ភ្នំពេញ៖ តំណាងសហជីពប្រមាណជាង ៣០ នាក់ បានជួបជុំគ្នានៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកមិញនេះបាន ដាក់ញត្តិឱ្យថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យទ្បើងវិញជុំវិញសេចក្តីព្រាងច្បាប់របស់សហជីពដែលពួកគេបានអះអាងថាសេចក្តីព្រាងច្បាប់នោះ នៅមានចន្លោះខ្វះខាតនៅទ្បើយ។
ដែលពួកគេថារាជរដ្ឋាភិបាលត្រូវពិនិត្យសេចក្តីព្រាងច្បាប់នោះទ្បើងវិញជៀសវាងចេញដាក់ឱ្យអនុវត្តមានភាពចម្រូងចម្រាស់គ្នា។ ទោះជាមិនបានឆ្លើយតបវិញថា នឹងយល់ព្រមតាមចំណុចណាខ្លះ ក៍យ៉ាងហោចណាស់មន្ត្រីម្នាក់មកទទួលញ្ញតិ្តអះអាងថា នឹងប្រគល់ញ្ញត្តិនេះ ទៅថ្នាក់ដឹកនាំគណៈរដ្ឋមន្ត្រី។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ ៖
ក្រុមសហជីពបានលើកទ្បើងថា ប្រសិនបើពុំមានធ្វើការប្រែចំណុចមួយចំនួនទេនោះ នៅពេលដែលសេចក្តីព្រាងច្បាប់នោះចេញមកនឹងមានការរឹតត្បិតសេរីភាពរបស់ពួកគេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅខណៈលោកដឹកនាំសហជិពមកដាក់ញ្ញត្តិនៅថ្ងៃនេះថា ចំពោះសេចក្តីព្រាងច្បាប់ចុងក្រោយដែលត្រូវបានរដ្ឋសភាបន្តឱ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យទ្បើងវិញនេះគឺ ក្រុមសហជីពយល់ឃើញថាមានចំណុចមួយចំនួននោះនៅមានចំណុចខ្វះខាតនៅទ្បើយ។
«ដូចជានៅក្នុងមាត្រា ១៣ ចំណុច ៤ ហ្នឹង គឺដើម្បីចង់ធ្វើកូដកម្ម ចង់ធ្វើមហាសន្និបាតសហជីព ឬចង់ធ្វើដូចជាការកែប្រែលក្ខន្តិកៈសហជីពហ្នឹង ត្រូវមានសមាជិក ៥០% + ១ សមាជិកច្រើនដាច់ខាតដែលចូលរួមប្រជុំ ហើយសម្រេច ៥០ + ១ នៃសមាជិកសរុប…»។

លោក អាត់ ធន់ បន្ថែមទៀតថា មាននាយករដ្ឋមន្ត្រីទេ ដែលអាចមានលទ្ធភាពនៅក្នុងការកែ និងពិនត្យមើលជាថ្មីម្តងទៀត ទៅតាមសំណូមពររបស់សហជិពទើបក្រុមសហជីពសម្រេចយកញត្តិមកដាក់ដើម្បីបានដល់សម្ដេច ហ៊ុន សែន។
ជុំវិញបញ្ហានេះ ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកពាក្យបណ្តឹង លោក សេង សាវន បានចេញមកទទួលយកញត្តិរបស់ក្រុមសហជីព ។លោកបានផ្តល់បទសម្ភាសន៍ខ្លីមួយទៅអ្នកសារព័ត៌មានថា នឹងប្រគល់ញត្តិនេះទៅដល់រាជរដ្ឋាភិបាល ប៉ុន្តែលោកមិនអាចកំណត់រយៈពេលដើម្បី ដោះស្រាយករណីនេះបានទេ។
«សូមលោកប្រធានទាំងអស់សង្ឃឹមជឿជាក់ថាលិខិតនេះនឹងដល់ដៃប្រុខរាជរដ្ឋាភិបាល យើងយកលិខិតមួយទៅជូនប្រមុខរាជរដ្ឋាភិបាលមិនមែនយើងយកទៅជូនភ្លាមទេយើងត្រូវសិក្សានឹងធ្វើកំណត់បង្ហាញបើរយៈពេលមិនអាចកំណត់បានទេ»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ កន្លងមកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពដោយបានសម្រេចយកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ដែលក្រុមសហជិពមិនទាន់ឯកភាពទាំងស្រុង។
សូមជម្រាបជូនថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពមាន ១៧ ជំពូក និង ១០០ មាត្រា ដែលសហជីពមួយចំនួនបានលើកឡើងថា ច្បាប់នេះមានការរឹតត្បិតយ៉ាងខ្លាំងលើសេរីភាពបញ្ចេញមតិកម្មករ និងសហជីព៕