សមាគមគ្រូបង្រៀនបានស្នើឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ប្រាក់ឧបត្ថម្ភ បុណ្យចូលឆ្នាំថ្មីចំនួន ១៥ ម៉ឺនរៀលក្នុងម្នាក់ សម្រាប់គ្រូបង្រៀន មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជួយបន្ធូរបន្ថយនូវការលំបាករបស់ពួកគេបានមួយកម្រិត។

អ៊ុក ឆាយ៉ាវី
លិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលចុះហត្ថលេខាដោយអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀកម្ពុជាឯករាជ្យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នេះ បានឱ្យដឹងថា មិនដល់មួយខែទៀត បុណ្យចូលឆ្នាំប្រពៃណីជាតិនឹងចូលមកដល់ ហើយជាពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមអបអរ។
លិខិតដដែលបន្តថា ជាទម្លាប់ប្រជាពលរដ្ឋ តែងតែចំណាយប្រាក់ច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែប្រាក់ខែរបស់គ្រូបង្រៀន មន្ត្រីរាជការស៊ីវិល ទាហ៊ាន នគរបាល និងកងកម្លាំងដទៃទៀត មានកម្រិតទាបនៅឡើយ។ ជាងនេះទៅទៀត ទំនិញសព្វសារពើនៅលើទីផ្សាចេះតែឡើងថ្លៃ ជាហេតុធ្វើឱ្យគ្រូបង្រៀន មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទូទៅមានការលំបាកក្នុងការចូលរួម អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
ដូច្នេះហើយ ដើម្បីជួយបន្ធូរនូវការលំបាករបស់គ្រូបង្រៀន មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធបានមួយកម្រិត មានតែរដ្ឋាភិបាលផ្តល់នូវប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មីនេះតែប៉ុណ្ណោះ៕