ភ្នំពេញ៖ បន្ទាប់ពីមានការិះគន់ថាលោក សម រង្ស៊ី អំពាវនាវឱ្យសហគមន៍អឺរ៉ុបបិទទីផ្សារនាំ សម្លៀកបំពាក់ ពីប្រទេសកម្ពុជា គឺនៅថ្ងៃទី២១ កក្ដដានេះ ប្រធានគណបក្សសង្គ្រោះជាតិ បានបកស្រាយនៅលើទំព័រហ្វេសប៊ុក ថាលោកមិនបានអំពាវនាវដូចនេះទេ។ តែលោកអះអាងថាគឺរដ្ឋាភិបាល ដែលបកប្រែខុស ហើយបោកប្រាស់ប្រជាពលរដ្ឋ កម្មករ ដើម្បីមូលបង្កាច់លោក។ តែអ្នកនាំពាក្យរដ្ឋាភិបាល ចោទមេបក្សប្រឆាំងរូបនេះថា កំពុងបំភ័ន្តមតិសហគមន៍អន្តរជាតិ ហើយមានចរឹកជាជនឧទ្ទាមប្រឆាំងរដ្ឋាភិបាល។ កញ្ញា ឆេង ណាតារាយការណ៍៖

ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស បានបកស្រាយថា វីដេអូ ដ៏ខ្លីនេះ ជាភ័ស្តុតាងដែលបង្ហាញថា លោកមិនបានអំពាវនាវឱ្យសហគមន៍អឺរ៉ុបបិទទីផ្សារនាំចូលសម្លៀកបំពាកពីកម្ពុជានោះទេ។ តែផ្ទយទៅវិញលោកថារដ្ឋាភិបាលទេ ដែលភូតកុហកប្រជាពលរដ្ឋ ជាពិសេសកម្មករ ហើយដាក់កំហុសមកលើរូបលោក។ លោក សម រង្ស៊ី បានបញ្ជាក់ដូចនេះ តាមរយៈវីដេអូដ៏ខ្លីមួយ ដែលលោកនិយាយជាភាសាបារាំងនៅក្នុងវេទិកា សភាអឺរ៉ុបកាលពីថ្ងៃទី១៣កក្កដា ថ្មីៗនេះ។
ប្រធានគណបក្សរូបនេះពន្យល់ដូចនេះ ដែលវិទ្យុស្ត្រី បានដកស្រង់ដូចនេះថា៖«ខ្ញុំបានលើកឡើងថា បើអស់លោកអ្នកតំណាងរាស្ត្រសភាអឺរ៉ុប ធ្វើឲ្យអាជ្ញាធរប្រទេសកម្ពុជាយល់ថាទីផ្សារសម្លៀកបំពាក់នេះ មិនមែនបើកចំហជានិច្ចកាល ដោយគ្មានលក្ខខណ្ឌនោះទេ ពួកគេទាំងនោះអាចចាប់ផ្តើមគិតគូរពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ដូច្នេះ ខ្ញុំមិនបានអំពាវនាវទាល់តែសោះ ឱ្យសហគមន៍អឺរ៉ុបបិទទីផ្សារ របស់គេតែម្តង។ នេះបង្ហាញថារដ្ឋាភិបាល កំពុងតែឃោសនាយ៉ាងអកុសល ដោយបកប្រែពាក្យសម្តីរបស់ខ្ញុំ ពីភាសាបារាំងមកភាសាខ្មែរ ខុសស្រឡះទាំងស្រុង»។
លោកពន្យល់ថា ក្រុមហ៊ុនកាត់ដេរ នៅប្រទេសកម្ពុជាចំណេញលុយច្រើនណាស់ ហើយមួយផ្នែក នៃប្រាក់ចំណេញនេះ ត្រូវផ្ទេរជាសំណូកសូកប៉ាន់ឱ្យទៅមេដឹកនាំពុករលួយនៅស្រុកខែ្មរ។
លោកបន្តថា អ្វីដែលលោកបានលើកឡើងនោះ ក៏មិនខុសពីអ្វីដែលសហជីពធំៗនៅប្រទេសកម្ពុជា បានលើកឡើងជាមួយក្រុមហ៊ុនអន្តរជាតិធំៗជាអ្នកបញ្ជាទិញ (Buyers) ដើម្បីទាក់ទាញអារម្មណ៍ក្រុមហ៊ុនបរទេសទាំងនោះ ឲ្យគិតគូរអំពីលក្ខខណ្ឌការងារ របស់កម្មករខ្មែរនៅប្រទេសកម្ពុជាដែលប្រឈមមុខការលំបាកគ្រប់យ៉ាង។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានពន្យល់ថាទាំងនេះគឺជា វិធីសាស្ត្រក្នុងការចរចាដើម្បីស្នើបញ្ជាទិញ ដាក់សម្ពាធទៅលើថៅកែរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា ឲ្យតម្លើងប្រាក់ខែ និងកែលម្អលក្ខខណ្ឌការងារ សម្រាប់ជួយដល់កម្មករខ្មែរ។
ដោយលែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនទទួលយកការបកស្រាយរបស់លោក សម រង្ស៊ី នោះទេ។ តែផ្ទុយទៅវិញលោក ហៅលោក សម រង្ស៊ី ថាបានដើរតួនាទី មេចលនាបំផ្លាញជាតិខ្មែរ។
លោក ផៃ ស៊ីផាន៖«សម រង្ស៊ី គឺជាឧទ្ទាមមួយ ដែលប្រើយុទ្ធសាស្ត្រមិនមែនបក្សប្រឆាំងនៅក្នុងបរិបទដែលប្រជាធិបតេយ្យនោះទេ អ្នកប្រឆាំងគឺមានយុទ្ធនាការបំពេញបន្ថែម បង្ហាញអំពីគោលនយោបាយដែលប្លែកពីគណបក្សគេ នៅក្នុងអំណាច។ ប៉ុន្តែទាំងយុទ្ធសាស្ត្ររបស់ សម រង្ស៊ី គឺជាយុទ្ធសាស្ត្ររបស់ពួកឧទ្ទាមខ្មែរក្រហមដែលគាត់ធ្លាប់ធ្វើទី១ បំផ្លាញកត្តិយស ស្ថាប័នជាតិ។ គាត់មិនដែលថាស្ថានប័នធ្វើអញ្ចេះឱ្យល្អ អត់ទេ គឺនិយាយអាក្រក់ ពាក្យគាត់ទី១ គឺពុករលួយ ទី២ផ្តាច់ការ ទី៣សង្គមអយុត្តិធម៌ ទីបួនគាត់និយាយជាខ្ញុំបរទេស ហើយ ទី៥គាត់និយាយពីលិទ្ធិប្រជាធិបតេយ្យបោកប្រាស់គេ»។
កាលពីពេលថ្មីៗនេះ ប្រធានគណបក្សប្រឆាំងរូបនេះត្រូវបានគេរិះគន់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ សហជីព និងកម្មករ បន្ទាប់មានព័ត៌មានផ្សាយជាហូរហែរថា លោកបានស្នើសហគមន៍អឺរ៉ុបឱ្យបិទទីផ្សារសម្រាប់សម្លៀកបំពាក់ ដែលនាំចេញពីប្រទេសកម្ពុជា។ ចំនុចនេះលោកបានបកស្រាយថា លោកពន្យល់ប្រាប់សភាអឺរ៉ុប គឺដើម្បីម្យ៉ាងគត់ ឱ្យមានសម្ពាធលើ មេដឹកនាំកម្ពុជា ដើម្បីកែខ្លួនឱ្យទាន់ពេលវេលា កុំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិ៕