ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបក្សប្រឆាំងជាថ្មីម្ដងទៀត ករណីការក្លែងស្នាមមេដៃគាំទ្រញត្តិដាក់ថ្វាយព្រះមហាក្សត្រ ដែលសម្ដេចថា មិនទាន់រួចខ្លួននៅឡើយ។ ការថ្លែងព្រមានរបស់ប្រមុខរដ្ឋាភិបាលធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនិង សិក្ខាកាមសាលារដ្ឋបាលភូមិន្ទ នៅព្រឹកថ្ងៃចន្ទទី ២០ មិថុនានេះ ។
ករណីនេះ សម្តេចទទូចដល់មន្ត្រីទូតនានាប្រចាំនៅកម្ពុជា ឱ្យមើលពីការប្រើប្រព័ន្ធតុលាការ នៅកម្ពុជាព្រោះគេអនុវត្តច្បាប់ ។
ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងចំអកបក្សប្រឆាំង ចំពោះការធ្វើពិធីបួងសួងសុំជួយខ្លួន ដែលសម្ដេចថា អ្នកប្រព្រឹត្តកំហុសមិនអាចយកអ្វីបិទបាំងឬ ជួយបានឡើយ ព្រោះកំហុសគឺជាដែនសមត្ថកិច្ចរបស់តុលាការ។
គណបក្សប្រឆាំងកាលពីសប្ដាហ៍មុន ប្រកាសថាគេបានប្រមូលស្នាមមេដៃជាថ្មីទៀតបានជាង ២៧ ម៉ឺន ហើយត្រៀមយកទៅថ្វាយព្រះមហាក្សត្រឆាប់ៗនេះ ដែលជាមួយគ្នានេះគណបក្សប្រឆាំងនេះថា បានដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រទៀតផង ដើម្បីទូលថ្វាយព្រះអង្គអំពីកំដៅនយោបាយ និងសួរសុខទុក្ខព្រះអង្គ ថាតើព្រះអង្គសុខទុក្ខអ្វីខ្លះ?។
យ៉ាងណាក៏ដោយគណបក្សប្រឆាំងនេះ ប្ដេជ្ញាថាអ្នកតំណាងរាស្ត្រទាំងអស់របស់ខ្លួននឹងដើរចូលគុក បើ គ្រាន់តែថ្វាយញត្តិទៅព្រះមហាក្សត្របែរជាមានទោសនោះ៕