ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ សម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យពន្ធនាគារចំនួន ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ពីបទ«ញុះញង់ និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈិម»។ យ៉ាងណាការសម្រេចផ្តន្ទាទោសនេះ អង្គការសិទ្ធិមនុស្ស ចាត់ទុកជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងដល់សកម្មជនការពារសិទ្ធិមនុស្ស ហើយនិងសកម្មជនការពារសិទ្ធិដីធ្លីផ្សេងទៀត។
(កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍)
មុនសម្រេចការផ្តន្ទាទោសនេះ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានតុលាការបើកសវនាការជំនុំជម្រះកាលពីដើមខែតុលាកន្លងទៅនេះ។ ការកាត់ទោសលើប្រធានសមាគមរូបនេះ បន្ទាប់ពីលោកបានធ្វើការអត្ថាធិប្បាយអំពីជម្លោះដីធ្លីមួយដែលពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី នៅក្នុងខេត្តព្រះវិហារ ។
លោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់វិទ្យុស្ត្រីថា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះតុលាការ សម្រេចឱ្យលោក កើត សារ៉ាយ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈិម»។
លោក សួស វិទ្យារ៉ាន់ឌី៖ «គាត់ផ្ដន្ទាទោសដាក់កំណត់ ៤ឆ្នាំ ពិន័យ ២លានរៀល។ ខ្ញុំសូមផ្ដល់ព័ត៌មានត្រឹមតែការសម្រេចរបស់ចៅក្រមប៉ុណ្ណឹងទេណា ហើយគាត់ផ្ដន្ទទោសប៉ុណ្ណឹង ហើយនិងពិន័យអី និងពីបទអីតែប៉ុណ្ណឹងទេ»។
រំលឹកបន្តិចថា លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅមុខការិយាល័យរបស់សមាគមលោក កាលពីខែមេសា ឆ្នាំ២០២៤ ក្រោយពេលដែលលោកបាននិយាយទៅកាន់សារព័ត៌មាន អំពីជម្លោះដីធ្លីមួយនៅក្នុងខេត្តព្រះវិហារ ដែលនៅពេលនោះអាជ្ញាធរបានដុតបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» យោងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកក៏ជាប់ចោទពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» យោងតាមមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌផងដែរ។
ជុំវិញការផ្តន្ទាទោសរបស់សាលាដំបូងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ សម្តែងការសោកស្ដាយ និងខកចិត្តចំពោះការផ្ដន្ទាទោសមកលើលោក កើត សារ៉ាយ ខណៈសកម្មភាពរបស់លោក កើត សារ៉ាយ កន្លងមក ជាសកម្មភាពមនុស្សធម៌ សកម្មភាពការពារសិទ្ធិមនុស្ស ការពារប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី និងជួយប្រឹក្សាស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលរងគ្រោះ។
លោក អំ សំអាត៖ «ការផ្ដន្ទទោសហ្នឹងវាហាក់ដូចជាសកម្មភាពគំរាមកំហែងទៅលើលោក កើត សារ៉ាយ ក៏ដូចជាសកម្មជនសិទ្ធិមនុស្សផ្សេងទៀតដែលសកម្មនៅក្នុងការងារសង្គម ការងារការពារសិទ្ធិមនុស្ស។ អ៊ីចឹងវាជារឿងមួយមានការសោកស្ដាយ ហើយអ្វីដែលសំខាន់យើងមើលលើការជជែកដេញដោលនៅក្នុងអង្គសវនការ ក៏ដូចជាភស្ដុតាងដែលបានចាក់វីដេអូជាដើមនោះ វាមិនមែនភស្ដុតាងណាគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីពិរុទ្ធភាពនៃការប្រព្រឹត្តរបស់លោក កើត សារ៉ាយទេ ផ្ទុយទៅវិញជាសកម្មភាពការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ និងស្វែងរកដំណោះស្រាយ»។
លោកបន្ថែមថា ទោះបីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កើត សារ៉ាយហើយក្ដី ប៉ុន្តែអង្គការសិទ្ធិមនុស្ស នៅមានក្ដីសង្ឃឹមថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងផ្ដល់យុត្តិធម៌ជូនប្រធានសមាគមរូបនេះ នៅពេលលោក កើត សារ៉ាយបានប្ដឹងជំទាស់នឹងការសម្រេចផ្តន្ទាទោសរបស់សាលាដំបូង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ លោក កើត សារ៉ាយ រួមជាមួយសកម្មជនសង្គម ៨នាក់ផ្សេងទៀត ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់» ដោយសារអ្នកទាំងនោះធ្វើការតវ៉ាដោយអហិង្សា ជំទាស់នឹងការចាប់ខ្លួនមេដឹកនាំសហជីព លោក រ៉ុង ឈុន។ នៅក្នុងករណីនេះ លោក សារ៉ាយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៤ខែ និងពិន័យជាប្រាក់ចំនួន ៥០០ដុល្លារ ហើយព្យួរទោសសាកល្បងចំនួន ២ឆ្នាំ៕