ភ្នំពេញ៖ ស្របពេលអាកាសធាតុនៅប្រទេសកម្ពុជាបានចុះត្រជាក់ជាបន្ដបន្ទាប់ និងមានភ្លៀងរលឹមផងដែរនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានអំពាវនាវដល់ពលរដ្ឋនៅតាមតំបន់មាត់សមុទ្រឱ្យធ្វើការប្រុងប្រយ័ត្ឋចំពោះការប្រែប្រួលអាកាសធាតុដែលលាយឡំនិងកម្លាំងខ្យល់នេះ។
ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន ដូចនេះ ធ្វើឡើងនៅលើហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្ដេចនាយករដ្ឋមន្ត្រីបាន រៀបរាប់ថា៖«ចំពោះបងប្អូនដែលរស់នៅ និងប្រកបរបរផ្សេងៗនៅតាមតំបន់សមុទ្រ សូមមានការប្រុងប្រយ័ត្នផងដែរចំពោះការប្រែប្រួលធាតុអាកាស និងកម្លាំងសម្ពាធខ្យល់។ សូមបើកបរឆ្ងាយជិតមានការប្រុងប្រយ័ត្នខ្ពស់»។
គួរបញ្ជាក់ថា ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន ដូចនេះ ធ្វើឡើងស្របពេលដែល ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹងបន្ថែម ស្តីពី ឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) កំពុងបោកបង់មកលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្យុះតឹមប៊ិនមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ក្រសួងធនធានទឹកបានអំពាវនាវដល់អ្នកធ្វើដំណើរតាមសមុទ្រ ពិសេសប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៥ ខែធ្នូ រហូតដល់ស្ថានភាពអាកាសធាតុបានល្អប្រសើរឡើងវិញ។
សូមជម្រាបដែរថា ព្យុះតឹមប៊ិនដែលធ្លាក់មកដល់ប្រទេសវៀតណាមនេះ ធ្លាប់បានវាយបោកប្រទេសហ្វីលីពីន ដោយបណ្ដាលឱ្យមនុស្សស្លាប់ជាង ២០០នាក់ បាត់ខ្លួន ១៥០ នាក់ ហើយធ្វើឱ្យមនុស្សជិត ៧ម៉ឺននាក់ ចាកចេញពីលំនៅដ្ឋាន និងលំនៅដ្ឋានជិតមួយពាន់ខ្នងទៀតត្រូវបានបំផ្លាញ៕