ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី ដោយរៀបចំនៅថ្ងៃទី១៥-១៦ ខែកក្កដា ដែលក្នុងនោះសម្ដេចនឹងជួប មេដឹកនាំជាច្រើនជាលក្ខណៈទ្វេភាគី។

សម្តេច បានឲ្យដឹងនៅលើ Facebook ថា៖«ថ្ងៃ១៤ កក្កដា ២០១៦ ស្អែកនេះខ្ញុំ និងភរិយានឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី។
នេះជាការជួបជុំជាទៀងទាត់២ឆ្នាំម្តង រវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចំនួន៥១ និងអង្គការ២ គឺលេខាធិការដ្ឋានអាស៊ាន និងស្នងការអឺរ៉ុប។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថាក្នុងឧកាសនោះសម្ដេច នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រី ចិន ជប៉ុន ប្រធានាធិបតីកូរ៉េ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលផ្សេងទៀត ដែលចូលប្រជុំ។
កម្ពុជាបានចូលជាសមាជិកព្រមពេលគ្នាជាមួយឡាវ និងមីយ៉ាន់ម៉ា និងប្រទេស៤ផ្សេងទៀតមកពីអឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅហាណូយប្រទេសវៀតណាម នាសម័យប្រជុំលើកទី៥។ តាំងពីពេលនោះមកសម្តេច ហ៊ុន សែន បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំមិនដែលអាក់ខានគឺ ឆ្នាំ២០០៦ នៅហ្វាំងឡង់ ឆ្នាំ២០០៨ នៅចិន ឆ្នាំ២០១០ នៅបែលហ្សិក ឆ្នាំ២០១២ នៅឡាវ ឆ្នាំ២០១៤ នៅអ៊ីតាលី និងឆ្នាំ ២០១៦ នេះនៅម៉ុងហ្គោលី៕