ភ្នំពេញ៖ លោក ម៉ម រិទ្ធី មេសហជីពវិស័យទេសចរណ៍ ត្រូវសាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចតម្កល់បទចោទ និងបន្តឃុំខ្លួនក្នុងពន្ធនាគារព្រៃសដដែល ក្រោយពីចៅក្រមសាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះនាព្រឹកនេះ។ យ៉ាងណាអ្នកឃ្លាំមើលករណីនេះ ចាត់ទុកការសម្រេចនេះ ជារឿងអយុត្តិធម៌ និងមិនសមហេតុផល ដ្បិតសកម្មភាពរបស់មេសហជីពរូបនេះជាសកម្មភាពដើម្បីការពារសិទ្ធិកម្មករតែប៉ុណ្ណោះ។ កញ្ញា កែវ សុជាតា រាយការណ៍
មុនសវនាការជំនុំជម្រះនេះ កាលពីចុងឆ្នាំ២០២៤ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក ទុកជាបានការដដែល។ គិតមកពេលនេះ លោកបានអនុវត្តទោសក្នុងពន្ធនាគារអស់រយៈពេល ១ឆ្នាំ ខណៈសាលក្រមផ្តន្ទាទោសមេសហជីពរូបនេះជាប់ពន្ធនាគារ ១ឆ្នាំកន្លះ។
លោក ម៉ម រិទ្ធី ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ ដោយសម្រេចផ្ដន្ទាដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។ បទចោទនេះ គឺពាក់ព័ន្ធនឹងការប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អំពីវិវាទការងាររវាងកម្មករ និងក្រុមហ៊ុន ជីនប៉ីគ្រុប (JIN BEI Group) នៅខេត្តព្រះសីហនុ ដែលលោក ម៉ម រិទ្ធី បានបង្ហោះសារទាក់ទងនឹងភាពអយុត្តិធម៌ផ្សេងៗជាទស្សនៈរបស់លោកជុំវិញវិវាទការងារនេះ។
នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះទាំងសំណុំរឿងលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក នី ណាក់ អ្នកអធិប្បាយបញ្ហាសង្គម និងលោក ជិន ប៊ុណ្ណារ័ត្ន ប្រធានក្រុមការងារគណបក្សកម្លាំងជាតិប្រចាំខេត្តកំពត។ ពួកគេទាំងនោះរងបទចោទផ្សេងគ្នា ខ្លះជាមេសហជីព សកម្មជនសង្គម និងសកម្មជននយោបាយ ត្រូវមន្ត្រីពន្ធនាគារ ដឹកមកសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការជំនុំជម្រះ។
ក្នុងចំណោមពួកគេទាំង ៣នាក់ លោក ម៉ម រិទ្ធី ត្រូវចៅក្រមបើកសវនាការជំនុំជម្រះចុងក្រោយគេ។ ជាលទ្ធផល ពួកគេទាំង ៣នាក់ ត្រូវសាលាឧទ្ធរណ៍រាជភ្នំពេញសម្រចបន្តឃុំខ្លួនដដែល។
លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) ដែលចូលរួមស្ដាប់សវនាការនេះ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅមុខសាលាឧទ្ធរណ៍ថា ក្នុងសវនាការជំនុំជម្រះនេះ សាលាឧទ្ធរណ៍ សម្រេចតម្កល់បទចោទ និងបន្តឃុំខ្លួនលោក ម៉ម រិទ្ធី ឱ្យនៅដដែល។ មុនសម្រេចតម្កល់នេះ លោកថា ក្នុងសវនាការ លោក ម៉ម រិទ្ធី បានលើកឡើងអង្គហេតុច្បាស់លាស់ទៅកាន់ចៅក្រម និងឆ្លើយបដិសេធចំពោះបទចោទដែលតុលាការចោទប្រកាន់។
លោក អាត់ ធន់៖ «ចំពោះខ្ញុំ ខ្ញុំគិតថារឿងក្ដីហ្នឹងវាមិនសមហេតុសមផល តែគាត់គិតថារឿងក្ដីហ្នឹងមិនយុត្តិធម៌ដោយសារអី ដោយសារគាត់ធ្វើការងារសហជីព តាមអង្គហេតុដែលគាត់ពន្យល់ គាត់អត់មានខុសទេ តែតាមអ្វីដែលតុលាការរកឃើញចោទប្រកាន់ គាត់មានទោសអ៊ីចឹងទៅ»។
លោក អាត់ ធន់ លើកឡើងថា លោក ម៉ម រិទ្ធី ទទួលរងភាពអយុត្តិធម៌ ដោយសារតែការកាត់ក្ដីកំបាំងមុខរបស់សាលាដំបូងកន្លងមក ហើយករណីនេះ មិនសមផ្តន្ទាទោសលោក ម៉ម រិទ្ធី ឡើយ ព្រោះជាការបញ្ចេញមតិដើម្បីការពារសិទ្ធិកម្មករក្នុងនាមជាសហជីពតែប៉ុណ្ណោះ។
លោក អាត់ ធន់៖ «ក្នុងនាមខ្ញុំជាតំណាងសហជីពមួយរូបដែរ ខ្ញុំស្នើឱ្យចៅក្រម ព្រះរាជអាជ្ញា ត្រូវពិនិត្យមើលសំណុំរឿងហ្នឹងឡើងវិញ ជាពិសេសនីតិវិធីក្នុងការកាត់ក្ដីហ្នឹង ព្រោះតាមរិទ្ធីគាត់បញ្ជាក់តាំងពីសាលាដំបូង រយៈពេល ២ឆ្នាំហ្នឹងអត់ដែលកោះហៅគាត់ទេ ស្រាប់តែមកដល់ភ្នំពេញនេះគាត់មានទោសតែម្ដងត្រូវចាប់គាត់ខ្លួន អាហ្នឹងមានភាពមិនប្រក្រតីអី។ ទីពីរក្នុងនាមសហជីព តាមច្បាប់ការងារ សហជីពជាផ្នែកមួយដ៏សំខាន់ជាអ្នកការពារសិទ្ធិកម្មករ អ៊ីចឹងរឿងកន្លែងការងារប្រសិនជារឿងព្រហ្មទណ្ឌយកមកកាត់ក្ដី វាធ្វើឱ្យបាត់អាសិទ្ធិមូលដ្ឋានរបស់សហជីព ដែលប៉ះពាល់កម្មករលែងចង់ធ្វើការតវ៉ា»។
កន្លងមកអង្គការសិទ្ធិមនុស្ស និងក្រុមគ្រួសារលោក ម៉ម រិទ្ធី ចាត់ទុកការឃុំខ្លួនមេសហជីពរូបនេះ ជារឿងអយុត្តិធម៌ ហើយពួកគេតែងតែទទូចស្នើឱ្យតុលាការដោះលែងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពឡើងវិញ។
លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា តាមការឃ្លាំមើលកន្លងមក អ្វីដែលលោក ម៉ម រិទ្ធី បាននិយាយនៅលើបណ្ដាញសង្គម មិនមែនជាអំពើល្មើសច្បាប់ឡើយ តែជាការអនុវត្តសិទ្ធិបញ្ចេញមតិឈឺឆ្អាលចំពោះកម្មករដែលជាស្ដ្រី ត្រូវថៅកែរំលោភ ដោយយកទៅឃុំខ្លួនក្នុងបន្ទប់តែមួយជាមួយមនុស្សប្រុស ៣០នាក់។ ម្យ៉ាងវិញទៀតអ្វីដែលលោក រិទ្ធី ឈឺឆ្អាលលើស្ដ្រីរូបនេះ គឺដើម្បីចង់បានភាពយុត្តធម៌ ដូច្នេះលោកថា តុលាការមិនគួរចោទប្រកាន់ និងឃុំខ្លួនមេសហជីពរូបនេះក្នុងពន្ធនាការឡើយ។
សូមរំលឹកជូនថា សមត្ថកិច្ចបឹងទំពុន ចាប់ខ្លួនលោក ម៉ម រិទ្ធីនៅស្នាក់ការលោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រៅពីមេសហជីពរូបនេះ ក៏នៅមានមេសហជីពផ្សេងទៀតត្រូវចាប់ខ្លួន និងឃុំខ្លួន ព្រោះសកម្មភាពតវ៉ាជូនកម្មករ ក្នុងនោះមាន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ លោក ជា ចាន់ ប្រធានសហជីពរោងចក្រវីងស្តារស៊ូ និងលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង។ ក្នុងចំណោមពួកគេមានអ្នកខ្លះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងអ្នកខ្លះទៀតមានសេរីភាពឡើងវិញ ក្រោយអនុវត្តទោសចប់៕
អត្ថបទដោយ ជា សុខនី