ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សើ ស្វែងរកអន្តរាគមន៍ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យចាត់ការលោក ស្រី ចំរើន និង កញ្ញាធី សុវណ្ណថា ដែលអះអាងថាខ្លួនជាតំណាងសហជីព។
ការរកអន្តរាគមន៍នេះដើម្បីឱ្យក្រសួងការងារចាត់វិធានការតាមផ្លូវច្បាប់ ទៅលើយុវជន២រូប ព្រមទាំងបក្សពួក ដែលបានធ្វើប្រតិបត្តិការងារមួយចំនួនដោយអះអាងថា ខ្លួនជាតំណាងសហជីព។
តែបែបេះក្ដី កញ្ញា ធី សុវណ្ណថា បានទាមទារឱ្យសហជីពនេះពិនិត្យ លើពាក្យបណ្ដឹងរបស់ខ្លួនឡើងវិញ ដោយអះអាងថា ខ្លួនមិនមែនជាតំណាងសហជីពនោះទេ គឺគ្រាន់តែជាអ្នកគាំទ្រ ប៉ុណ្ណោះ។ លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
បន្ទាប់ពីមានសកម្មភាពមួយចំនួនរបស់លោក ស្រី ចំរើន និងកញ្ញា ធី សុណ្ណថា ដែលគេចោទថាបានតាំងខ្លួនថាជាតំណាងសហជីព នៅថ្ងៃទី២៧កក្កដា ប្រធានសហជីពសេរីកម្មនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សើ ប្រតិកម្មទៅនឹងការអះអាងដូចនេះ។
ករណីនេះ សហជីពបានដាក់លិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យជួយអន្តរាគមន៍ និងចាត់វិធានការទៅតាមផ្លូវច្បាប់។ នេះបើយោងតាមលិខិតមួយរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ២៧ខែកក្កដា ម្សិលមិញនេះ។
ប្រធានសហជីពនេះ គឺ អ្នកស្រី ទូច សើ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ទង្វើរបស់លោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា គឺបានរំលោភបំពានទៅលើផ្លូវច្បាប់ ដោយសារតែអ្នកទាំងពីរមិនមែនជាមន្ត្រី សហជីពនោះទេ។ ប៉ុន្តែបែរជាអះអាងខ្លួនឯងថាជាតំណាងសហជីពទៅវិញ ហើយការអះអាងដូចនេះក៏ធ្វើឱ្យប៉ះពាល់ទៅដល់ មន្ត្រីសហជីពផ្សេងទៀតដែលច្បាប់គេទទួល ស្គាល់។
អ្នកស្រី ទូច សើ ស្នើឱ្យរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតត្រូវពិនិត្យច្បាប់ទ្បើងវិញដើម្បីពង្រឹងច្បាប់នៅក្នុងប្រទេសកម្ពុជា ឱ្យមានភាពល្អប្រសើរទ្បើង។
អ្នកស្រី ទូច សើ៖«បើតាមខ្ញុំសំទ្បឹងមើលទៅគឺគាត់ប៉ះពាល់ទៅលើសហជីពគេដទៃ ព្រោះអីសហជីពគេមានច្បាប់ចេញមកពីក្រសួង ចេញមកពីកន្លែងដែលធ្វើការគេបង្កើតក្រុមការងារហើយបើដូចជាយើង យើងស្រាប់តែនឹកឃើញបង្កើត យើងចាប់ផ្តើមធ្វើជាសហជីពអញ្ចឹងក៏វាមើលទៅក្នុងច្បាប់បើខ្ញុំសំទ្បឹងទៅមើលឃើញក្នុងច្បាប់ខុសច្រើន…»។
អ្នកស្រី ទូច សើ គូសបញ្ជាក់ថាចាប់តាំងពីដាក់លិខិតទៅក្រសួងការងារតាំងពីថ្ងៃទី ២៧កក្កដា ម្សិលមិញរហូតមកដល់ថ្ងៃនេះ សហជីពសេរីកម្មករនៃព្រះរាជាកម្ពុជាមិនទាន់ទទួលបានការឆ្លើយតបពីក្រសួងការងារនៅទ្បើយទេ។
ជុំវិញបញ្ហានេះដែរវិទ្យុស្ត្រីបានព្យាយាម សុំការឆ្លើយតបពីក្រសួងការងារ តាមទូរស័ព្ទ ប៉ុន្តែពុំមានអ្នកទទួល។
យោងតាមលិខិតចុះថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០១៦ របស់លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ព្រមទាំងអ្នកផ្ដិតមេដៃ មួយចំនួនបានចេញសេចក្តីព្រមានគណបក្សសង្គ្រោះជាតិមួយដោយបានអះអាងថាជាតំណាងសហជីព។ នៅក្នុងសេចក្តីព្រមាននោះដែរពួកគេមានគម្រោងធ្វើបាតុកម្ម រំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុបបិទការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា តាមសំណើររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
ឆ្លើយតបនឹងការលើកទ្បើងរបស់សហជីពខាងលើនេះដែរ កញ្ញា ធី សុវណ្ណថា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះ ដោយបដិសេធទៅនឹងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលលើកទ្បើងថា កញ្ញា និងលោក ស្រី ចំរើន តាំងខ្លួនជាតំណាងសហជីព។
កញ្ញា ធី សុវណ្ណថា បន្ថែមថា ខ្លួនមិនបានតាំងខ្លួនឯងជាតំណាងសហជីពនោះទេ គឺគ្រាន់តែកញ្ញាជាអ្នកគាំទ្រតែប៉ុណ្ណោះ ជាពិសេសកញ្ញាថាការផ្តិតមេដៃ នៅលើលិខិតនៅក្នុងសេចក្តីព្រមានគណបក្សសង្គ្រោះជាតិនោះ គ្រាន់តែកញ្ញាគាំទ្រ កម្មករនៅពេលកម្មករជួបបញ្ហាប៉ុណ្ណោះហើយក្នុងន័យនេះ សហជីពគឺជាអ្នកតាំងខ្លួនជាតំណាងសហជីព។
«ខ្ញុំគិតថាខ្ញុំអត់ទទួលស្គាល់ទេគាត់និយាយថាខ្ញុំហ្នឹង តាំងខ្លួនជាតំណាងសហជីព សួរថាតើគាត់មាន ភស្តុតាងកន្លែងណាដែលខ្ញុំសរសេរឬក៏ខ្ញុំនិយាយថា ខ្ញុំជាតំណាងសហជីពឬតំណាងកម្មករ យើងមើលទៅលើលិខិតហ្នឹងសូមមើលឱ្យជាក់សារទ្បើងវិញ ពិនិត្យអត្ថន័យខ្លឹមសារ ឱ្យបានច្បាស់លាស់រឿងក្នុងហ្នឹងគឺមាន សហជីពដែលគាត់ផ្តិតមេដៃ គាត់ស៊ីញ៉េហ្នឹងគាត់សរសេរថាគាត់ជាតំណាងជាសហជីពជាអីហ្នឹង…»។
សូមជំរាបថាកាលពីថ្ងៃទី ២០កក្កដាថ្មីៗនេះ លោក ស្រី ចំរើន ព្រមទាំងបក្សពួកដែលអះអាងថាខ្លួនជាតំណាងសហជីពនោះ បានដាក់លិខិតទៅរដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំជួបជុំគ្នាដាក់ញត្តិជូនរដ្ឋសភាប្រឆាំង នឹងការស្នើសុំរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឲ្យសហភាពអឺរ៉ុបបិទការនាំចេញសំលៀកបំពាក់ ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។
បន្ទាប់ពីពួកគេដាក់លិខិតនោះហើយ នៅថ្ងៃទី ២២ខែកក្កដា អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្ញើជូនលោក ស្រី ចំរើន ដោយសរសេរថាជា តំណាងសហជីពកម្មករ កម្មការរីនីចំនួន ១០០នាក់ ដោយអនុញាតឱ្យពួកគេអាចដាក់ញ្ញត្តិជូនរដ្ឋសភាប្រឆាំងនឹងការស្នើសុំរបស់លោក សម រង្ស៊ី។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានបញ្ជាក់ជាមួយវិទ្យុបារាំង និងវិទ្យុអាស៊ីសេរីថា លោកមិនបាន ស្នើឱ្យសហភាពអឺរ៉ុប បិទការនាំចេញសម្លៀកបំពាក់ ដូចការចុះពីមុននោះ។
លោកថាវិទ្យុបារាំង បកប្រែពាក្យសម្ដីរបស់លោកខុស។ ប៉ុន្មានថ្ងៃមុននេះ វិទ្យុបារាំងបានសម្ភាសន៍លោក សម រង្ស៊ី ម្ដងទៀត ចំពោះអ្វីដែលលោកថាមានការបកប្រែខុសដែលគេស្ដាប់ថាជាការជំរះមន្ទិលនៃការនិយាយរបស់លោក សម រង្ស៊ី៕