en     km
en     km

 សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមការបាត់បង់ទីជម្រកដោយកត្តាបរបាញ់

Share

សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងទាំងពីរប្រភេទ ជាប្រភេទជិតផុតពូជបំផុតនៅក្នុងពិភពលោកដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត។ នេះតាមការបង្ហាញឱ្យដឹងពីលោក ប៊ូ វរសក្ស​ នាយកប្រតិបិត្តអង្គការជីវិតធម្មជាតិនៅកម្ពុជា អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍​

«កម្ពុជាគួរតែមានមោទនភាព ចំពោះសត្វត្រយងទាំងពីរ នេះព្រោះមានប្រមាណពី៨៥ ភាគរយទៅ៩៥ភាគរយ គឺមានវត្តមាននៅកម្ពុជា។ ប្រជាជនកម្ពុជាគួរមានមោទនភាព ដោយសារតែពិភពលោកអត់មានសត្វត្រយង តែយើងមាន បើនិយាយអំពីតម្លៃសេដ្ឋកិច្ចវិញ ត្រយងទាំងពីរនេះក៏ជាគោលដៅទេសចរណ៍សម្រាប់អ្នកមកមើលសត្វផងដែរ និងមួយទៀតវត្តមានរបស់សត្វត្រយងធ្វើឱ្យពិភពលោកចាប់អារម្មណ៍ទៅដល់សហគមន៍មូលដ្ឋានដែលប្រជាជនគាត់ទទួលបានផលពីគម្រោងការងារអភិរក្សដែលពិភពលោកបានវិនិយោគដូចជាគម្រោងស្រូវត្រយងជាដើម។ លោកបន្តថា ពេលគេទៅអភិរក្សត្រយងគឺគេទៅចូលរួមការពារព្រៃឈើទៅចូលរួមលើកកម្ពស់កសាងសមត្ថភាពដល់ពួកគាត់ ក៏ចូលរួមការពារព្រៃឈើ ដែលជាផលប្រយោជន៍ ការពារព្រៃឈើ ការពារធនធានធម្មជាតិ បានផលប្រយោជន៍ទៅដល់សហគមន៍មូលដ្ឋានរបស់គាត់»​

នេះជាការលើកឡើង របស់ លោក ប៊ូ វរសក្ស​ នាយកប្រតិបិត្តអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២៤នេះ។ លោកបន្តថាក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ជាលើកទី១របស់ខ្លួន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេស ធានាថា សត្វស្លាបដែលជានិមិត្តរូប ទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ។

លោក ប៊ូ វរសក្ស​  បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាព អង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។

លោក ប៊ូ វរសក្ស​  ៖«សកម្មភាពដែលបានធ្វើរួចហើយទី១គឺយើងធ្វើការងរអប់រំផ្សព្វផ្សាយឱ្យគាត់យល់អំពីសារៈសំខាន់គ្រប់ទីតាំងទាំងអស់មាន ទាំងសៀមបាង លំផាត់ គូលេន ព្រហ្មទេព ឆែប ក៏ដូចជាតាមដងទន្លេមេគង្គគឺអង្គភាពរៀងៗខ្លួនធ្វើការអប់រំផ្សព្វផ្សាយទៅដល់ប្រជាជន អំពីតម្លៃនៃការអភិរក្សនៃសត្វដែលកម្រជិតផុតពូជ ទាំងតម្លៃផ្នែកជីវៈចម្រុះ ទាំងតម្លៃផ្នែកទេសចរណ៍ វាអាចផ្សាភ្ជាប់គ្នាទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ ប្រសិនជាមានអ្នកទេសចរណ៍ មានអ្នកចាប់អារម្មណ៍ មានអ្នកជួយនៅតំបន់ហ្នឹង។ ក្រៅពីហ្នឹងយើងមានសកម្មភាពលើកកម្ពស់ដល់គាត់ដូចជាសកម្មភាពស្រូវត្រយង ប្រជាជនគាត់ចូលរួមជាមួយគម្រោងស្រូវត្រយង គឺគាត់បានផលគម្រោងទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារ ហើយក៏មានសកម្មភាព អេកូទេសចរណ៍ដូចនៅត្មាតពយ ឆែបព្រះវិហារ សកម្មភាពដែលលើកកម្ពស់ពួកគាត់ដែរ គឺគាត់រកឃើញសំបុកយើងផ្តល់ជារង្វាន់ នៅកន្លែងមួយចំនួនបើគាត់ចូលរួមការពារសំបុក គាត់ទទួលបានផលប្រយោជន៍ពីការចូលរួមការពារពីសំបុកសត្វហ្នឹង នេះគឺជារបស់ដែលយើងបានលើកទឹកចិត្ត ពិសេសគឺការងារអង្កេតស្រាវជ្រាវ តាមដានគឺយើងតែងបានផ្សព្វផ្សាយឱ្យប្រជាជនចូលរួមក្នុងនាមជាអ្នកដឹកនាំផ្លូវទេសចរណ៍ក្នុងស្រុក គាត់ទទួលបានផលប្រយោជន៍នេះ យើងសង្ឃឹមថា គាត់កាត់បន្ថយការរំខានការបរបាញ់ទៅដល់សត្វត្រយង»។

របាយការណ៍ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានបញ្ជាក់បន្ថែមថា សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជា ក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក៕

ប្រភពរូបភាព៖ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា 

Share

ព័ត៌មានទាក់ទង