en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ទម្លាយ​សារ​ឆ្លង​ឆ្លើយ​ជាមួយ​លោក​ កឹ​ម​ សុខា​ បន្ថែម​ទៀត​(​មាន​សំឡេង​)

Share

​ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​ បាន​ព្រមាន​ថា​នឹង​ទម្លាយ​សារ​សន្ទនា​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត​ បើ​លោក​កឹ​សុខា​ បដិសេធ​ សំឡេង​ ដែល​និយាយ​ក្នុង​ខ្សែអាត់​នេះ​។​

លោក​ កឹម សុខា (ឆ្វេង) សម្តេច ហ៊ុន សែន(ស្តាំ)។រូបភាពពីWMC
លោក​ កឹម សុខា (ឆ្វេង) សម្តេច ហ៊ុន សែន(ស្តាំ)។រូបភាពពីWMC
​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២​កំណាត់​ទី​២​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២​ កំណាត់​ទី​១​ នៅ​ថ្ងៃ​ទី​០៦​ មិ​នា​នេះ​ សម្តេច​បាន​ប្រតិកម្ម​តប​ជាមួយ​បុគ្គល​មួយ​ចំនួន​ដែល​បាន​បដិសេធ​ខ្សែអាត់​សំឡេង​សន្ទនា​របស់​សម្តេច​ ជាមួយ​លោក​ កឹ​ម​ សុខា​ ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ សីហា​ ថា​ជា​សំឡេង​កាត់ត​មិន​ពិត​។​

​សម្ដេច​ព្រមាន​ថា​ បើ​មិន​ទទួលស្គាល់​ សំឡេង​ក្នុង​ខ្សែអាត់​នេះ​ គឺ​លោក​នឹង​បញ្ចេញ​ខ្សែអាត់​សំឡេង​តាម​Whatapp​ ហើយ​សារ​SMS​ និង​ Line​ ច្រើន​ទៀត​។​

សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​

​អ្វី​ដែល​ធ្វើ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បន្ត​កំហឹង​រឿង​នេះ​ ដោយសារ​តែ​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ដោយ​អំពាវនាវ​ឱ្យ​ពល រដ្ឋ​ និង​អ្នកគាំទ្រ​គណបក្ស​ង្គ្រោះ​ជាតិ​ កុំ​យល់​ច្រឡំ​នឹង​ ខ្សែសំឡេង​នេះ​ ព្រោះ​ជា​ការ​កាត់​ និង​ប្រឌិត​ ដែល​លោក​ សម​ រ​ង្ស៊ី​ ថា​ ជា​ការ​ញុះញង់​ ប៉ុន ប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ​។​

ខ្សែអាត់​សំឡេង​រវាង​សម្តេច​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ ដែល​បាន​និយាយ​ឆ្លង​ឆ្លើយ​ប្រមាណ​១២​នាទី​ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​សន្ទនា​គ្នា​តាំងពី​ ខែកញ្ញា​ ឆ្នាំ​២០១៦​ កន្លង​មកនេះ​ បាន​បង្ហាញ​នូវ​ការ​បង្គាប់បញ្ជា​ពី​សម្តេច​ ហ៊ុន​ សែន​ ទៅ​កាន់​លោក​ កឹ​ម​ សុខា​ ឱ្យធ្វើ​តាម​ខ្លួន​នូវ​រឿង​មួយ​ចំនួន​ដើម្បី​វាយបំបាក់​លោក​ សម​ រ​ង្ស៊ី​។​

រឿង​ដែល​សម្តេច​បាន​បង្គាប់​នោះ​ មាន​ដូច​ជា​ប្រាប់​លោក​ កឹ​ម​ សុខា​ ឱ្យ​ប្រដៅ​លោក​ សម​ រ​ង្ស៊ី​ ករណី​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​ថា​ កូន ច្បង​របស់​សម្តេច​ គឺ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​កូន​របស់​មេដឹកនាំ​វៀតណាម​ ឡេ​ ដឹក​ថូ​ ជាមួយ​ភរិយា​របស់​សម្តេច​។​

មួយទៀត​ សម្តេច​ក៏​បាន​ប្រាប់​ឱ្យ​លោក​ កឹ​ម​ សុខា​ ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កុំ​មានការ​បារម្ភ​អ្វី​ ដោយ​សម្តេច​ថា​ បើ​គ្មាន​បញ្ជា​ពី​សម្តេច​នោះ​ទេ​គឺ​គ្មាន​នរណា​ហ៊ាន​ចាប់​នោះ​ទេ​។​

ជាង​នេះ​ទៀត​ សម្តេច​ក៏​បាន​ចំអក​ឱ្យ​មេធាវី​លោក​ កឹ​ម​ សុខា​ ដែល​មិនសូវ​ចេះ​នីតិវិធី​ច្បាប់​ ព្រោះ​លោក​ កឹ​ម​ សុខា​ មិន​ហ៊ាន​ចូល​បំភ្លឺ​ក្នុង​តុលាការ​ករណី​ស្រី​មុំ​ ដែល​សម្តេច​ថា​ ទោស​នេះ​មិន​ឈាន​ដល់​ចាប់ខ្លួន​នោះ​ទេ​។​

យ៉ាងណា​ត្រង់​ចំណុច​នេះ​ លោក​ កឹ​ម​ សុខា​ ក៏​បាន​ត្អូញត្អែ​ល​ប្រាប់​សម្តេច​ឱ្យ​បញ្ជា​ទៅ​កាន់​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​នេះ​ តែ​សម្តេច​បដិសេធ​។​
​បញ្ហា​ខ្សែអាត់​សំឡេង​នេះ​ អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា​ ជា​នយោបាយ​ប៉ែង​ជើង​គូប្រកួត​ឱ្យ​ធ្លាក់​ប្រជាប្រិយភាព​ ខណៈ​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​៕​

Share

ព័ត៌មានទាក់ទង