en     km
en     km

ស្ដ្រីកម្មករអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែត អះអាងថាពួកគេមិនទាន់ទទួលជំនួយពីអាជ្ញាធរឡើយ

Share

អ្នកស្រី ផៃ សម័យ និងស្វាមី។ WMC/Kimchanchav

ក្រោយពីមន្ត្រីគយមិនអនុញ្ញាតឱ្យកម្មករអូសរទេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដឹកជញ្ជូនទំនិញនាំចូលពីប្រទេសថៃអស់រយៈពេលជាងមួយខែមក ស្ដ្រីដែលជាកម្មករទាំងនោះ អះអាងថាពួកគេមិនទាន់ទទួលបានជំនួយអ្វីពីអាជ្ញាធរនៅឡើយទេ។ ក៏ប៉ុន្តែអាជ្ញាធរថា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការងារជាច្រើន ក្រៅពីរបរអូសរទេះនេះ ហើយកម្មករដែលជួបជីវភាពខ្វះខាត គឺអាចទៅរៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

អ្នកស្រី ផៃ សម័យ ជាកម្មករអូសរទេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ថា មកដល់ពេលនេះ អ្នកស្រីមិនទាន់ទទួលអំណោយអ្វីពីអាជ្ញាធរនៅឡើយទេ ហើយក៏មិនឃើញមានអាជ្ញាធរណាមួយចុះមកស្រាវជ្រាវរកកម្មករអូសរទេះដែរ។ អ្នកស្រីបន្តថា កុំថាឡើយការចុះផ្ដល់អំណោយ សូម្បីតែនៅពេលអ្នកស្រីអត់មានអាហារហូបចុកប្រចាំថ្ងៃ បានទៅស្នើសុំជំនួយពីអាជ្ញាធរមូលដ្ឋាន ក៏មិនទាន់ឃើញជំនួយទាំងនោះមកដល់ដៃអ្នកស្រីនៅឡើយទេ។

អ្នកស្រី ផៃ សម័យ ៖ «គ្មានពីណាចុះមក បើយើងទៅស្នើសុំគេក៏មិនបានដែរ សូម្បីតែដូចខ្ញុំបាននិយាយអញ្ចឹង សូម្បីតែអំណោយដែលគេចែកអំណោយវត្តដែលគេចែកឱ្យប្រជាជននៅក្នុងភូមិហ្នឹង បើថាបក្សពួកគាត់សូម្បីតែកូនក្នុងអង្រឹងក៏បានដែរ តែបើថាមិនមែនបក្សពួករបស់គាត់ទេ គេមិនឱ្យទេ គេមិនឱ្យយើងហូបទេ អំណោយដប់ដងអីបានតែមួយដងហ្នឹង»។

ចំណែកស្ដ្រីដែលជាកម្មករអូសរទេះម្នាក់ទៀត គឺអ្នកស្រី ណែត ស្រីម៉ា បានប្រាប់ដែរថា មកដល់ពេលនេះ គ្រួសារអ្នកស្រី ក៏មិនទាន់ឃើញមានអាជ្ញាធរណាមួយចុះមកផ្ដល់ជំនួយអ្វីនោះដែរ ខណៈសព្វថ្ងៃនេះ អ្នកស្រី និងស្វាមី បន្តរបរដើររើសអេតចាយនៅពេលយប់ ដែលចំណូលទទួលបាន គឺផ្គត់ផ្គង់បានតែអាហារពេលព្រឹក ខ្វះអាហារពេលល្ងាចជាដើម។

អ្នកស្រី ណែត ស្រីម៉ា។ WMC/Kimchanchav

អ្នកស្រី ណែត ស្រីម៉ា ៖ «អត់ផងចែ អត់ដែលមានអ្នកណាចុះជួយនោះទេ អត់ទេអត់ដែរមានទេ និយាយរួមគឺអត់មានទាំងអស់ ហើយប៉ុន្មានថ្ងៃហ្នឹងរកអត់បានទេចែ ហើយអស់អង្ករអស់អីហូបទៀត»។

អ្នកស្រីបន្ថែមទៀតថា បើសិនមិននាំគ្នាងាកទៅប្រកបរបរដើររើសអេតចាយទេ ក្រុមគ្រួសាររបស់អ្នកស្រី សូម្បីតែអាហារមួយពេលក៏គ្មានសម្រាប់បរិភោគដែរ ក្រោយពីគយមិនអនុញ្ញាតឱ្យកម្មករ ប្រកបរបរអូសរទេះ​ដឹក​ជញ្ជូនទំនិញពីថៃមក។

ជុំវិញរឿងនេះ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់វិទ្យុស្ដ្រីថា មកដល់ពេលនេះ លោកមិនទាន់ជ្រាបព័ត៌មានថាមានកម្មករណាខ្វះខាតអាហារហូបចុកប្រចាំថ្ងៃ ក្រោយពីមន្ត្រីគយមិនអនុញ្ញាតឱ្យកម្មករទាំងនោះអូសទំនិញនាំចូលពីប្រទេសថៃនោះទេ ប៉ុន្តែប្រសិនជាកម្មករទាំងនោះជួបជីវភាពខ្វះខាត ពួកគាត់គួរតែទៅស្វែងរកចំណូលនៃការរៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនឥតគិតថ្លៃកន្លងមកនេះ។ ដោយឡែកអំណោយមនុស្សធម៌ លោកថា ប្រសិនជាចែកជូនកម្មករក៏មិនអាចផ្ដល់ជូនកម្មករអូសរទេះបានទាំងអស់គ្នាដែរ គឺអាជ្ញាធររៀបចំផ្ដល់ជូនកម្មករណាដែលងាយរងគ្រោះជាងគេប៉ុណ្ណោះ ហើយអំណោយទាំងនោះដែរ ក៏បានជួយកម្មករត្រឹមតែរយៈពេលខ្លីទេ មិនបានជួយផ្គត់ផ្គង់រហូតឡើយ។

លោក ញឹម ផឿង ៖ «យើងផ្សព្វផ្សាយមិនមែននេះតើផ្សព្វផ្សាយលើបណ្ដាញសង្គម បណ្ដាញអីតែរហូតហ្នឹង ភ្ជាប់តេលេក្រាមអីយើងផ្សព្វផ្សាយតែរហូតតើរៀបចំអីមិនមែនតែអាជ្ញាធរទេ តាមរយៈអង្គការក៏គេផ្សព្វផ្សាយដែរ​។ ទាក់ទងចៅសង្កាត់ ទាក់ទងអីតាមរយៈភូមិអីមក ដោយសារខ្ញុំគិតថាយើងចិញ្ចឹមគាត់អញ្ចឹមមិនអាចបានរហូតទេ បានត្រឹមតែដោះទាល់មួយគ្រាអញ្ចឹងឯង»។

ក្រៅពីនេះលោកជឿថា កម្មករអូសរទេះទាំងនោះ គឺសុទ្ធតែទទួលជ្រាប ព័ត៌មានពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការផ្សព្វផ្សាយពីឱកាសការងារផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែតនេះ ហើយប្រសិនក្នុងករណីកម្មករទាំងនោះមិនទទួលជ្រាបពីការផ្សព្វផ្សាយព័ត៌មានទាំងនោះ និងកំពុងស្ថិតក្នុងស្ថានភាពជីវភាពខ្វះខាតខ្លាំង គឺពួកគាត់អាចទាក់ទងមកអាជ្ញាធរភូមិ សង្កាត់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរចុះមកពិនិត្យ និងអន្តរាគមន៍ជួយកម្មករទាំងនោះ។

កម្មករអូសរទេះ កំពុងអូសទំនិញឱ្យអាជីវករ។ WMC/kimchanchav

លោក ញឹម ផឿង «នៅប៉ោយប៉ែតឯនេះអូនមិនចេះខ្វះការងារនោះទេ ខ្លាចតែគាត់មិនចង់ធ្វើ ការងារសំណង់ ការងាររោងចក្រអីគេរកតែមនុស្សធ្វើមិនបានផងហ្នឹង សំខាន់បំផុតឱ្យតែគាត់ធ្វើ ការងារច្រើនណាស់នៅប៉ោយប៉ែតនេះ»។

ដោយសារតែមិនទាន់ទទួលបានជំនួយពីអាជ្ញាធរ ខណៈដែលរបរអូសរទេះ ត្រូវបានអាជ្ញាធរមិនអនុញ្ញាត ហើយការងាកទៅប្រកបរបរដើររើសអេតចាយ គឺមិនអាចទទួលបានចំណូលគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អាហារប្រចាំថ្ងៃបានឡើយ អ្នកស្រី ផៃ សម័យ ក៏សម្រេចចិត្តទៅសុំស្បៀងអាហារពីវត្តអារាម ដែលព្រះសង្ឃបាន​ឱ្យអង្ករ និងទឹកត្រី អាចផ្គត់ផ្គង់បានរយៈពេលកន្លះខែ។

អ្នកស្រី ផៃ សម័យ ៖ «ចេះតែនិយាយទៅចុះចែកចុះចែកនោះ វាគ្មានអំណោយណាមកចែកឱ្យទេ សូម្បីតែអំណោយកាស៊ីណូគេឱ្យក្រដាសឱ្យអីសុទ្ធតែបក្សពួកគ្នាគេធ្វើការនៅហ្នឹងអីនៅហ្នឹង បានបានក្រដាសអីហ្នឹងក្រដាសចែកអំណោយ។ តែបើយើងអត់សោះអត់បានទេ ទោះបីអំណោយអ្នកធ្វើការក៏ដោយ អំណោយរបស់ជំទាវណាក៏ដោយ បើថាគេចុះមកចែកអំណោយរបស់ជំទាវអី ទាល់តែជំនិតជិតស្និទ្ធបងប្អូនជិតខាងអីណោះបានបាន»។

ទោះបីជាមិនទទួលបានជំនួយទាំងនោះក្ដី ប៉ុន្តែស្ដ្រីដែលជាកម្មករអូសរទេះរូបនេះ សំណូមពរឱ្យអាជ្ញាធរពិចារណាលើរបរអូសរទេះនេះ អាចឱ្យកម្មករអូសទំនិញឡើងវិញ ឬក៏អាចផ្ដល់ឱកាសការងារណាជូនគ្រួសារអ្នកស្រីដែលប្រើកម្លាំងពលកម្មទទួលបានចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ចំពោះបញ្ហារបស់កម្មករអូសរទេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ធ្លាប់បានលើកឡើងនូវដំណោះស្រាយមួយចំនួន ដែលស្នើឱ្យអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីគយ បង្កើតជាយន្តការអ្វីសម្រាប់ឱ្យកម្មករអាចប្រកបរបរនេះ ឬក៏អាចរៀបចំផ្ដល់នូវឱកាសការងារផ្សេងដើម្បីជួយដល់កម្មករអូសរទេះទាំងនោះអាចឱ្យពួកគាត់ចិញ្ចឹមជីវិតបាន។

លោក វន់ ពៅ រូបភាពពីហ្វេសប៊ុករបស់លោក។

លោក វន់ ពៅ ៖ «ជាដំណោះស្រាយ ខ្ញុំគិតថាអាជ្ញាធរច្រកទ្វារព្រំដែន គួរតែបើកឱកាសឱ្យគាត់ប្រកបមុខរបរចិញ្ចឹមជីវិតអូសរទេះនេះបន្តទៅទៀត ហើយពិនិត្យមើលដែរថា តើទំនិញណាដែលស្របច្បាប់ ទំនិញណាមិនស្របច្បាប់។ ហើយគួរតែផ្សព្វផ្សាយទូលំទូលាយប្រាប់គាត់ឱ្យច្បាស់ថាទំនិញណាស្របច្បាប់មាន១​២​៣៤៥អញ្ចឹងមក ហើយទំនិញណាមិនស្របច្បាប់មានស្អីៗ១២៣៤៥ អញ្ចឹងដែរមក ប្រាប់ពលរដ្ឋឱ្យច្បាស់ទៅ ខ្ញុំគិតថាពលរដ្ឋ គាត់នឹងមិនដឹកទំនិញខុសច្បាប់នោះទេ»។

លោកបញ្ជាក់បន្ថែមថា អាជីវកម្មអូសរទេះនេះ ជាមុខរបរមួយដែលមិនសូវធូរធានោះទេ ប៉ុន្តែគ្រាន់តែជាមុខរបរមួយដែលអាចរកចំណូលបានតិចតួច សម្រាប់ជួយរំដោះជីវភាពរស់នៅបានមួយគ្រាៗរបស់កម្មករទាំងនោះ ដែលពឹងផ្អែកលើអាជីវកម្មមួយនេះប៉ុណ្ណោះ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង