en     km
en     km

សាច់ញាតិក្រុមយុវជនជាប់ឃុំខ្លួនទាក់ទិនគម្រោង CLV ស្នើរដ្ឋាភិបាលដោះលែងពួកគេ

Share

បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃទី៥ ខែធ្នូនេះ ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់ក្រុម​យុវជន ដែលជាប់ឃុំខ្លួនពីបទ«រួមគំនិតក្បត់»ពាក់ព័ន្ធនឹងគម្រោង CLVរួចមក សាច់ញាតិក្រុមយុវជនទាំងនោះ ស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ដោះលែងកូនពួកគេឱ្យមានសេរីភាពឡើងវិញ ដើម្បីបន្តការងារជួយដល់សង្គម និងបន្តការសិក្សា។

(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)

 

 

ក្រុមយុវជនទាំងនោះរួមមាន កញ្ញា​ ​រៀម​ ​ស្រី​ពេជ្រ​រតនា​​ លោក ធី ថន ដែល​អ្នក​ទាំងពីរ​មាន​អាយុ​ ​២​៣​ឆ្នាំ​ និងមានតួនាទីជាអនុប្រធានសមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ (KS​I​L​A​)។រីឯ​​កញ្ញា​ ​សើន​ ​ស្រី​មៃ ​អាយុ​ ​២​១​ឆ្នាំ ជាសមាជិកសមាគម លោក ឈាង​ ​ឬ​ទ្ធី និងកញ្ញា សាក់ កន្និការ ដែលអ្នកទាំងពីរជាបុគ្គលិកអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ​(​Y​R​D​P)។

ពួកគេត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយរងបទចោទ«រួមគំនិតក្បត់»ក្នុងអំឡុង​ពេលដែលរដ្ឋាភិបាល ត្រៀមកម្លាំង​ចាប់ខ្លួន​ពលរដ្ឋ​ ដែល​​ចូលរួម​បញ្ចេញមតិ​ ​ឬ​លើកឡើង​ពី​ផែនការ​ប្រមូលផ្តុំ​គ្នា​ ទាក់ទង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​ (C​L​V​-​D​T​A​)។

លោក មឿន ធី អាយុ ៤៨ឆ្នាំ ជាឳពុករបស់លោក ធី ថន បានធ្វើដំណើរមកពីខេត្តកណ្ដាល ដើម្បីរង់ចាំស្ដាប់លទ្ធផលនៃសវនាការ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្នរបស់កូនលោក តែដោយសារសវនាការនេះធ្វើជាអសាធារណៈ លោកបានត្រឹមឈរនៅខាងក្រៅរបងសាលាឧទ្ធរណ៍រាជធានីភ្នំពេញប៉ុណ្ណោះ។

ក្នុងទឹកមុខក្រៀមក្រំ លោក ធី រៀបរាប់ពីអត្តចរិតកូនលោកថា លោក ធី ថន មានអត្តចរិតស្លូតបូត និងខិតខំរៀនសូត្រ មិ​នដែលប្រព្រឹត្តអំពើអ្វីដែលធ្វើឱ្យគ្រួសារពិបាកចិត្តឡើយ។ លោកបន្តថា ក្នុងគ្រួសារមានជីវភាពខ្វះខាត ព្រោះកូនៗទាំងអស់សុទ្ធតែនៅរៀន ដូចលោក ធី ថន បានឡើងមករៀនបន្តនៅរាជធានីភ្នំពេញនេះ គឺអាស្រ័យទៅលើការធ្វើស្រែចម្ការ។ យ៉ាងណាលោកអះអាងថា លោក ធី ថន មិនបានប្រព្រឹត្តអំពើល្មើសច្បាប់អ្វី រហូតដល់រងការចោទប្រកាន់ពីទោសក្បត់ជាតិទេ ព្រោះកូនលោកគ្រាន់តែជាអ្នកសិក្សារៀនសូត្រគ្មានតួនាទីអ្វីជាអ្នកប្រឆាំងរាជរដ្ឋាភិបាលឡើយ។

លោកក មឿន ធី ឪពុកលោក ធី ថន។ WMC/Cheasokny

លោក មឿន ធី៖ «ពីរឿងគេចោទពាក់ព័ន្ធនឹងក្បត់ជាតិនេះ ខ្ញុំអត់ទទួលស្គាល់ទេ ព្រោះអីកូនខ្ញុំគ្រាន់តែជានិស្សិតបញ្ញវន្ត វាអត់មានអត់ឋានៈជាតួនាទីស័ក្ដិមួយស័ក្ដិពីរ ឬក៏ផ្កាយមួយផ្កាយពីរអី គឺអត់មានទេ អាចទម្លាក់ពាក្យថាចោទថាក្បត់ជាតិនេះអត់មាន។ បើខ្ញុំនៅស្រែតាមស្ដាប់មើលទៅ លឺសូរតែគេអ្នកចេះៗគេនិយាយពាក់ព័ន្ធនឹងទោសក្បត់ជាតិ លុះត្រាតែកូនខ្ញុំហ្នឹងមានបុណ្យស័ក្ដិ ឬទៅលុបបឹងបួអីហ្នឹង ឬក៏ប្រគល់ភ្នំមួយណាប្រគល់ទៅឧកញ៉ាណាផ្ដាច់មុខអីមានតែឈ្មោះកូនខ្ញុំវាក្រៅក្រមខ័ណ្ឌរដ្ឋខ្ញុំអាចទទួលស្គាល់អាហ្នឹងថាជាទោសក្បត់ជាតិហើយ»។

គិតមកដល់ពេលនេះ បើសិនជាលោក ធី ថន មិនជាប់ឃុំ លោកថា កូនខ្លួននឹងបានបន្តការសិក្សារៀនជិតចប់ហើយ ប៉ុន្តែក្រោយពីមានការឃុំខ្លួនជិត ៤ខែមកនេះ លោក ថន ត្រូវរស់នៅក្នុងពន្ធនាគារព្រៃស ដែលឆ្ងាយពីផ្ទះ ជាពិសេសបាត់បង់ការសិក្សា។ ជាងនេះរៀងរាល់មួយខែម្ដងៗ លោកត្រូវមកសួរសុខលោក ធី ថន ដោយត្រូវចំណាយលើម្ហូបអាហារ ថ្លៃធ្វើដំណើរ និងថ្លៃចំណាយសម្រាប់ចាយវាយក្នុងពន្ធនាគារ។ លោកបញ្ជាក់ថា​ ការចំណាយទាំងនេះ គឺមានចំនួនច្រើន បើប្រៀបធៀបទៅនឹងលោក ថន កាលនៅរៀន។

លោក មឿន ធី៖ «សំណើសុំដល់តុលាការដែលអ្នកគ្រប់គ្រងច្បាប់ ហើយព្រមទាំងរាជរដ្ឋាភិបាលហ្នឹងសូមជួយដោះស្រាយឱ្យកូនខ្ញុំរួច ដោះលែងឱ្យមានសេរីភាពដូចដើមមក ដើម្បីឱ្យគាត់មានសេរីភាពគ្រាន់បានទៅរៀនទៅសូត្រអីបន្តអ៊‌ីចឹងទៅបងអត់មានអីច្រើនទេខ្ញុំ»។

ចំណែកឳពុកម្ដាយកញ្ញា រៀម ស្រីព្រេជរតនា គឺលោក ជិន សារូ អាយុ ៤៦ឆ្នាំ ធ្វើដំណើរពីខេត្តកំពង់ធំ មកចូលរួមលើកទឹកចិត្តកញ្ញា រតនា ដែលសាលាឧទ្ធរណ៍បើកសវនាការសំណើសុំនៅក្រៅឃុំ។ ឈរនៅខាងក្រៅរបងទ្វារសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក សារូ រៀបរាប់ដែរថា កូនរបស់លោកនៅវ័យក្មេងណាស់ ពួកគេស្ថិតក្នុងវ័យសិក្សារៀនសូត្រ មិនមែនវ័យត្រូវជាប់ឃុំខ្លួនក្នុងពន្ធនាគារឡើយ។

លោក ជិន សារូ ឪពុកកញ្ញា រៀម ស្រីព្រេជរតនា។WMC/Cheasokny

លោកបន្តទៀតថា កញ្ញា រតនា មិនដែលធ្វើឱ្យឪពុកម្តាយពិបាកចិត្តនោះឡើយ និងប្រឹងប្រែងមករៀននៅភ្នំពេញ ដើម្បីចាប់យកជំនាញផ្នែកច្បាប់សម្រាប់ប្រើការជួយដល់សង្គមជាតិ ប៉ុន្តែជាអកុសល កូនៗបែរជារងការចោទប្រកាន់ថាមានទោសក្បត់ជាតិទៅវិញ។

លោក ជិន សារូ៖ «និយាយទៅវាខ្ញុំមិនអាចទទួលយកបានដែរគេចោទធ្ងន់ កូនខ្ញុំតាំងពីដើម វារៀនថ្នាក់ទី៨ ទី៩ ពីតូចៗហ្នឹង គាត់ថាគាត់រៀនចង់ជួយសង្គម ខ្ញុំគិតសង្គមហ្នឹងធ្វើម៉េចកុំឱ្យតែប៉ះពាល់រាជរដ្ឋាភិបាល គាត់ថាអាហ្នឹងអត់ទេប៉ា អាហ្នឹងគឺជួយជនដែលក្រីក្រ និងខ្វះខាតណាប៉ា។ ខ្ញុំថាធ្វើម៉េចធ្វើទៅធ្វើម៉េចដើម្បីជួយសង្គមយើង វាយើងអត់មានលុយអត់មែន តែយើងបានជួយសង្គម»។

ក្រៅពីក្រុមយុវជនត្រូវជាប់ឃុំខ្លួនពាក់ព័ន្ធគម្រោង CLV​ ក្នុងនោះក៏មានសកម្មជននយោបាយ សកម្មជនសង្គម និងពលរដ្ឋមួយចំនួនផងដែរ។ យ៉ាងណាក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ ក៏មានអ្នកខ្លះត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញដែរ តាមរយៈការចេញលិខិតសុំទោស និងទទួលស្គាល់កំហុសលើសកម្មភាពរបស់ខ្លួន។

ងាកមកលោកស្រី ចាន់ រ៉ាមី នាយិកាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដែលជាថ្នាក់ដឹកនាំបុគ្គលិក ២នាក់ ដែលឃុំខ្លួនដោយរងបទចោទនេះដែរ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៦ ខែធ្នូនេះថា លោក ឈាង ឫទ្ធី និងកញ្ញា សាក់ កន្និការ ជាបុគ្គលិកដែលបំពេញការងារខ្លួនបានល្អ គោរពស្រលាញ់មិត្តរួមការងារ ជាពិសេសពួកគេទាំងពីរ មានភាពសកម្មក្នុងការឈឺឆ្អាលចំពោះបញ្ហាសង្គមជាតិ។

លោកស្រី ចាន់ រ៉ាមី៖ «អ៊‍‌ីចឹងនៅក្នុងស្ថានភាពឥលូវ ក្នុងនាមជាយើងជាថ្នាក់ដឹកនាំគ្រាន់តែយើងអាចសម្របសម្រួល​ ហើយនិងធ្វើការជាមួយក្រុមគ្រួសារគាំទ្រអស់ពីលទ្ធភាពសម្របសម្រួលឱ្យមានមេធាវីអ៊‌ីចឹងទៅ ហើយមេធាវីធ្វើការជាមួយក្រុមគ្រួសារ​អ៊‌ីចឹងណាអាហ្នឹងបើយើងខំប្រឹងប្រែងកន្លងមក ប៉ុន្តែរឿងជាប់ចោទនេះ ដោយសារយើងអត់មានព័ត៌មានពីសំណុំរឿងនេះដូច្នេះខ្ញុំមិនអាចឆ្លើយបានពាក់ព័ន្ធរឿងហ្នឹង គ្រាន់តែថាកន្លងមកគាត់ជាមនុស្សដែលដឹងរឿងច្រើនគាត់ក្លាហានក្នុងការនិយាយពីការយល់ឃើញរបស់គាត់ទៅលើកិច្ចការងារសង្គម ទៅលើបញ្ហារបស់យុវជន បញ្ហារបស់សង្គមអ៊‌ីចឹងណា»។

ទោះបីជាបែរនេះក្តីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ការសម្រេចដកខ្លួនពីគម្រោង CLV នេះ គឺមិនមានជាប់ទាក់ទងនឹងចំណាត់ការផ្លូវច្បាប់របស់តុលាការឡើយ ដូច្នេះអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់ គឺត្រូវតែទទួលទោសតាមចំណាត់ការផ្លូវច្បាប់គឺជារឿងធម្មតា។ មួយវិញទៀតលោកថា ការមានទោស ឬគ្មានទោស នោះជាការសម្រេចរបស់តុលាការ ពីព្រោះកម្ពុជាមានការបែងចែកអំណាចកាន់កាប់ច្បាស់លាស់ ហេតុដូច្នេះទាំងរាជរដ្ឋាភិបាល ឬស្ថាប័ននានា គ្មានសិទ្ធិលូកដៃឡើយ។

រូបភាពពីហ្វេសប៊ុករបស់លោក ប៉ែន បូណា។

លោក ប៉ែន បូណា៖ «ខ្ញុំសូមបញ្ជាក់ជូនឱ្យច្បាស់សម្រាប់អ្នកសារព័ត៌មាន អ្នកដែលរងចំណាត់ការផ្លូវច្បាប់កន្លងមកនេះ មិនមែនជាការរិះគន់ទេបាទ គឺគាត់បំពានច្បាប់របស់កម្ពុជា ដើរហួសបន្ទាត់ក្រហមនៃច្បាប់កំណត់។ គាត់ត្រូវទទួលទោសតាមច្បាប់ជាធរមានបាទ!»។

គួររំលឹកជូនបន្តិចថា កាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV ដើម្បីកុំឱ្យក្រុមជ្រុលនិយម ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេស។

ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ និយាយថា ក្រោយពីសាលាដំបូង បានចោទប្រកាន់ពួកគេពីបទ «រួមគំនិតក្បត់» តាមមាត្រា៤​៥​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ហើយ​អាច​នឹង​ប្រឈម​មុខ​ទោស​ពន្ធ​នាគា​រ​រហូតដល់​ ​១​០​​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​។ ដូច្នេះនៅថ្ងៃសវនាការស្នើសុំនៅក្រៅឃុំរបស់ពួកគេ លោកថាបែរត្រូវបានសាលាឧទ្ធរណ៍បដិសេធ​សំណើនេះទៅវិញ ខណៈក្រុមយុវជនរងបទចោទទាំងនោះ សុទ្ធតែជាធនធានសំខាន់ដែលសង្គមត្រូវការ។

លោក អំ សំអាត៖ «គ្រាន់តែយល់ឃើញថាអ្នកដែលជាប់ពាក់ព័ន្ធបញ្ហា CLV​ នេះ ក៏គួរតែត្រូវបានដោះលែងឱ្យមានសេរីភាពដែរ ពីព្រោះCLV ត្រូវបានរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងទៅហើយ។ អ៊‌ីចឹងយើងមានការសោកស្ដាយនៅពេលដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធមិនឱ្យអ្នកទាំង៥នាក់ហ្នឹងនៅក្រៅឃុំបណ្ដោះអាសន្ន បើយើងមើលទៅលើធនធានមនុស្ស ទៅលើបញ្ហាអ្នកទាំង៥នាក់ហ្នឹងកន្លងមក គឺបានចូលរួមសកម្មទៅលើកិច្ចការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ ហើយជាពិសេសចូលរួមសកម្មក្នុងការងារសង្គម»។​

លោកបន្ថែមថា ក្នុងនាមជាអង្គការសង្គមស៊ីវិល សូមស្នើឱ្យតុលាការពិចារណា ជាពិសេសទៅយុវជន សិស្ស-និស្សិត ដែលជាប់ឃុំខ្លួនដោយសារគម្រោងនេះ ដោះលែងឱ្យពួកគេមានសេរីភាពឡើងវិញ និងទម្លាក់ចោលបទចោទទាំងនោះ ដើម្បីឱ្យពួកគេបន្តការងារជួយដល់សង្គម និងបន្តការសិក្សា។

អំ សំអាត នាយកអង្គការលីកាដូ។

លោក ជិន សារូ លើកឡើងថា ក្នុងរយៈពេលជិត ៤ខែ ជាប់ឃុំនេះ សុខភាពកូនលោក មានស្ថានភាពមិនល្អទេ គឺកញ្ញា រតនា មានជំងឺក្រពេះ និងពោះរៀន ប្រចាំកាយ ដូច្នេះការរស់នៅទីនោះ ធ្វើឱ្យកញ្ញាមានរាងកាយស្គមជាងមុន។ មួយវិញទៀត លោកថា កញ្ញា រតនា នៅជាវ័យរៀនសូត្រនៅឡើយ ហើយអនាគតជាធនធានមនុស្សដែលប្រទេសជាតិត្រូវការ ហេតុនេះលោកសូមស្នើដោះលែងកូនខ្លួនឱ្យមានសេរីភាពឡើងវិញ។

លោក ជិន សារូ៖ «លើកម្រាមដៃ១០ស្នើឱ្យរដ្ឋាភិបាលដែលគាត់ចោទខ្ញុំដែលរឿងញុះញង់ពីរឿង CLV ឥលូវលឺថា CLV ហ្នឹង រាជរដ្ឋាភិបាលលុបគម្រោងហ្នឹង។ អ៊‌ីចឹងខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលឱ្យជួយដោះលែងឱ្យកូនខ្ញុំនៅក្រៅឃុំហ្នឹងឱ្យគាត់មានសេរីភាពហើយ ឱ្យគាត់សិក្សារៀនសូត្រឡើងវិញផងបាទខ្ញុំសូមអរគុណទុកជាមុនចំពោះរដ្ឋាភិបាល»។

យោងតាមរបាយការណ៍អង្គការលីកាដូ បានកត់ត្រាចាប់ពីពាក់កណ្ដាលខែកក្កដាកន្លងមកនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ក្នុងនោះអង្គការលីកាដូ រកឃើញថា យ៉ាងហោចណាស់មនុស្សច្រើនជាង ៣០នាក់ទៀត ជាប់ឃុំនៅក្នុងពន្ធនាគារទាក់ទងនឹងបទចោទជុំវិញព្រឹត្តិការណ៍គម្រោង CLV៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង