ភ្នំពេញ៖ យ៉ាងហោចណាស់ឱសថខុសច្បាប់ចំនួន ៤៥៤ប្រភេទ សរុបជាង ៧ពាន់ប្រអប់ ត្រូវបានសមត្ថកិច្ច ចុះរឹបអូសរក្សាទុក និងឃាត់ខ្លួនម្ចាស់ហាង ដើម្បីស្រាវជ្រាវរកភស្តុតាងកសាងសំណុំរឿងបញ្ចូនទៅតុលាការ។ លទ្ធផលនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងមហាផ្ទៃ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបុរាណចិន របស់គណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០១៩នេះ។
ឱសថខុសច្បាប់ទាំងនេះត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ និងឆែកឆេរ ហើយរឹបអូសបានកាលពីថ្ងៃទី២៧ មីនា។ ក្នុងនោះរួមមានឱសថជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទ ឱសថបង្កើនភាពស្រើបស្រាល ឬ(ថ្នាំសម្រើប) ឱសថមិនបានចុះបញ្ញីការ គ្មានលិខិតអនុញ្ញាតិឲ្យនាំចូល ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និងឱសថច្រើនប្រភេទទៀតដែលច្បាប់ហាមឃាត់។
ទីតាំងចរាចរឱសថខុសច្បាប់ខាងលើមានចំនួន ៣ ទីតាំងស្ថិតនៅតាមបណ្តោយវិថីហ្សាដឺហ្គោល (ផ្លូវលេខ២១៧) ក្នុងសង្កាត់ អូឬស្សីទី ០៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងក្នុងសន្និសីទកាសែតនាឱកាសនោះថា សមត្ថកិច្ចកំពុងសាកសួរម្ចាស់ហាងលក់ឱសថខុសច្បាប់ទាំងនោះ ដើម្បីរកភស្តុតាងជាក់លាក់ឈានទៅបង្កសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ តាមការសាកសួររកឃើញថា ម្ចាស់ហាងទាំង ៣ ទីតាំងខាងលើ ជាជនជាតិខ្មែរមានឈាមជ័រចិន ហើយពួកគេយកឱសថទាំងនេះពីប្រទេសចិនតាមច្រកព្រំដែន និងខ្លះតាមជើងហោះហើរតែម្តង។
លោកបន្តថា ពួកឈ្មួញខិលខូចទាំងនេះបានប្រើប្រាស់មធ្យោបាយបិទបាំងភ្នែកសមត្ថកិច្ចយ៉ាងស្ទាត់ជំនាញ ខណៈសមត្ថកិច្ចមួយចំនួននៅមានភាពឆកល្វែងក្នុងការត្រួតពិនិត្យទើបបណ្តាលឱសថទាំងនេះអាចមានលក់លើទីផ្សារបាន។
លោក មៀច សុផាន់ណា ឱ្យដឹងទៀតថា សមត្ថកិច្ចកំពុងស៊ើបអង្កេតដើម្បីរកភស្តុតាងឱ្យបានគ្រប់គ្រាន់ ព្រោះបទល្មើសចរាចរឱសថជំនួយសុខភាពផ្លូវភេទនេះ ជាបទល្មើសធ្ងន់ធ្ងរដោយអាចបំផ្លាញអវយវបន្តពូជរបស់បុរស ឬស្រ្តី អស់មួយជីវិត។ លោកថា បទល្មើសនេះអាចប្រឈមជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ៥០លានរៀលឡើងទៅ។

ចំពោះអ្នកផ្សព្វផ្សាយលក់ផលិតផលបង្កើនចំណងផ្លូវភេទតាមប្រព័ន្ធអនឡាញវិញ លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់ទីតាំងជាក់លាក់ដើម្បីតាមចាប់អ្នកលក់ឱសថខុសច្បាប់ទាំងនោះ។
យ៉ាងណាមន្រ្តីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋសូមកុំប្រើប្រាស់ថ្នាំជំនួយផ្លូវភេទឱ្យសោះ ព្រោះវាអាចប៉ះពាល់សមត្ថភាពផ្លូវភេទនៅពេលក្រោយ។
ក្រោយត្រួតពិនិត្យ របស់សមត្ថកិច្ច តុលាការសម្រេចឲ្យផ្អាកអាជីវកម្មទាំង០៣ទីតាំងខាងលើជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចកំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕