តៃវ៉ាន់៖ ប្រធានាធិបតីទើបជាប់ឆ្នោតនៃដែនដីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានស្បថចូលកាន់តំណែងហើយនៅថ្ងៃនេះ ដោយពិធីសច្ចាប្រណិធានរបស់លោកស្រីផ្ដោតលើទំនាក់ទំនងទ្វេភាគីជាមួយ ប្រទេសចិន ។

បណ្ដាញផ្សាយព័ត៌មានBBC បានឱ្យដឹងថា ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកស្រី Tsai Ing-wen នៅថ្ងៃសុក្រទី ២០ ឧសភានេះ លោកស្រីបាននិយាយយោងទៅលើទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសចិន ដោយផ្ដោតសំខាន់ទៅលើសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ។ ប៉ុន្តែក្នុងពិធីនេះ សាររបស់លោកស្រីបានទទូចឱ្យទីក្រុងប៉េកាំង គោរពអធិបតេយ្យភាព និងប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ ។
តាមBBC មន្ត្រីការទូត និង ឥស្សរជនសំខាន់ៗ ជិត ៧០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ លោកស្រី Tsai Ing-wen អាយុ៥៩ ឆ្នាំគឺជាប្រធានាធិបតី ស្ត្រីដំបូងគេនៃដែនដីកោះតៃវ៉ាន់ ចាប់តាំងពីដីកោះនេះ ផ្ដាច់ខ្លួនពីការគ្រប់របស់ចិននៅឆ្នាំ ១៩៤៩ ដោយសារសង្គ្រាមស៊ីវិល ។ លោកស្រី ជាមេដឹកនាំ ឈ្នះឆ្នោតមកពីគណបក្សប្រឆាំង ដែលមាននិន្នាការទៅរកសហរដ្ឋអាមេរិក និងជាអ្នកនិយមឯករាជ្យពីប្រទេសចិន ។
មុនចូលកាន់តំណែង ទីក្រុងប៉េកាំងបានព្រមានលោកស្រី កុំឱ្យផ្ញើសារនិយាយពីការប្រកាស ឯករាជ្យ ។ ក្រុងប៉េកាំង បានហៅក្រុងតៃប៉ិថា ជាខេត្តមួយ របស់ខ្លួន ហើយបានទាមទារឱ្យប្រទេសទាំងឡាយដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ ត្រូវទទួល ស្គាល់គោលនយោបាយចិនតែមួយ ៕