ភ្នំពេញ៖សម្តេចហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារដោយចាត់ទុកស្ត្រីក្នុងវិស័យសេដ្ឋកិច្ចគឺជាការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងវិស័យនយោបាយនិងសង្គមគ្រួសារ។

សម្តេច នាយករដ្ឋមន្ត្រីថ្លែងដូច្នេះក្នុងឱកាសអបអរសាទរខួបលើកទី១០៧ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រេនៅព្រឹកថ្ងៃពក្រហស្បតិ៍ទី៨មីនាឆ្នាំ២០១៨នេះ។
ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ គឺក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ”។ ប្រធានបទនេះ សំដៅលើកតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ឆ្ពោះលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម។
ក្នុងឱកាសនេះ ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកស្ត្រីជាចលករសេដ្ឋកិច្ចមួយមិនអាចខ្វះបាន ដែលក្រសួង និងអង្គការត្រូវបន្តសកម្មភាពទាំងឡាយដើម្បីលើកកំម្ពស់ស្ត្រីឱ្យមានតួនាទីកាន់រីកធំនៅក្នុងសង្គម។
ក្នុងឱកាសនេះ សម្ដេចហ៊ុន សែនបាន សរសេរក្នុងហ្វេសប៊ុក ដោយមានន័យដូចថា៖« អបអរសាទរ! ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨។ ថ្ងៃ៨ មីនា ឆ្នាំ២០១៨នេះ គឺជាខួបលើកទី១០៧ ទិវាអន្តរជាតិនារី។ ប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ បានចាត់ទុកថ្ងៃ៨ មីនា ជាថ្ងៃបុណ្យជាតិឈប់សម្រាក ដើម្បីអបអរសាទរនូវការទទួលស្គាល់សិទ្ធិសេរីភាពពេញលេញរបស់ស្ត្រី។
ក្នុងទិវាអន្តរជាតិនារី៨មីនានេះ ក្រសួងកិច្ចការនារីបង្ហាញថា ស្ត្រីជាមន្ត្រីរាជការស៊ីវិលនាពេលបច្ចុប្បន្នមានការកើនឡើងជិតស្មើនឹងមន្ត្រីរាជការជាបុរស។
របាយការណ៍របស់ក្រសួងនេះបញ្ជាក់ថាស្ត្រីជាមន្ត្រីរាជការស៊ីវិលសរុបនៅតាមក្រសួងស្ថាប័ននានា គិតត្រឹមឆ្នាំ២០១៧ មានចំនួនជាង៨ម៉ឺន៦ពាន់នាក់ស្មើនឹង៤១ភាគរយនៃមន្ត្រីរាជការសរុបជាង២សែននាក់។ក្នុងនោះស្ត្រីនៅថ្នាក់ជាតិមានចំនួនជាង១ម៉ឺន២ពាន់នាក់និងស្ត្រីថ្នាក់ក្រោមជាតិជាង៧ម៉ឺននាក់។
របាយការណ៍នេះបន្តថាស្ត្រីជាមន្ត្រីរាជការស៊ីវិលមានតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌរហូតដល់ថ្នាក់អគ្គនាយកមានចំនួនជាង៧ពាន់ស្មើនឹង២៤ភាគរយនៃចំនួនសរុបជិត៣ម៉ឺននាក់។
ស្ត្រីជាថ្នាក់ដឹកនាំនៅតាមឃុំ/សង្កាត់មានចំនួនសរុប៣៤៦នាក់និងអនុប្រធានការិយាល័យស្រុក/ក្រុង មានចំនួន៤៣៩នាក់។ចំណែកស្ត្រីជាមេឃុំ/ចៅសង្កាត់១៣០នាក់។ស្ត្រីជាជំទប់ទី១មានចំនួន២៧២នាក់ ស្ត្រីជាជំទប់ទី២ មានចំនួន ២៨៥នាក់ និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់មានចំនួន ១,៦១១នាក់។
មេដឹកនាំសង្គមស៊ីវិលដែលធ្វើការងារលើបញ្ហាស្ត្រីមើលឃើញថាទោះជាបក្សកាន់អំណាចឬបក្សបក្សប្រឆាំងព្យាយាមផ្ដល់តួនាទីស្ត្រី ក្នុងវិស័យនយោបាយក៏ដោយតែស្ត្រីកម្រឈរលេខរៀងដែលងាយជាប់មេឃុំចៅសង្កាត់គឺនៅតែតិចជាងបេក្ខជនជាបុរស។ ចំណែកនៅតាមស្ថាប័នរដ្ឋឯកជនក្ដីក៏សមាសភាពស្ត្រីនៅតែទាមជាងបុរសដែរ។តាមរយបាយរបស់គណៈកម្មាធិការជាតិរៀនចំការបោះឆ្នោត បាន បង្ហាញថា ស្ត្រីចុះឈ្មោះបោះឆ្នោត មានច្រើនជាងបុរស៕