ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះ គឺដើម្បីធានាប្រសិទ្ធភាពការងារ ហើយមិនមែនជាកម្ចាត់ចោល ឬ បោះបង់ចោលអ្នកនោះទេ។ សម្ដេច ហ៊ុន សែន ថ្លែងដូចនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន ធ្វើឡើងនៅកោះពេជ្រនាព្រឹកថ្ងៃទី ១៧ ខែមីនានេះ ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មានរដ្ឋមន្ត្រីយ៉ាងតិច ០៨ ទៅ ០៩ រូប នឹងត្រូវសើ្នឱ្យចាកចេញពីតំណែង ប៉ុន្តែទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន មិនបានបញ្ជាក់ថា ឈ្មោះរដ្ឋមន្ត្រីណាមួយត្រូវបានរុះរើនោះដែរ។ ប៉ុន្តែថ្មីៗ សម្ដេចនាយករដ្ឋមន្ត្រី បានរិះគន់រដ្ឋមន្ត្រី ០២ រូប ខណៈសម្ដេចលើកឡើងពីរថយន្តដឹកទំនិញលើសចំណុះធ្វើឱ្យខូចផ្លួវ ព្រមទាំងករណីរថយន្តដឹកនាំអង្ករមួយគ្រឿងធ្វើខូចជ័យកៅស៊ូស្ពានអ្នកលឿងផងដែរ ។
ចំពោះរដ្ឋមន្ត្រីដែលសម្ដេចលើកឈ្មោះមកនិយាយ គឺរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្ត្រីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី ៥ នេះ គឺលោក អ៊ុក រ៉ាប៊ុន។ តាមព័ត៌មានសំណើសុំរុះរើគណៈរដ្ឋមន្ត្រីបានដល់រដ្ឋសភាហើយ ។
តាមការអង្កេតរដ្ឋមន្ត្រី ឬ មន្ត្រីជាន់ខ្ពស់ដែលត្រូវបានរុះរើ ឬ ដកហូតតំណែង គឺច្រើនតែក្លាយជាទីប្រឹក្សារដ្ឋាភិបាល ៕