សហភាពអឺរ៉ុប សម្រេចបញ្ជូនក្រុមការងារ បេសកកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា នៅរដូវកាលបោះឆ្នោតជ្រើសរើសឃុំសង្កាត់ ឆ្នាំ២០១៧ ខាងមុខនេះដើម្បីជម្រុញឲ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ឲ្យមានតម្លាភាព និងឯករាជ្យភាព។ នេះបើតាមការអោយដឹងពីអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ទទួលបន្ទុក ឃ្លាំមើលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា លោក Silvio GonZato ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពី” បេសកម្មតាមដានបន្ដលើការបោះឆ្នោតរបស់សហភាពអ៊ឹរ៉ុប មកកាន់ប្រទេសកម្ពុជា” នៅព្រឹកថ្ងៃទី ២២ ខែឧសភានេះ។

ដើម្បីជម្រុញការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឲ្យមានតម្លាភាព និងឯករាជ្យភាពនោះ លោក Silvio GonZato នាយកទទួលបន្ទុក ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា « ខ្ញុំបានសម្រេចដឹកនាំក្រុមការងារបេសកកម្ម របស់សហភាពអ៊ឺរ៉ុបមកកាន់ប្រទេស កម្ពុជា ដើម្បីតាមដានពីការកែទម្រង់បោះឆ្នោតនៅកម្ពុជាលើចំនុចមួយចំនួនដែលសហភាពអ៊ឺរ៉ុបធ្លាប់បានលើកឡើងកន្លងមក ជាមួយនឹងអ្នកពាក់ព័ន្ធជាតិ ព្រមទាំងអន្ដរជាតិជាច្រើន ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តំណាងរដ្ឋាភិបាល គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋា ភិបាលជាដើម»។
លោក Silvio GonZato មានប្រសាសន៍បន្ថែមទៀតថា អ្វីដែលជាចំនុចកត់សម្គាល់របស់សហភាពអ៊ឹរ៉ុបរួមមាន ការបង្កើតរចនាសម្ព័ន្ធបោះឆ្នោតឯករាជ្យនៅថ្នាក់ខេត្ត និងថ្នាក់ឃុំ និងការអនុម័តលើបទបញ្ជានិងនីតិវិធីថ្មីៗ។ ក្តីបារម្ភមួយចំនួនគឺទាក់ទងនឹងមាត្រាផ្សេងៗនៅក្នុងច្បាប់ថ្មីស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកសភាឲ្យមានតម្លាភាព ក្នុងការផ្ដល់ហិរញ្ញប្បទានដល់យុទ្ធនាការបោះឆ្នោត ដែលមានគណបក្សនយោបាយ និងតួនាទីរបស់សង្គមស៊ីវិលនៅក្នុង ដំណើរការបោះឆ្នោតជាដើម។ គួរម្លឺកផងដែរថា សហភាពអ៊ឺរ៉ុប បានផ្ដល់នូវការគាំទ្រដ៏ច្រើនដល់ដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការ បោះឆ្នោតសភាជាតិលើកទី២នៅក្នុងឆ្នាំ១៩៩៨មកម្លេះ។ ការគាំទ្រនេះរួមមានជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការសង្កេតការណ៍លើការបោះឆ្នោតជាអន្ដរជាតិដើម្បីជម្រុញអោយមានការរៀបចំការបោះឆ្នោតដែលមានយុតិធម៌ និងប្រកបដោយតម្លាភាពនៅក្នុងប្រទេសកម្ពុជាស្របតាមគោលការណ៍ អន្ដរជាតិ ដូចជាកតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ (ICCPR) និងអនុសញ្ញាស្ដីពី ការលុបបំបាត់ការរើសអើងប្រឆាំងស្រ្ដីភេទ (CEDAW) ដែលប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នរួចហើយ។ហើយសម្រាប់ ការបោះឆ្នោតសភា ឆ្នាំ២០០៨ សហភាពអ៊ឹរ៉ុបបាន ពង្រាយបេសកកម្មសង្កេតការណ៍ បោះឆ្នោតពេញលេញ។
សូមបញ្ជាក់ថា សហភាពអ៊ឺរ៉ុបបានសម្រេចបញ្ជូនក្រុមការងារបេសកកម្មតាមដានបន្ដលើការបោះឆ្នោតមក កាន់ប្រទេសកម្ពុជា ដើម្បីវាយតម្លៃលើដំណើរការ កំណែទម្រង់ការបោះឆ្នោត និងកម្រិតនៃការឆ្លើយតបចំពោះក្ដីបារម្ភ និងអនុសាសន៍ ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលលើកឡើងដោយសហភាពអឺរ៉ុបកន្លងមក ។ លទ្ធផលរកឃើញថា ក្រុមការងារ បេសកម្មនេះនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់ការសម្រេចចិត្តសម្រាប់ការអនុវត្តកម្មវិធីគាំទ្រ របស់សហភាពអ៊ឺរ៉ុបនា ពេលអនាគតនៅក្នុងប្រទេសកម្ពុជាផងដែរ៕