ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមិនអាចប្រើម្សៅដើម្បីបាញ់ស្រូបយកភ្លៀងដូចប្រទេសថៃ ដូចបានអនុម័តរួចហើយនោះទេ ដោយសារអាកាសធាតុនៅកម្ពុជាមិនអំណោយផល។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស កាលពីព្រឹកម៉ិញនេះ។ នាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា កម្ពុជាបើទោះបីជាស្ថិតក្នុងស្ថានភាពហួតហែងក៏ដោយ ក៏លោកមិនបានដាក់វិន័យដូចប្រទេសថៃដែលហាមការប្រើប្រាស់ទឹកខ្ជះខ្ជាយនោះទេ។
លោក បានឱ្យដឹងទៀតថា អ្វីដែលធ្វើឱ្យកម្ពុជាមិនអាចប្រើវិធីបង្កើតភ្លៀងសិប្បនិម្មិត ដោយសារដុំពពកនៅកម្ពុជាមិនសំបូរដូចប្រទេសថៃនោះទេ។ នៅពេលជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានបន្តទទូចឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តបើកយុទ្ធនាការសង្គ្រោះពលរដ្ឋនៅតំបន់ជួបគ្រោះរាំងស្ងួត ឱ្យបានសស្រាក់សស្រាំ ហើយក៏បានអំពាវនាវឱ្យសប្បុរសជនជួយផ្គត់ផ្គង់ទឹកដល់អ្នកដែលកំពុងជួយវិបត្តិនេះ។
បើតាមអ្នកឯកទេស នៅឆ្នាំ ២០១៦ នេះ រដូវប្រាំងអូសបន្លាយយូរជាងឆ្នាំទៅម៉ិញ ហើយអាចចាប់ផ្តើមរហូតដល់ខែមិថុនា៕