ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុនេះ គឺជាថ្ងៃចុងក្រោយនៃឱសានវាទ របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាដែលកំណត់ឲ្កាសែត ខេមបូឌា ដេលី បង់ពន្ធសងរដ្ឋ ទំហំទឹកប្រាក់ជាង ៦លានដុល្លារសហរដ្ឋអាមេរិក។

កាសែត Cambodia Daily បានចាប់ផ្ដើម ដំណើរការរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងតែពីឆ្នាំ ១៩៩៣ គិតមកដល់ពេលនេះគឺមានរយៈពេលជាង ២០ឆ្នាំហើយ។ បច្ចុប្បន្ននេះស្ថាប័នកាសែត ខេមបូឌា ដេលី មានបុគ្គលិកបម្រើការចំនួន ៣០នាក់ ដោយរាប់បញ្ចូលទាំងបុគ្គលិកបរទេស និងខ្មែរ រួមជាមួយនឹងអ្នកហាត់ការ។ ក្នុងចំណោមបុគ្គលិកទាំង ៣០នាក់នេះ មានបុគ្គលិកស្ដ្រីចំនួន ១១នាក់។ ពួកគេសុទ្ធសឹងតែប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើរាជរដ្ឋាភិបាលពិតជាបិទស្ថាប័នមួយនេះពិតមែន។
កញ្ញា ឡេង ឡែន បុគ្គលិករបស់កាសែត Cambodia Daily បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីដឹងថា ជាធម្មតាមិនថាអ្នកណាទេ ប្រសិនបើបាត់បង់ការងារ ក្នុងរយៈពេលដ៏ប្រថុចញ៉ុចបែបនេះ ច្បាស់ណាស់នឹងជួបផលលំបាកទាំងផ្លូវអារម្មណ៍ និងផ្នែកសេដ្ឋកិច្ច។ សម្រាប់កញ្ញាផ្ទាល់ខណៈនេះមិនទាន់បានរៀបចំគម្រោងថានឹងធ្វើអ្វីបន្ដទៀតទេ ព្រោះកញ្ញាមានសុទិដ្ឋិនិយមថា ស្ថាប័នកាសែត Cambodia Daily នឹងទទួលបានដំណោះស្រាយសមស្របមួយដើម្បីអាចបន្ដដំណើរការទៅមុខទៀត។ កញ្ញា ឡេង ឡែន៖«បងចង់បន្ដអាជីពរបស់បងនៅ ដេលីហ្នឹងបន្ដទៀតដោយសារ ដេលី ជ្រើសរើសអ្នកកាសែតមិនប្រកាន់ប្រុសស្រីទេ ផ្ដល់ឱកាសស្មើគ្នាមិនថាអ្នកកាសែតស្រី ឬប្រុស អញ្ចឹងបងនៅតែមានសុទិដ្ឋិនិយមថាកន្លែងបងនៅបន្ដទៀត»។
យោងតាមការផ្ដល់ព័ត៌មានតាមរយៈ Email ពីនិពន្ធនាយករបស់កាសែត Cambodia Daily លោកស្រី Jodie DeJonge បានឆ្លើយថា នេះគឺជាសេណារីយ៉ូ ដ៏អាក្រក់បំផុតសម្រាប់ស្ថាប័នកាសែត កាសែត ខេមបូឌា ដេលី ។ នៅពេលនេះ លោកស្រីកំពុងតែរវល់ជាខ្លាំងក្នុងការរៀបចំឯកសារ ដើម្បីធ្វើយ៉ាងណាការពារស្ថាប័នកាសែតវ័យចំណាស់មួយនេះ។ ជាងនេះលោកស្រីបន្ដទៀតថា លោកស្រីក៏កំពុងដាក់សំណើទៅកាន់នាយកដ្ឋានពន្ធដារ ដើម្បីសុំបញ្ឈប់ការលេចធ្លាយព័ត៌មានទាក់ទិននឹងប្រាក់ពន្ធទៅកាន់អង្គភាពព័ត៌មាន Fresh News ជាបន្ដទៀត។ លើសពីនេះលោកស្រីក៏បានដាក់សំណើទៅកាន់អគ្គនាយកដ្ឋាពន្ធដារ សុំឲ្យវាយតម្លៃពន្ធដោយយុត្ដិធម៌ និងមានតម្លាភាពដោយផ្អែកលើសវនកម្មជាក់ស្ដែង ដោយមិនត្រូវប្រើច្បាប់ពន្ធដារ ដើម្បីប្រឆាំងនឹងស្ថាប័នព័ត៌មានឡើយ។
ក្រោយពីទទួលដំណឹងជាហូរហែ ទាក់ទិននិងការដាក់ឱសានវាទ ពីអគ្គនាយកដ្ឋានពន្ធដារកំណត់ពេលត្រឹមថ្ងៃទី០៤ កញ្ញា ដើម្បីឲ្យកាសែត ខេមបូឌា ដេលី ទូទាត់ប្រាក់ពន្ធដ៏ច្រើនសន្ទឹកសន្ធាប់ ដែលស្ថាប័នជាតិមួយនេះអះអាងថា កាសែត Cambodia Daily មិនបានបង់តាំងពីឆ្នាំ២០០៧មកនោះ បុគ្គលិកមួយរូបទៀតរបស់កាសែត Cambodia Daily មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែលោកមិនធ្លាប់គិតថា នឹងមានរឿងស្មានមិនដល់ដូចនេះកើតឡើងនោះទេ។
បុរសវ័យ ៤០ឆ្នាំដែលសុំមិនបញ្ចេឈ្មោះម្នាក់ ជាបុគ្គលិកកាសែត ខេមបូឌា ដេលី បាននិយាយថា លោកគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច នៃគ្រួសារទាំងមូល ដែលមានប្រពន្ធ និងកូនតូចៗចំនួនពីរនាក់ កំពុងពេញវ័យសិក្សា លោកនឹងប្រឈមការលំបាកក្នុងការជួយផ្គត់ផ្គង់គ្រួសារប្រសិនបើកាសែត ខេមបូឌា ដេលី ត្រូវបិទ។ បុគ្គលិកដេលី៖«ប្រសិនកាសែត ដេលី ត្រូវបិទមែនផលប៉ះពាល់ជាចម្បង យើងត្រូវបានបង់ការងារ ហើយផលប៉ពាល់មួយទៀតយើងនឹងបាត់បង់ចំណូលសម្រាប់ក្រុមគ្រួសារយើង ហើយវាជាការពិបាកក្នុងពេលភ្លាមៗយើងរកការងារថ្មីឬមួយការងារណាមួយដើម្បីដោះស្រាយជីវភាពយើង»។
ចំពោះផលប៉ះពាលមិនមែនមានតែបុរសរូបនេះទេ នៅមានបុគ្គលិកជាច្រើននាក់ទៀតក្នុងស្ថាប័នកាសែត កាសែត ខេមបូឌា ដេលី ដែលភាគច្រើនពួកគេសុទ្ធសឹងតែជាមេគ្រួសារ មាន កូន ប្រពន្ធក្នុងបន្ទុក។
ដំណឹងស្ដីពី ឱសានវាទ ថ្ងៃទី០៤ កញ្ញា ដែលអាជ្ញាធរពន្ធដារកម្ពុជា នឹងរឹបអូសទ្រព្យសម្បត្ដិស្ថាប័នកាសែត ខេមបូឌា ដេលី ក្នុងករណីមិនអាចបង់ពន្ធជូនរដ្ឋទាន់ពេលវេលានូវទឹកប្រាក់ជាង ៦លានដុល្លារសហរដ្ឋអាមេរិក។ មានប្រជាពលរដ្ឋជាច្រើន និងអ្នកលេងបណ្ដាញសង្គមផងដែរ បានប្រកាសរៃអង្គាសប្រាក់ដើម្បីជួយបង់ពន្ធឲ្យស្ថាប័នកាសែតវ័យចំណាស់មួយនេះដើម្បីឲ្យគេចផុតពីការបិទ។ ប៉ុន្ដែស្ថាប័នកាសែត ខេមបូឌា ដេលី នៅតែបង្ហាញជំហររបស់ខ្លួនថា រាជរដ្ឋាភិបាលកំពុងតែគំរាមបិទស្ថាប័នមួយនេះ ដោយប្រើប្រាស់វិក្ក័យបត្រពន្ធមួយដែលមិនត្រឹមត្រូវតាមបញ្ជីត្រួតពិនិត្យរបស់ស្ថាប័នខ្លួនឡើយខណៈស្ថាប័នសារព័ត៌មានមួយនេះ ក៏មិនព្រមទទួលប្រាក់ដែលបានពីការរៃអង្គាសណាមួយ ដើម្បីដោះស្រាយបញ្ហាទាក់ទិនទៅនឹងវិវាទពន្ធនេះដូចគ្នាដែរ។
លោកស្រិ ធីតា ឃឹះ នាយិកាអង្គការសីលការដែលធ្វើការងារលើកស្ទូយសិទ្ធិស្ដ្រី បង្ហាញចំណាច់អារម្មណ៍ថា ក្នុងករណីនេះបើកាសែត ខេមបូឌា ដេលី ត្រូវបិទមែន ជាការពិតបុគ្គលិកទាំងអស់នឹងត្រូវអត់ការងារធ្វើ ហើយបើបុគ្គលិកនោះមានកូន ប្រពន្ធ ស្វាមី ឬក៏ឪពុក ម្ដាយ ក្នុងបន្ទុកទៀត វានឹងរឹតតែធ្វើឲ្យពួកគេលំបាកទ្វេដង ខណៈបាត់បង់ការងារដែលមិននឹកស្មានដល់ដូចនេះ។ លោកស្រី ធីតា ឃឹះ ៖«ខ្ញុំគិតថា បាត់ការងារធ្វើសម្រាប់មនុស្សប៉ុណ្ណឹងនាក់គឺជារឿងធ្ងន់ធ្ងរហើយ ហើយរឹតតែធ្ងន់ធ្ងរទៀតបើគិតទាំងគ្រួសារ ប្រពន្ធ កូន ចៅទៀតវាគុណ នឹង២ គុណនឹង៣ ទៀត »។
នាយិកាអង្គការសីលកាបន្ថែមទៀតថា ការបាត់បង់ការងារក្នុងពេលដ៏ខ្លីដូចនេះ ប្រសិនបើពួកគេកំពុងមានជីវភាពមិនល្អប្រសើរទៀតនោះ វាច្បាស់ណាស់នឹងបង្កឲ្យអ្នកទាំងនោះប្រឈមនឹងបញ្ហារងសម្ពាធផ្លូវចិត្ដ។ លោកស្រី ធីតា ឃឹះ យល់ថា ពិតជាមិនខុសទេចំពោះការអនុវត្ដច្បាប់ ក៏ប៉ុន្ដែរាល់ការអនុវត្ដច្បាប់គួរណាតែធ្វើឲ្យបានសមស្របទៅតាមច្បាប់ដែលមានចែង។ លោកស្រី ធីតា ឃឹះ៖«ខ្ញុំយល់ថា ការធ្វើតាមផ្លូវច្បាប់អញ្ចឹងផ្លូវច្បាប់តម្រូវយ៉ាងម៉េចយើងគួរតែធ្វើអញ្ចឹង ហើយចំពោះការចាត់វិធានការគួរណាតែមានការធ្វើវិសោធនកម្មត្រឹមត្រូវ ដល់យើងចេញជាលិខិតអញ្ចឹងដូចជាមិនត្រឹមត្រូវតាមផ្លូវច្បាប់ទេ»។
ទាក់ទិននឹងប្រាក់ពន្ធដែលរាជរដ្ឋាភិបាលអះអាងថា កាសែត ខេមបូឌា ដេលី ពិតជាមិនបានបង់ពន្ធជួនរដ្ឋនោះ ក្រៅតែពីអគ្គនាយករដ្ឋានពន្ធដារ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សូម្បីមន្ដ្រីតែសម្ដេច ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ប្រតិកម្មលើកាសែតវ័យចំណាស់មួយនេះដែរ ដោយលោកប្រើសម្ដីធ្ងន់ៗ ហៅកាសែត ខេមបូឌា ដេលី ថា “មេចោរ” ហើយបើបញ្ជាឲ្យបង់ពន្ធ បើមិនដូច្នេះទេ “វេចបង្វិចចាកចេញទៅ”។ តែយ៉ាងណាក្រៅពីកាសែត ខេមបូឌា ដេលី ដែលប្រឈមការបិទ និងរឹបអូសទ្រព្យសម្បត្ដិនាពេលនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ក៏ត្រូវបានបញ្ជាឱ្យបិទការិយាល័យផងដែរក្រោយការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដោយទុកពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី២៣ ខែសីហា៕