ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃច័ន្ទ ទី១៣ មិថុនានេះ បានថ្លែងវាយប្រហារមិនចំឈ្មោះតែទំនងសំដៅទៅលើមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី ថា ចូលចិត្តនិយាយរឿងអាក្រក់ពីកម្ពុជាហើយបង្ហោះលើគេហទំព័ររបស់ខ្លួន ។សម្ដេច ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃច័ន្ទនេះ។

ថ្លែងនៅចំពោះមុខនិស្សិតជាច្រើនរយនាក់ សម្ដេចនាយករដ្ឋមន្ដ្រីបានហៅមេបក្សប្រឆាំងម្នាក់ ដែលនៅប្រទេសបារាំង ដែលទំនងលោកចង់សំដៅទៅលើលោក សម រង្ស៊ី ថា មិនបានបង្ហោះការលិចទីក្រុងប៉ារីសរយៈពេលប៉ុន្មានថ្ងៃនេះទេ ហើយថាបើរឿងរបស់កម្ពុជាគឺជនម្នាក់នេះ តែងតែបង្ហោះលើគេហទំព័ររបស់ខ្លួន ឱ្យមានការចាប់អារម្មណ៍ពីសាធារណជន តែផ្ទុយទៅវិញលោកថា ករណីលិចទីក្រុងប៉ារីសគឺមេបក្សប្រឆាំងរូបនេះមិនបានបង្ហោះរូបភាពនោះទេ។
សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា គេតែងតែស្ដីបន្ទោសពីបរិស្ថាន និងការលិចលង់ទីក្រុងភ្នំពេញដោយសារទឹកជំនន់ទឹកភ្លៀង ដែលសម្ដេចថាសូម្បីទីក្រុងប៉ារីសក៏លិចផងដែរ។
សម្ដេចថ្លែងថា ឥលូវនេះប្រទេសណាក៏ដូចប្រទេសណាដែរ ដោយសារតែការប្រែប្រួលអាកាសធាតុរបស់ពិភពលោក៕