជាផ្នែកមួយគម្រាមកំហែងដល់ក្រុមអ្នកស្រី មិនឱ្យមានសកម្មភាពតវ៉ាបន្តទៀតហើយ ឈានដល់ការចោទប្រកាន់ចាប់យកទៅឃុំខ្លួនជាបន្តបន្ទាប់។ អ្នកស្រី ង៉ែត ឃុន៖«ចាស! ខ្ញុំព្រួយបារម្ភដែរ ព្រោះអ្វីខ្ញុំដាក់ពាក្យបណ្តឹង គេអត់មានវិធានចាត់ការ។ ចំណែកពលរដ្ឋសហគមន៍បឹងកក់សុទ្ធតែរងគ្រោះដោយសារដីធ្លី គេចេះតែដាក់សម្ពោធ គេចេះតែចោទប្រកាន់ដូចអ្នកស្រី ទេព វន្នី អញ្ចឹង ដែលគេថាអ្នកស្រី ទេព វន្នី ប្រើអំពើហិង្សាទៅលើកគេតែអ្នកស្រី ទេព វន្នី មិនបានប្រើអំពើហិង្សាលើគេទេ។ តែគេហៅមកប្រព័ន្ធតុលាការគេចាប់ ហើយខ្ញុំក៏មិនទាន់ទុកចិត្ត និងសង្ឃឹមលើប្រព័ន្ធតុលាការដែរ»។
ក្រុមស្ត្រីបឹងកក់ដែលឈររងចាំអ្នកស្រី ង៉ែត ឃុន នៅមុខតុលាការបានឱ្យដឹងថា កាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៤ នៅត្រង់ចំណុចដីឡូបន្ទាយប៉េអឹម ស្ថិតនៅសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ មានការប៉ះទង្គិចមួយកើតឡើងរវាងក្រុមអ្នកស្រី តល់ ស្រីពៅ និងអ្នកស្រី ង៉ែត ឃុន ។ ពលរដ្ឋបានឱ្យដឹងថា គឺអាចមានអាជ្ញាធរនៅពីក្រោយ ដើម្បីធ្វើឲ្យសហគមន៍បែកបាក់សាមគ្គីគ្នារឿងតវ៉ាទាមទារដីធ្លីពីក្រុមហ៊ុនស៊ូកាគូ។ អ្នក ស្រី ង៉ែត ឃុន កាលណ្ណោះត្រូវគេវាយឱ្យរងរបួសត្រង់ក្បាលបណ្តាលឱ្យហូរឈាមផងដែរ។
អ្នកស្រី ង៉ែត ឃុន បន្តថា ក្រោយថ្ងៃកើតហេតុភ្លាម អ្នកស្រីបានដាក់ពាក្យប្តឹងអ្នកស្រី តល់ ស្រីពៅ ពីបទបង្ករបួសស្នាម តែតុលាការមិនបានចាត់ការ។
វិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយបំភ្លឺពីអ្នកស្រី តល់ ស្រីពៅ និង ចៅក្រមស៊ើបសួរលោក អ៊ី ឋាវរៈ បាននៅឡើយនោះទេ។
ក្រុមស្ត្រីបឹងកក់លើកឡើងថា ចាប់តាំងពីក្រុមសកម្មជនដីធ្លីធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមក អ្នកដែលមានបណ្តឹងជាប់ខ្លួន ត្រូវបានតុលាការសើរើចាត់ការឡើងវិញ។ តួយ៉ាងតុលាការក្រុងភ្នំពេញ លើកយកករណីអ្នកស្រី ទេព វន្នី បង្កហិង្សាក្បែរវិមានឯករាជ្យជិតផ្ទះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ មកចាត់ការឡើងវិញ៕