ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញនឹងដាក់ឲ្រប្រើប្រាស់ភ្លើងស្តុបថ្មីបណ្តោះអាសន្នប្រមាណ ១០០ ទីតាំង នៅរាជធានីភ្នំពេញ នៅចុងខែ មករា ឆ្នាំ ២០១៧ នេះ។
លោក ប៉ា សុជាតិវង្ស៖«នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រជុំបច្ចេកទេសលើកទី ៣២ នៃគម្រោងតម្លើងភ្លើងស្តុបចំនួន ១០០ទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងពេលរង់ចាំបព្ចាប់ការភ្ជាប់បណ្តាញភ្លើងស្តុបទាំងអស់ជាប្រព័ន្ឋមកបន្ទប់បញ្ជាត្រួតពិនិត្យរួម ភ្លើងស្តុបថ្មីនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ននៅចុងខែមករាឆ្នាំ២០១៧នេះ»។
នាពេលកន្លងមកសាលារាជធានីភ្នំពេញ បានកែប្រែរង្វង់មូលចំនួន ៣ កន្លែង រួមមាន រង្វង់មូលទួលគោក រង្វង់មូលចោមចៅ និងរង្វង់មូលកាំកូស៊ីធី ដោយតម្លើងភ្លើងស្តុបជំនួសមកវិញ ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
លើសពីនេះ សាលាក្រុងបានដាក់ចេញផែនការ ៤ ចំណុច សំខាន់ៗដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ រួមមាន ទី១ ការដំឡើងភ្លើងស្តុបថ្មីប្រមាណ ១០០ ទីតាំងបន្ថែមទៀតនៅក្នុងទីក្រុង។ ទី២ ដាក់កម្លាំងនៅតាមគោលដៅកកស្ទះ។ ទី៣ កំណត់ពេលវេលា និងយន្តការផ្តល់សេវាសាធារណៈ និងទី៤ ការជួសជុល និងថែទាំផ្លូវថ្នល់ជាដើម។
បើតាមអ្នកជំនាញ់ជប៉ុនថា បញ្ហាកកស្ទះចរាចរណ៍បាននាំឱ្យកម្ពុជាខាត់បង់ថវិការជាង ៦ លានដុល្លារអាមេរិក ដោយមិនទាន់គិតអំពីការខាតបង់ពេលវេលា និងគ្រោះថ្នាក់ចរាចរណ៍នៅឡើយ៕