ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃ ចន្ទនេះ ថា កម្ពុជាមិនរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា។ ការបង្ហាញជំហររបស់សម្តេច ហ៊ុន សែន ទំនងជាការឆ្លើយតបចំពោះការសែតបរទេសមួយបានធ្វើសេចក្តីរាយការណ៍ថា កម្ពុជាទំនងក្លាយជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មីមួយនៅអាស៊ីអាគ្នេយ៍ បើកម្ពុជា ក្លាយជាមូលដ្ឋានទ័ពជើងទឹកប្រទេសចិន។
លោក ធូ វិរៈ រាយការណ៍៖

លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយស្រងប្រសាសន៍សម្តេច ហ៊ុនសែន ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃ ចន្ទ ទី ១៩ វិច្ឆិកា ថាតើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួនដោយអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ។តើកម្ពុជាត្រូវការកងទ័ពបរទេស ដើម្បីច្បាំងជាមួយអ្នកណា?
សម្តេច ហ៊ុន សែន៖«ខ្ញុំមិនត្រូវការអោយបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការអោយកម្ពុជាជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធឡើយ។ យើងចង់ចងមិត្តជាមួយគ្រប់ប្រទេសលើសកលលោក ។ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ»។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេស សឹង្ហបុរី កាលពីសប្តាហ៍មុន លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភនៅចំពោះមុខរដ្ឋមន្ត្រីការបរទេស កម្ពុជាអំពីការលិចលឺព័ត៌មានថា មានមូលដ្ឋានយោធាចិននៅឆ្នេរសមុទ្រកម្ពុជាស្ថិតនៅខេត្ត កោះកុង។
មន្ត្រីការបរទេសអាមេរិករូបនេះបញ្ជាក់ថា ប្រសិនបើកំពង់ផែទឹកជ្រៅកម្ពុជាពិតជាសម្រួលដល់ចរាចរនាវាកងទ័ពរំដោះប្រជាជនចិនជារឿងពិតមែន នឹងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា។
ជាការឆ្លើយតប លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិ ការអន្តរជាតិ បានបដិសេធថា កម្ពុជាគ្មានផ្តល់កំពង់ផែទឹកជ្រៅ សម្រាប់ជាមូលដ្ឋានកងទ័ពជើងទឹកចិនទេ ព្រោះជាការរំលោភរដ្ឋធម្មនុញ្ញាកម្ពុជា។
លោករដ្ឋមន្ត្រីពន្យល់ថា នេះ ជាពាក្យចចាមអារាមកើតចេញការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំវិនិយោគរបស់ ចិនក្នុងខេត្តកោះកុងប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន៖« រដ្ឋមធ្មនុញ្ញកម្ពុជាមិនអនុ ញ្ញាតអោយមានមូលដ្ឋាន យោធាបរទេសនៅលើ ទឹកដីរបស់ខ្លួន និង មិនអនុញ្ញាតអោយមាន មូលដ្ឋាន យោធា របស់ខ្លួននៅបរទេសឡើយ។ លើកលែងតែក្នុង ក្របខ័ណ្ឌ អង្គការសហប្រជាជាតិដូចជា ការបញ្ជូនកងទ័ពយើងទៅចូលរួមបេស កម្មរក្សាសន្តិភាពរបស់ អង្គការ សហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជានឹងមិនរំលោភរដ្ឋធម្មនុញ្ញឡើយ»។
កាសែត Asia Times បានរាយការណ៍ថា កំពង់ផែទឹកជ្រៅនៅខេត្ត កោះកុង នៃប្រទេសកម្ពុជា ប្រហែលជាទីតាំងសម្រួលដល់នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ដែលកំពុងសាងសង់ដោយក្រុម ហ៊ុនចិនមួយឈ្មោះ Union Development Group(UDG)។ កាសែត Asia Times បានដកស្រងសំដីអ្នកវិភាគថា ប្រសិន បើឥទ្ធិពលមហាអំណាចខ្លាំងក្លានៅពេលមួយនោះ កម្ពុជាប្រហែលជាស្ថិតនៅចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មីមួយនៅតំបន់អាស៊ីអាគ្នេយ៍។
តែបែបនេះក្តី លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ មន្ត្រីនាំពាក្យក្រសួងការពារជាតិ បានចាត់ទុក សេចក្តីរាយការណ៍របស់កាសែត Asia Times ដែលថា ទឹកដីកម្ពុជា ជាមូលដ្ឋានយោធាសម្រាប់ចតនាវាចម្បាំង ហើយ កម្ពុជាកំពុងស្ថិតនៅចំណុចចំកណ្តលនៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិក គឺជាព័ត៌មានក្លែង ក្លាយ និងលាបពណ៌ ញុះញង់ធ្វើអោយប៉ះពាល់ដល់កេត្យានុភាពវិស័យយោធា និង អព្យាក្រឹតអចិន្ត្រៃយ៍កម្ពុជា៕