en     km
en     km

សមភាពយេនឌ័រកម្ពុជានៅមានគម្លាត ខណៈអ្នកពាក់ព័ន្ធស្នើឱ្យចូលរួមលើកកម្ពស់ពិសេសតាមរយៈសារព័ត៌មាន

Share

សាធារណជនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាន ផ្សព្វផ្សាយព័ត៌មាននិងចែករំលែកទិន្នន័យទាក់ទិននឹងយេនឌ័រ ដោយរួមបញ្ចូលទាំងផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រនៅក្នុងសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីសម្រេចកិច្ចការនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវពិភាក្សា ស្វែងរកដំណោះស្រាយរួមគ្នា និងអនុវត្តនូវគោលនយោបាយដែលឆ្លើយតបនឹងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

តាមការសង្កេតរបស់កញ្ញា អយ ម៉ារីនី ប្រធានគម្រោងនៃអង្គការនារីដើម្បីសន្តិភាព (Women Peace Maker) បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ថា សមភាពយេនឌ័រនៅកម្ពុជានាពេលបច្ចុប្បន្ននេះហាក់នៅមានគម្លាតដែលត្រូវការបំពេញបន្ថែម។ កញ្ញា ម៉ារីនី លើកឡើងដូច្នេះថា ពេលនិយាយដល់រឿងសមភាពយេនឌ័រគឺមិនអាស្រ័យលើភាពស្មើគ្នា ឬ៥០-៥០នោះទេ ពោលគឺត្រូវពិនិត្យមើលទៅលើឱកាស មធ្យាបាយទៅរកឱកាស និងលទ្ធផលជាក់ស្តែង។ ជាតួលេខ ស្រ្តីនិងក្មេងស្រីនៅកម្ពុជាមានចំនួន ៥១%នៃចំនួនប្រជាជនសរុប។​ ថ្វីបើស្រ្តីមានចំនួនលើសពាក់កណ្តាលនៃប្រជាជនសរុបក៏ពិតមែន តែបើក្រឡេកទៅមើលតួនាទីស្រ្តីនៅក្នុងវិស័យនានា ពិសេសស្រ្តីដែលអាចចាប់យកក្តីស្រមៃបានគឺកំពុងស្ថិតក្នុងដែនខណ្ឌនៅឡើយ។​

កញ្ញា អយ ម៉ារីនី៖«​មើលតែមួយជាក់ស្តែងទៅលើវិស័យសារព័ត៌មាន។ មានអ្នកសារព័ត៌មានជាស្រ្តីតិចមែនទែនដែលចូលបម្រើការនៅក្នុងវិស័យនេះ សំណួរសួរហេតុអី? បរិយាកាស ខ្ញុំគិតថាបរិយាកាសសង្គមយើងអត់ទាន់បានផ្តល់បរិយាកាស​ដែលការពារពួកគាត់ទេ ជាពិសេសទាក់ទងនឹងរឿងបៀតបៀនផ្លូវភេទរឿងអីអ៊‌ីចឹងទៅ។ ហើយមួយទៀត ទាក់ទងរឿងមើលឃើញថា​ អ្នកសារព័ត៌មានគាត់ប្រឈមនឹងទោសទណ្ឌ។ អ៊‌ីចឹងចង់មិនចង់ ​ក្មេងៗគឺនៅពេលគាត់មើលឃើញរឿងទាំងអស់ហ្នឹង គឺ​គាត់អត់ចង់ទេ​ ទោះបីគាត់ចង់ចាប់អារម្មណ៍នៅក្នុងវិស័យហ្នឹងក៏ដោយ។ អ៊‌ីចឹងខ្ញុំមើលឃើញថា បរិយាកាសជាពិសេសទាក់ទងនឹងរឿងអំពើហិង្សាហ្នឹង វានៅតែកើតមានឡើងដែលធ្វើឱ្យកត្តាទៅរកសមភាពយេនឌ័រ រឿងសិទ្ធិ រឿងឱកាសអីរបស់ពួកគាត់ហ្នឹងនៅមានកម្រិតនៅឡើយ។»។

កញ្ញា អយ ម៉ារីនី ប្រធានគម្រោងនៃអង្គការនារីដើម្បីសន្តិភាព​ ចូលរួមនិងធ្វើជាអ្នកសម្របសម្រួលកម្មវិធីតុពិភាក្សានៅក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។។ រូ​បភាព៖ WMC/Socheata

 

ជុំវិញករណីសមភាពយេនឌ័រនេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា ក្រសួងនានាត្រូវមានមន្រ្តីបម្រើការជាស្រ្តីភេទឱ្យបានច្រើននៅគ្រប់វិស័យទាំងអស់ ដ្បិតអរិយធម៌នៃសង្គមមួយឆ្លុះបញ្ចាំងតាមរយៈការឱ្យតម្លៃនិងលើកកម្ពស់ទៅលើស្រ្តី។ លោកស្រីថ្លែងបែបនេះក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាថៃ្ងទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ពិសេសស្រ្តីនិងក្មេងស្រី លោកស្រ្តីស្នើឱ្យសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមដុតដៃដុតជើងក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីចែករំលែកចំណេះដឹង និងផ្តល់ជាគំរូភាពទៅដល់ស្រ្តីនិងក្មេងស្រីដទៃ ដែលជាចលករជំរុញឱ្យពួកគេចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំ​និត និងឃើញថាសង្គមខ្មែរក៏មានស្រ្តីធ្វើការលើវិស័យទាំងនោះដូចគ្នា។

លោកស្រី អ៊ឹង កន្ថាផាវី៖«នារីជាការងារអន្តរវិស័យ យើងអត់អាចនិយាយថានារីនៅក្នុងវិស័យទេ យើងនិយាយនារីនៅក្នុងវិស័យសេដ្ឋកិច្ច។ តើក្នុងវិស័យសេដ្ឋកិច្ចហ្នឹង ​​នារីគាត់ធ្វើអ្វីខ្លះ? មានផលប្រយោជន៍អ្វីខ្លះ ហើយមានការប្រឈមអ្វីខ្លះ​នៅក្នុងវិស័យសេដ្ឋកិច្ច? សេដ្ឋកិច្ចមានពាណិជ្ជកម្ម ឧស្សាហកម្ម ​ឥឡូវមានសេដ្ឋកិច្ចបៃតង។ល។ រឿងមួយទៀតយើងនិយាយអំពីនារីក្នុងវិស័យការពារផ្លូវច្បាប់ យើងនិយាយលើអំពើហិង្សានេះ តើមានច្បាប់ការពារសិទ្ធិនារីទេ សិទ្ធិនារីមានកន្លែងណាដែលយើង(រដ្ឋាភិបាល)ត្រូវបំពេញបន្ថែម [​ដើម្បី]យើងធ្វើវិសោធនកម្ម។ នេះយើងនិយាយលើវិស័យការពារផ្លូវច្បាប់ ដែលជួយការពារគាត់(ស្រ្តី)និងក្មេងស្រី។»។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសន្ទរកថានៅវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ 

 

ចំពោះកញ្ញា វ៉ាន គីមសល់ អ្នកសារព័ត៌មាននៅ AMS Education យល់ឃើញស្រដៀងគ្នានឹងកញ្ញា ម៉ារីនី ទៅលើស្ថានភាពការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាថានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទោះបីមានភាពប្រសើរជាងមុនហើយក្តី។ ក្នុងនាមកញ្ញាជាស្រ្តីអ្នកសារព័ត៌មានមួយរូប បានចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រតាមរយៈការរាយការណ៍ព័ត៌មានអំពីភាពជោគជ័យដែលស្រ្តីឯទៀតអាចយកជាគំរូ រំលេចនូវឱកាសដែលស្ត្រីអាចធ្វើបាន និងផ្សព្វផ្សាយពីចំណេះដឹងនានាទៅដល់ស្រ្តីឱ្យបានយល់ដឹងបន្ថែម។ លើសពីនេះ កញ្ញា គីមសល់ ក៏បានចូលរួមផ្សព្វផ្សាយព័ត៌មានដើម្បីទប់ស្កាត់អំពើហិង្សាតាមរយៈការចុះទៅអប់រំបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅតាមសហគមន៍ និងប្រើប្រាស់ចំណងជើងដោយគោរពទៅតាមវិជ្ជាជីវៈមិនបន្ទោសបង្អប់ជនរងគ្រោះឬជនបង្ក។ កញ្ញាបញ្ជាក់ដែរថា ការប្រើប្រាស់រូបភាពផ្សព្វផ្សាយទៅឱ្យសាធារណជនបានឃើញក៏ជារឿងសំខាន់ដូចគ្នា ដោយហេតុថារូបភាពមួយចំនួនបានបង្ហាញពីភាពហិង្សាទៅលើស្រ្តីនិងក្មេងស្រី។

កញ្ញា វ៉ាន គីមសល់៖«ហើយក្នុងហ្នឹងដែរ បងលើក[ឧទាហរណ៍]ជាក់ស្តែងមួយដែលបងធ្លាប់បានធ្វើព័ត៌មានដែលទាក់ទង​​ជាមួយនឹងបញ្ហាទឹកស្អាត និងអនាម័យសម្រាប់ស្រ្តី​ ជាពិសេស[សម្រាប់]អ្នកដែលគាត់មានពិការភាព ឱ្យគាត់ទទួលបានឱកាសនៅក្នុងការប្រើប្រាស់ទឹកស្អាត ក៏ដូចជាបង្គន់អនាម័យដែលប្រកបដោយបរិយាប័ន្ន។ ដោយសារបងគិតថាវាគឺជាព័ត៌មានមួយដែលជួយជំរុញទៅដល់ភាគីពាក់ព័ន្ធនៅក្នុងការចូលរួមធ្វើយ៉ាងណាផ្តល់ភាពស្រួលទៅដល់មនុស្សគ្រប់រូប ជាពិសេសគឺជនដែលគាត់មានពិការភាព។»។

កញ្ញា វ៉ាន គីមសល់ អ្នកសារព័ត៌មាននៅ AMS Education ចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ រូបភាព៖ WMC/Socheata

 

ក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា បច្ចុប្បន្នស្ថានភាពសមភាពយេនឌ័រនៅកម្ពុជាមានភាពប្រសើរជាងកាលពីមុនទាំងក្នុងវិស័យអប់រំ និងក្នុងវិស័យការងារ ដោយយោងទៅតាមការផ្លាស់ប្ដូរផ្នត់គំនិតបុរាណពី «ស្ត្រីបង្វិលចង្ក្រានមិនជុំ» ទៅជា «ស្រ្ដីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» ដែលបង្ហាញពីតថភាពស្រ្តីបានចូលរួមក្នុងក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចដូចបុរសដែរ។ តែយ៉ាងណា រដ្ឋាភិបាលខិតខំដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដូចជា «ផែនការយុទ្ធសាស្ត្រនារីរតនៈ ទី៦ ឆ្នាំ២០២៤ – ២០២៨» កាលខែពីមេសា ឆ្នាំ២០២៤ ដោយក្រសួងកិច្ចការនារី និងគោលនយោបាយសមភាពយេនឌ័រសំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ឱ្យបានមុន និងត្រឹមឆ្នាំ២០៣០។ គោលនយោបាយទាំងនេះ នឹងក្លាយជាផ្លូវត្រួសត្រាយនាំស្ដី្រ និងក្មេងស្រី ឱ្យទទួលបានសិទ្ធិអំណាចកាន់តែប្រសើរឡើង។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើសន្ទរកថាក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

 

ដើម្បីចូលរួមចំណែកលើកកម្ពស់ស្រ្តីនៅសង្គមជាតិបន្ថែម រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះលើកទឹកចិត្តឱ្យបណ្តាញសារព័ត៌មានជាទូទៅត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដោយមិនត្រូវប្រើប្រាស់រូបភាពមិនសមរម្យ ប្រើប្រាស់ចំណងជើងទាក់ទាញអ្នកអានដោយបន្ទោសបង្អាប់ជនរងគ្រោះដែលជាស្រ្តីភេទ ដោយហេតុថាស្រ្តីមួយចំនួនអាចរងនូវការចោទប្រកាន់និងទម្លាក់កំហុសទៅវិញ។ លោកបន្ថែមទៀតថា គួរផ្តល់ឱកាសឱ្យស្រ្តីនិងក្មេងស្រីបានបញ្ចេញសំឡេងនិងចែករំលែកមតិយោបល់ ដើម្បីឱ្យសាធារណជនបានសិក្សាយល់ដឹងពីជ្រុងនិងផ្នត់គំនិតរបស់ស្រ្តីនិងក្មេងស្រី។

រូបភាពតំណាងស្រ្តីញញឹមពព្រាយនៅអំឡុងពេលធ្វើការងារ។

 

ចំពោះ កញ្ញា អយ ម៉ារីនី យល់ថា ពលរដ្ឋគួរតែអានដំណឹង និងតាមដានព័ត៌មានណាដែលមានប្រភពច្បាស់លាស់និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីជៀសវាងការទទួលព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលផ្សព្វផ្សាយក្នុងចេតនាទាក់ទាញអ្នកអានឱ្យចុចចូលអានដើម្បីតែរកលុយនិងមិនខ្វល់ពីផលប៉ះពាល់ពីដល់ជនរងគ្រោះនោះឡើយ។ ទន្ទឹមគ្នានេះ កញ្ញាបានលើកទឹកចិត្តចំពោះស្រ្តីនិងក្មេងស្រី ហ៊ានក្រោកឈរប្រឆាំងនឹងការបៀតបៀនទាំងនេះ។

សិស្សានុសិស្សនិងនិស្សិតចូលរួមស្តាប់វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ។

 

វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ រៀបចំឡើងដើម្បីកៀរគរភាគីពាក់ព័ន្ធ ចូលរួមសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាសំខាន់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតួនាទីប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់សង្គមនិងមនុស្សជាតិ។ ក្នុងនោះដែរ ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត(AI) ផ្នត់គំនិតយេនឌ័រ(ហិង្សាទាក់ទងនឹយេនឌ័រ) ក៏ត្រូវបានប្រើប្រាស់ក្នុងបច្ចកវិទ្យាឌីជីវថល ជាហេតុដែលជំរុញឱ្យមានការគិតគូរដល់សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ស្រ្តី និងកុមារជនងាយរងគ្រោះ រួមទាំងស្រ្តីអ្នកសារព័ត៌មានផងដែរ។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​, លោក Sadar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ, លោកស្រី Susanna Elmberger ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៃស្ថានទូតស៊ុយអែត, បណ្តាមន្រ្តីរាជការ, តំណាងអង្គការមិនមែនរដ្ឋាភិបាល, អ្នកសារព័ត៌មាន, និងសិស្សនិស្សិត៕

Share

ព័ត៌មានទាក់ទង