ភ្មំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានក្រើនរំឮកចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលារាជធានីភ្នំពេញ ឱ្យចុះចាត់វិធានការលើមណ្ឌលកែប្រែព្រៃស្ពឺ បន្ទាប់ពី ត្រូវបានគេមើលឃើញថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជាច្រើនឆ្នាំ មកនេះ ។ មន្ត្រីអង្គការសិទ្ធិមនុស្ស សាទរសម្ដេចនាយករដ្ឋមន្ត្រី ដែលព្រមានបែបនេះ ។ លម្អិតព័ត៌មាននេះ ដោយ កញ្ញា ជុំ ជោគជាតា ៖

ថ្លែងនៅក្នុងកម្មវិធី ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី៦៧ នៅសាលសន្និសីទកោះពេជ្រ ព្រឹកថ្ងៃទី៣១ឧសភានេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងថា មណ្ឌលកែប្រែមួយ ដែលត្រូវបានគេរិះគន់ជាច្រើនឆ្នាំថា រំលោភសិទ្ធិ និងជិះជាន់លើសិទ្ធិមនុស្សនោះ គួរតែត្រូវបានកែប្រែ ឬបិទចោល ។ លោកថា រឿងនេះ ក្រសួងសង្គមកិច្ច និងសាលាក្រុងត្រូវចាត់ចែង ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងបន្ដទៀតថា រាជរដ្ឋាភិបាលខិតខំធានាដល់សិទ្ធិ មនុស្ស ក៏ប៉ុន្ដែផ្ទុយទៅវិញមណ្ឌលកែប្រែមួយនេះ តែងតែរងនូវការទិះតៀន ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទទួលនូវភាព ល្អក់ កករ ។
ទាក់ទងនឹងការលើកឡើងរបស់ សម្ដេច ហ៊ុន សែន គឺកន្លងមកនេះនៅក្នុងវេទិកា សាធារណៈមួយ និយាយពីកិច្ចសន្ទនារវាងរាស្ដ្រ និងរដ្ឋ ដើម្បីទទួលបានដំណោះស្រាយរួម ដែលមានអ្នកចូលរួម ប្រមាណជាង១ពាន់នាក់ នៅទីលានប្រជាធិបតេយ្យ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ពលរដ្ឋដែលជាស្ដ្រីរងគ្រោះក្នុងរបរផ្លូវភេទ និងពលរដ្ឋដែល ត្រូវបានដាក់ឃុំនៅមណ្ឌលកែប្រែព្រៃស្ពឺ ក៏បានទទូចហើយ ទទូចទៀត សុំអោយរដ្ឋាភិបាល អន្តរាគមន៍ ជាបន្ទាន់ទៅលើមណ្ឌលកែប្រែមួយនេះ ។ អ្នកស្រីរូបនេះមានឈ្មោះ វណ្ណី ។
អ្នកស្រី មានប្រសាសន៍ថាបញ្ហាដែលកើតមានជាច្រើន នៅក្នុងមណ្ឌលកែប្រែព្រៃស្ពឺ គួរតែបានកែប្រែ ។ ស្ដ្រី ប្រករបររកស៊ីផ្លូវភេទ ដោយសារកត្តាជីវភាពគ្រួសារបង្ខំរូបនេះ បានប្រាប់ឱ្យដឹងនៅក្នុងវេទិកានោះទៀតថា ពេលដែលអ្នកស្រី ត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំ នៅមណ្ឌលកែប្រែព្រៃស្ពឺរួចមក អ្នកស្រី ត្រូវបានសមត្ថកិច្ចនៅទីនោះ ដាក់ឃុំឲ្យនៅជាមួយមនុស្សច្រើននាក់ នៅក្នុងបន្ទប់ឃុំតែមួយ ហើយរស់នៅដូចជាសត្វធាតុ ។
អ្នកស្រី វណ្ណី ៖ « មណ្ឌលហ្នឹងពិបាកណាស់ លូកលំគ្នា ប្រុសស្រី ប្រុសស្រី មិនដឹងស្អី ស្អីណា៎ មួស និយាយរួមទៅ គឺថា ផ្ទះមួយនៅ ហាហុកសិបនាក់ នៅអត់កើត បង្គន់ទឹកអីនៅហ្នឹងទាំងអស់» ។
ទន្ទឹមនឹងនេះដែរ គឺស្ត្រីម្នាក់ទៀតឈ្មោះ ដានី ដែលមានវត្តមានក្នុងវេទិកានៅទីនោះដែរ ក៏បានថ្លែងថា គាត់មិនមានសំនូមពរអ្វីច្រើននោះទេ គាត់គ្រាន់តែសុំឱ្យរដ្ឋាភិបាល ឈប់បញ្ជូននិងចាប់ ឃុំពលរដ្ឋ យកទៅដាក់នៅមណ្ឌលកែប្រែព្រៃស្ពឺ ជាបន្ដទៀត ។
ជួបជាមួយតំណាងសហគមន៍អ្នកប្រកបរបរផ្លូវភេទ និងស្ដ្រី ដែលធ្វើការនៅសេវាកម្សាន្ត អ្នកស្រី ថារី មានប្រសាសន៍ថា វេទិកានៅពេលនេះ ក៏ចាត់ទុកជាឱកាសមួយដល់ពលរដ្ឋ អាចបង្ហាញពីផលលំបាក និងការសំណូមពររបស់ពួកគេ ដាក់ជូនរដ្ឋាភិបាល ដើម្បីទាមទារឲ្យមានដំណោះស្រាយសម្រាប់ពួកគេផងដែរ ព្រោះថា មណ្ឌលកែប្រែព្រៃស្ពឺមួយនេះ ពិតជាបានរំលោភដល់សិទ្ធិពួកគាត់យ៉ាងធ្ងន់ធ្ងរ ។
ជុំវិញវិញរឿងនេះ មន្ដ្រីសិទ្ធិមនុស្ស ដែលធ្វើការតាមដាននូវរឿងនេះ គឺ លោក អំ សំអាត ជាប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ បានសាទរ និងអរគុណ ចំពោះការលើកឡើងរបស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ។ តែលោកថា មណ្ឌលកែប្រែមួយនេះ គឺ ពិតជា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
លោក អំ សំអាត អះអាងថា មណ្ឌលកែប្រែមួយនេះ មានតាំងពីការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ និងការឃុំឃាំង ដោយខុសច្បាប់ ជាពិសេសទៀតរហូតដល់មានអ្នកខ្លះស្លាប់នៅក្នុងមណ្ឌលទៀតផង ។
គួរបញ្ជាក់ថា មណ្ឌលព្រៃស្ពឺ ជាទីកន្លែង បណ្តុះបណ្តាល និងអប់រំដល់អ្នកគ្មានផ្ទះសម្បែង អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកបំរើសេវាកំសាន្ត ដែលត្រូវបាននគរបាលចាប់ប្រមូលបញ្ជូនទៅរស់នៅមណ្ឌលនេះ ។
កន្លងមក អង្គការសង្គមស៊ីវិលមួយចំនួន ក៏បានអំពាវនាវឲ្យអាជ្ញាធរចុះបិទមណ្ឌលព្រៃស្ពឺនេះដែរ ក្រោយពីមានមនុស្សស្លាប់ប្រមាណជា៣នាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ៕