ប្រជាសហគមន៍ប្រមាណ ៨០នាក់ រួមទាំងព្រះសង្ឃ ស្ត្រី និងយុវជន ដែលមកពី ១៤សហគមន៍ ក្នុងខេត្តចំនួន ៤ មានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងព្រះវិហារ បានចុះអនុវត្តន៍ការគណនាកាបូនស្តុកនៅសហគមន៍ព្រៃឈើបុសធំ ក្នុងខេត្តសៀមរាប បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលអំពីការគណនាកាបូនស្តុកកម្រិតសហគមន៍ រយៈពេល ៤ ថ្ងៃដែលរៀបចំដោយអង្គការអុកស្វាម និងក្រសួងបរិស្ថាន។អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ជាផ្នែកមួយនៃគម្រោង ភាពធន់និងអាកាសធាតុសម្រាប់ទាំងអស់គ្នា ដែលគាំទ្រដោយរដ្ឋាភិបាលអៀរឡង់ និងដឹកនាំដោយអង្គការអុកស្វាម ប្រជាសហគមន៍ប្រមាណ ៨០នាក់ បានចុះអនុវត្តន៍ការគណនាកាបូនស្តុកនៅសហគមន៍ព្រៃឈើបុសធំ ក្នុងខេត្តសៀមរាប បន្ទាប់ពីបានសិក្សាពីទ្រឹស្តី និងបច្ចេកទេសនៃការវាស់វែងកាបូន រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤។
លោក សុខ ឃីម ប្រធានកម្មវិធីគ្រប់គ្រប់អភិបាលកិច្ចធនធានធម្មជាតិ នៃអង្គការអុកស្វាមបានឱ្យដឹងថា ប្រជាសហគមន៍ជាអ្នកការពារព្រៃជាច្រើនឆ្នាំ ដូច្នេះការលើកកម្ពស់ការយល់ដឹងរបស់ប្រជាសហគមន៍អំពីការប្រែប្រួលអាកាសធាតុ និងផែនការការពារព្រៃឱ្យមាននិរន្តភាពជាកិច្ចការដ៏សំខាន់សម្រាប់ពួកគាត់ ត្បិតព្រៃឈើដែលពួកគាត់ខិតខំប្រឹងប្រែងថែរក្សាគឺជាអាងស្តុកកាបូនដ៏មានសារៈសំខាន់ សម្រាប់មនុស្ស និងភពផែនដីទាំងមូល។ លោកបានបន្ថែមថានៅពេលដែលប្រជាសហគមន៍ មានចំណេះដឹងអំពីកាគណនាកាបូន អាចធ្វើឱ្យគាត់មានការផ្លាស់ប្តូរជាវិជ្ជមាន ហើយគាត់មានកម្លាំងចិត្តបន្តការ ការពារព្រៃឈើឱ្យបានកាន់តែគង់វង្ស និងមានឱកាសទទួលបានឥណទានកាបូន និងហិរញ្ញវត្ថុអាកាសធាតុ ពី ប្រទេសអភិវឌ្ឍន៍ និងក្រុមហ៊ុនធំនានា សម្រាប់ការអភិវឌ្ឍសហគមន៍របស់គាត់ផងដែរ។
លោក សុខ ឃីម៖« ជាពិសេសគាត់អាចអាស្រ័យផលពីព្រៃឈើតាមរយៈអនុផលព្រៃឈើ និងទាក់ទាញអូកូទេសចរណ៍សម្រាប់អភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ជាដើម គាត់មិនត្រឹមតែចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យដល់ការការពារប្រព័ន្ធអេកូឡូស៊ី និងបង្កើនភាពបរិស្ថានដែលចាំបាច់សម្រាប់សហគមន៍ដែលគាត់រស់នៅផងដែរ»។
លោក សុខ ឃីម រំពឹងថាការអនុវត្តការគណនាកាបូននេះនឹងត្រូវបានចម្លងទៅអនុវត្តនៅទូទាំងព្រៃសហគមន៍ និងតំបន់ការពារទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់គោលដៅអព្យាក្រឹតភាពកាបូនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០៥០ ។
លោក បន្តថា គំនិតផ្តួចផ្តើមនេះក៏ជំរុញឲ្យអ្នកពាក់ព័ន្ធទូទាំងពិភពលោក និងជាតិឱ្យគាំទ្រសហគមន៍តាមរយៈមូលនិធិអាកាសធាតុបៃតងសម្រាប់កិច្ចខិតខំប្រឹងប្រែងការពារបរិស្ថានរបស់ពួកគេ។ នេះជាគម្រោងដំបូងក្នុងការលើកកម្ពស់សមត្ថភាពរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ព្រៃសហគមន៍ និងតំបន់ការពារក្នុងការវាស់វែងការចាប់យកកាបូន។
លោកសុខ ឃីម បញ្ជាក់ថា តួអង្គដែលទិញកាបូនសំខាន់ៗ រួមមានទីផ្សារកាបូនក្រុមហ៊ុនធំៗនៅលើពិភពលោកដែលបំភាយឧស្ម័នផ្ទះកញ្ចក់ និងបណ្តាប្រទេសអ្នកមាន ប្រទេសឧស្សាហកម្មដែលមានការបំពុលបរិស្ថានច្រើន អង្គការអន្តរជាតិ និងមូលនិធិបរិស្ថាន ជាពិសេសនៅប្រទេសអភិវឌ្ឍន៍ តែងតែកៀរគរថវិកាក្នុងការទិញឥណទានកាបូននៅក្នុងប្រទេសក្រីក្រ និងសហគមន៍ព្រៃឈើ៕
ប្រភពរូបភាព៖ អង្គការអុកស្វាម