ស្រ្តីជនជាតិដើមភាគតិចពូន្នងម្នាក់លើកឡើងពីភាពចន្លោះប្រហោងនៃការទទួលបានព័ត៌មាននៅក្នុងសហគមន៍ដែលអាចឈានដល់ការបាត់បង់សំឡេងនិងអត្តសញ្ញាណរបស់ខ្លួន ខណៈក្រសួងបរិស្ថានឆ្លើយតបថានឹងដាក់ចំណាត់ជំរុញការផ្សព្វផ្សាយបន្តបន្ទាប់។
(កញ្ញា កែវ សុជាតា រាយការណ៍)
នៅក្នុងវេទិកាជជែកអំពីសិទ្ធិទទួលបានព័ត៌មាននិងការចូលរួមរបស់បងប្អូនប្រជាសហគមន៍ លោកស្រី ខុន សុភី ជាជនជាតិដើមភាគតិចពូន្នងនិងជាអ្នកតំណាងសហគមន៍នៅខេត្តក្រចេះ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មានពិស្តារពីខាងអាជ្ញាធរមូលដ្ឋាន។ នៅក្នុងនោះ លោកស្រីបញ្ជាក់ថា ការទទួលបានព័ត៌មាននៅក្នុងសហគមន៍របស់លោកស្រីនៅមានកម្រិត មិនទាន់បានគ្រប់ជ្រុងជ្រោយ និងមិនទាន់បានពេញលេញនៅឡើយ។ តែយ៉ាងណាហាក់ប្រសើរជាងពេលកន្លងទៅ ដោយលោកស្រីអះអាងថា កាលពីពេលមុនប្រជាពលរដ្ឋត្រូវទៅសួរនាំពីអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានដំណឹងនានា ខណៈពេលបច្ចុប្បន្នការផ្សព្វផ្សាយមានភាពទូលំទូលាយ។
លោកស្រី ខុន សុភី មកពីសហគមន៍ព្រៃឈើត្រៀបស្ថិតនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្តបុរី ខេត្តក្រចេះ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីបន្ថែមថា ការទទួលដំណឹងឥឡូវនេះគឺប្រព្រឹត្តទៅបានតាមរយៈការប្រកាសឬជូនដំណឹងតាមបណ្តាញសង្គមដូចជាហ្វេសប៊ុកជាដើម និងមានការចូលរួមផ្សព្វផ្សាយពីសំណាក់អាជ្ញាធរនៅតាមភូមិសហគមន៍នីមួយៗ ដើម្បីបញ្ជូនព័ត៌មានបន្តទៅកាន់ប្រជាពលរដ្ឋដែលមិនទាន់បានដឹងនៅក្នុងសហគមន៍មូលដ្ឋាន។ សម្រាប់ស្រ្តីជនជាតិដើមភាគតិចពូន្នងរូបនេះយល់ថា ការទទួលបានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយគឺជាភាពចាំបាច់មួយក្នុងនាមជាប្រជាសហគមន៍ជនជាតិដើមភាគតិច ពិសេសធ្វើយ៉ាងណាឱ្យសម្លេងរបស់ប្រជាសហគមន៍ត្រូវបានដឹងឮទៅដល់អាជ្ញាធរ។
លោកស្រី ខុន សុភី៖ «សម្រាប់បងជាជនជាតិដើមភាគតិច មានសារៈប្រយោជន៍ខ្លាំងណាស់ អត់ព័ត៌មានហ្នឹងអត់បានជាពិសេសការការពារអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ដោយសារការរស់នៅសព្វថ្ងៃពឹងទៅលើធនធានធម្មជាតិ ព្រៃសហគមន៍។ អ៊ីចឹងអត់ព័ត៌មានហ្នឹង វាធ្វើឱ្យបាត់បង់អត្តសញ្ញាណ បាត់បង់ការចូលរួម បាត់បង់ការបញ្ចេញមតិ។ បាត់បង់ការចូលរួមហ្នឹង គឺវាប៉ះពាល់ច្រើនដោយសារតែអត់មានការចូលរួម ហើយព័ត៌មានហ្នឹងអត់ច្បាស់លាស់ទៀត អ៊ីចឹងវាធ្វើឱ្យការអភិវឌ្ឍសហគមន៍ហ្នឹងអត់មានទេ។»។
លោកស្រី ខុន សុភី
ជាមួយគ្នានេះ លោកស្រី សុភី ស្នើទៅកាន់រាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងឱ្យការផ្សព្វផ្សាយបានទូលំទូលាយ និងមានភាពពេញលេញដើម្បីឱ្យជនជាតិដើមភាគតិចនៅក្នុងសហគមន៍បានចូលរួមនិងបញ្ចេញសម្លេងក្នុងរូបភាពណាមួយ។ ជាងនេះ លោកស្រីថា ការផ្សព្វផ្សាយទៅដល់ថ្នាក់ភូមិជាកត្តាសំខាន់មួយផងដែរ ដោយសារតែនៅក្នុងភូមិមានប្រជាពលរដ្ឋមួយចំនួនតូចចេះប្រើប្រាស់ទាំងភាសាខ្មែរនិងភាសាជនជាតិដើមភាគតិច ដូច្នេះពួកគេមានលទ្ធភាពក្នុងការបកប្រែនិងចែករំលែកដំណឹងបន្តទៅកាន់ប្រជាពលរដ្ឋឯទៀតដែលពុំយល់នូវភាសាខ្មែរ។
លោកស្រី ខុន សុភី៖ «ឱ្យគិតគូរទៅលើសហគមន៍ជនជាតិដើមភាគតិច ទាំងការចូលរួម ទាំងការផ្សព្វផ្សាយព័ត៌មាន និងការបកចំហរព័ត៌មានឱ្យបានទូលំទូលាយជាងមុន។»។
ជុំវិញករណីនេះ លោក សូត យា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ទទួលស្គាល់ថា ការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅមានកម្រិតនៅឡើយ ដូចដែលស្រ្តីជនជាតិដើមភាគតិចពូន្នងបានលើកឡើង តែលោកបញ្ជាក់ថា ក្រសួងនឹងបន្តជំរុញការផ្សព្វផ្សាយបន្ថែមទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងការចុះទៅដោយផ្ទាល់ពីសំណាក់មន្រ្តីជំនាញ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ទៅកាន់ពលរដ្ឋ។ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានរូបនេះបន្ថែមទៀតថា ចំពោះក្រមបរិស្ថាននិងធនធានធម្មជាតិក៏ជាកិច្ចការងារដែលក្រសួងនឹងជំរុញបន្ថែមទៅដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឱ្យបានជ្រាបពីកិច្ចខិតខំប្រឹងប្រែង និងខ្លឹមសារសំខាន់ៗនៃច្បាប់ទាំងនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ។
លោក សូត យា៖ «យើងបានផ្សព្វផ្សាយ ក៏ប៉ុន្តែការផ្សព្វផ្សាយរបស់យើង វាក៏មិនទាន់បានស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋនោះដែរ។ អ្នកខ្លះ យើងនិយាយសាមញ្ញទោះបីយើងនៅខាងច្បាប់មែន ប៉ុន្តែជួនកាលយើងអត់បានមើលច្បាប់ហ្នឹងផង។ ដល់ច្បាប់គេអត់និយាយអ៊ីចឹងទេ គេនិយាយថាច្បាប់មានហើយ អ្នកឯងដឹងឬមិនដឹងជារឿងរបស់អ្នកឯង ប៉ុន្តែច្បាប់គេចេញហើយ។ រឿងនេះទៅជាអ៊ិចឹង រឿងនេះសូមបញ្ជាក់ប៉ុណ្ណឹង។ អ៊ីចឹងការងារនេះ យើងត្រូវតែពង្រឹងបន្ថែមដើម្បីផ្សព្វផ្សាយ(ទៅដល់)ប្រជាពលរដ្ឋ ផ្សព្វផ្សាយដល់ចៅក្រមព្រះរាជអាជ្ញា ដែលជាមន្រ្តីតុលាការដើម្បីធ្វើរឿងនេះ។»។
លោក សូត យា
សូមជម្រាបថា វេទិកាជជែកអំពីសិទ្ធិទទួលបានព័ត៌មាននិងការចូលរួមរបស់ប្រជាសហគមន៍ប្រព្រឹត្តទៅកាលពីថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់លោក សូត យា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន, លោក ឡាំ សុជាតិ នាយកប្រតិបត្តិ អង្គការ API, ក្រុមការងារសិទ្ធិទទួល ព័ត៌មាន និងតំណាងសហគមន៍នានា។ នៅក្នុងនោះ វេទិកានេះបានបង្ហាញពីស្ថានភាពការទទួលបានព័ត៌មាននិងការចូលរួមពីសហគមន៌, ការចែករំលែកអំពីក្រមបរិស្ថាននិងធនធានធម្មជាតិដែលផ្ដោតលើការបើកចំហព័ត៌មាន និងការចូលរួមជាសាធារណៈរបស់ប្រជាពលរដ្ឋ៕