ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែលនៅព្រឹកថ្ងៃទី១០ មីនា នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេច ឱ្យគ្រូពេទ្យដែលមានឯកទេស ហើយត្រូវចូលនិវត្តន៍អាចនៅបន្តការងារវិជ្ជាជីវៈ តែស្ថិតក្នុងក្របខណ្ឌមុខងារនយោបាយ។
តែបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមយល់ថានេះមិនមែនជាដំណោះស្រាយល្អក្នុងសង្គមកម្ពុជានោះទេ ហើយជាឱកាសធ្វើប្រជាភិថុត។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ ៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យមានក្រមខណ្ឌមុខងារនយោបាយមួយសម្រាប់ គ្រូពេទ្យឯកទេសណាដែលចូលនិវត្តន៍ គឺប្រយោជន៍ដើម្បីបន្តវិជ្ជាជីវៈរបស់ គ្រូពេទ្យទាំងនោះនៅក្នុងស្ថាប័នរដ្ឋ។ សម្ដេច ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងកម្មវីធីសន្និបាត ការងាររបស់ក្រសួងសុខាភិបាល ដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១០ មីនា នេះ។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ធនធានមនុស្ស គឺជាការចាំបាច់បំផុតនៅពេល ប្រទេសមួយត្រូវការ ដែលបញ្ហានេះចាំបាច់ត្រូវបន្តទុកគ្រូពេទ្យឯកទេស ដែលចូលនិវត្តន៍ បន្តនិរន្តរភាពការងាររបស់ពួកគេទៅតាមជំនាញ។ ប៉ុន្តែសម្ដេចណែនាំឱ្យក្រសួង សុខាភិបាលរៀបចំគ្រូពេទ្យទាំងនោះ ក្នុងក្របខណ្ឌ ក្នុងមុខងារនយោបាយ ហើយត្រូវទៅបម្រើការងារនៅតាមមន្ទីរពេទ្យ។ សម្ដេច នាយករដ្ឋមន្ត្រីពន្យល់ថា ធ្វើដូចនេះ កម្ពុជានឹងមិនខ្វះគ្រូពេទ្យឯកទេសនោះទេ។
នាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖ «គ្រូពេទ្យឯកទេសដែលចូលនិវត្តន៍ តែងតាំងក្នុងមុខងារនយោបាយ ប៉ុន្តែឱ្យទៅបម្រើការងារនៅក្នុងមន្ទីរពេទ្យ។ ដូច្នេះយើងមិនខ្សោះឈាម ប្រឹងបណ្តុះបណ្តាលមក ប៉ុន្តែមិនទាន់បានប៉ុន្មានចូលនិវត្តន៍អស់ ប្រឹងបណ្តុះបណ្តាលមកចូលក្របខណ្ឌមិនបានដោយសារលក្ខខណ្ឌអាយុ។ អាហ្នឹង យើងជាអ្នកសរសេរតើ ហើយបើយើងអ្នកសរសេរយើងអាចកែវាបានតើ កុំខ្វល់ពេក អាហ្នឹងបានថាអន្ទង់វែងឆ្នាំងវែងមែន»។
ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសទទួលយកគ្រូពេទ្យឯកទេសទាំងអស់ឱ្យចូលបម្រើការងារ និងដាក់ស្ថិតក្នុងក្របខណ្ឌរដ្ឋដោយស្វ័យប្រវត្តិ នឹងទទួលបានប្រាក់ខែចាប់ពីខែមេសា ឆ្នាំ២០១៦ នេះតទៅ។
ប៉ុន្តែ លោក សន ជ័យ នាយកប្រតិបត្តិ សម្ព័នគណនេយ្យភាពសង្គមកម្ពុជា យល់ថាដំណោះស្រាយនេះ គឺជារបៀបមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទាក់ទាញការគាំទ្រពីគ្រូពេទ្យ។
លោកបន្ថែមថា គួរតែមានលក្ខខណ្ឌចាំបាច់មួយដែលកំណត់ថា ប្រការណាខ្លះដែលអាចតម្រូវឱ្យចូលក្របខណ្ឌនយោបាយបាន ព្រោះថាមានគ្រូពេទ្យជំនាញខ្លះ មានភាពសកម្ម និងមួយចំនួនទៀតមិនសកម្ម។ លោកថា ប្រសិនបើគ្រូពេទ្យដែលមានប្រវត្តិការងារមិនល្អ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ គួរតែមិនចាំបាច់បន្តនោះទេ។
លោក សន ជ័យ បានពន្យល់បន្ថែមថា៖ «ពីព្រោះថា ធនធានមនុស្សដែលអាចក្លាយជាគ្រូពេទ្យពិបាកក្នុងការបណ្តុះបណ្តាលឱ្យក្លាយជាអ្នកអាជីពបានដែរហ្នឹង ចំណុច ប៉ុន្តែយ៉ាងណាក៏ដោយ យើងចង់ឱ្យការងាររបស់ពួកគាត់ហ្នឹង កា្លយជាការងារផ្នែកជំនួយបច្ចេកទេស សម្រាប់បណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ច្រើនជាងការទទួលបានតំណែងក្នុងការសម្រេចចិត្ត ធ្វើម៉េចធានាថា រាល់ការបំពេញការងាររបស់ពួកគាត់មិនប៉ះពាល់ដល់ក្មេងជំនាន់ក្រោយ»។
ចំណែក លោក ចាន់ វិបុល អ្នកប្រឹក្សាផ្នែកអភិបាលកិច្ចបែបប្រជាធិបតេយ្យ យល់ថានេះមិនមែនជាដំណោះស្រាយល្អក្នុងសង្គមកម្ពុជានោះទេ។ លោកមើលឃើញថា កន្លងមកនៅក្នុងសង្គមកម្ពុជា ព្រោះតែការចាត់ទុកមន្ត្រីរដ្ឋ ជាមន្ត្រីនយោបាយនេះហើយ ដែលធ្វើឱ្យសង្គមកម្ពុជា ជួបបញ្ហាប្រឈមរហូតដល់សព្វថ្ងៃនេះ។ លោកបន្តថា សព្វថ្ងៃនេះកម្ពុជា មិនមែនខ្វះ ធនធានមនុស្សទេ ប៉ុន្តែដោយសារការគ្រប់គ្រងធនធានមនុស្សនៅមានកម្រិតខ្សោយ។
លោក ចាន់ វិបុល មានប្រសាសន៍ទៀតថា៖ «ទាក់ទងនឹងគាត់ឈានដល់អាយុចូលនិវត្តន៍ហើយ ហើយប្រសិនបើប្រជាពលរដ្ឋខ្មែរ ឬក៏អ្នកដែលទៅស្នងការងារហ្នឹងមិនទាន់មានសមត្ថភាព ខ្ញុំថាយើងមានជម្រើស យើងមានជម្រើសមិនមែនថាក្នុងលក្ខខណ្ឌដាច់ខាត ត្រូវតែដាក់ឱ្យគាត់ចូលនិវត្តន៍ទេ ក៏ប៉ុន្តែខ្ញុំសង្កេតក្នុងសង្គមកម្ពុជា ខ្ញុំគិតថា មិនមែនខ្វះធនធានមនុស្សទេ ប៉ុន្តែការគ្រប់គ្រប់ប្រព័ន្ធធនធានមនុស្សនៅមានកម្រិតខ្សោយ»។
ថ្លែងកម្មវិធី កាលពីព្រឹកមិញនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទូចឱ្យគ្រូពេទ្យទាំងអស់ដែលត្រូវបានប្រជាពលរដ្ឋខ្មែររិះគន់ថា គ្មានក្រមសីលធម៌ ត្រូវបន្ទន់ឥរិយាបថ និងកាត់បន្ថយការប្រើប្រាស់សម្តីអាក្រក់។
លោកបន្តថា៖ «ពិបាកបំផុត គឺពិបាកត្រង់ថា យើងអត់មានថ្នាំ អត់មានស្អីៗ យើងវាពិបាក ចុះបើមានថ្នាំ មានអីហើយ គ្រាន់តែកុំនិយាយអាក្រក់ទៅបានទេ គ្រាន់តែប៉ុណ្ណឹងតើ។
របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៥ បានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មន្ត្រី បុគ្គលិកសុខាភិបាលដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាលសាធារណៈមានចំនួនសរុប ២០,៩៥៤ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតឯកទេស ២,៣៤៦ នាក់៕