ភ្នំពេញ ៖ អង្គការសង្គមស៊ីវិល និងតំណាងអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី ១០ខែមិនានេះ បានរៀបចំសិក្ខាសាលាមួយដោយធ្វើការកត់ សម្គាល់ឃើញថា សមភាពនៃសិទ្ធិសេរីភាពបញ្ចេញមតិត្រូវបានរឹតត្បឹត ខណៈកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោកស្រី វ៉ាន់ ហ៊ាលី តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងយ៉ាងដូច្នេះក្នុងសន្និសិទស្តីពីសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលបច្ចុប្បន្នក្នុងទីក្រុងភ្នំពេញ។
លោកស្រី វ៉ាន់ ហ៊ាលី តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងយ៉ាងដូច្នេះក្នុងសន្និសិទស្តីពីសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលបច្ចុប្បន្នក្នុងទីក្រុងភ្នំពេញ។
ថ្លែងក្រៅពីសិក្ខាសាលានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សង្កេតឃើញថា នៅពេលស្ថានការនយោបាយកាន់តែឡើងកម្តៅ បានធ្វើឱ្យសេរីភាពនៃការបញ្ចេញមតិកាន់តែធ្លាក់ចុះ ដែលធ្វើឱ្យអ្នកដែលធ្លាប់បញ្ចេញមតិ មានការខ្លាច រអា។ លោកបន្តថា«ប៉ុន្តែអ្វីដែលសំខាន់ យើងឃើញថា អ្នកដែលបញ្ចេញមតិតាមប្រព័ន្ធហ្វេសប៊ុក នៅតែមានភាពផុសផុល នៅតែមានភាពរស់រវើកដដែលទេ ប៉ុន្តែអ្នកបញ្ចេញមតិតាមសាធារណៈ តាមប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជា គាត់មានការប្រយ័ត្នប្រយែង ឬក៏ការនិយាយហ្នឹងមិនសូវបានទូលំទូលាយដូចកាលពីលើកមុន»។
ចំណែកឯលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច កត់សំគាល់ដែរថារយៈពេលចុងនេះ លោកសង្កេតឃើញថា ការបញ្ចេញមតិនៅកម្ពុជា មានការធ្លាក់ចុះខ្លាំង។ លោកលើកឡើងបន្តថា ដោយសារ នៅពេលដែលមានការបញ្ចេញមតិ និងធ្វើឱ្យធ្លាក់ប្រជាប្រិយភាពគណបក្សណាមួយ ហេតុដូចនេះ ទើបមានគណបក្សខ្លះ មិនចង់ឱ្យមានការបញ្ចេញមតិដោយទូលំទូលាយ។
លោកមានប្រសាសន៍បន្ថែមថា«ការបញ្ចេញមតិមានការរិះគន់អ្វីដែលយើងធ្វើខុស គណបក្សណាមួយដែលខុសឆ្គង នៅពេលដែលមានការរិះគន់វាអាចប៉ះពាល់ដល់ឥទ្ធិពលគេ»។
លោក សំ គន្ធាមី បន្តថា ការធ្លាក់ចុះនេះ បានធ្វើឱ្យសកម្មជនគណបក្សនយោបាយមួយចំនួន អង្គការសង្គមស៊ីវិល ក៏ដូចជាយុវជនមានការព្រួយ បារម្ភពីបញ្ហានេះ។ លោកយល់ថា ប្រសិនបើនៅបន្តការរិតត្បិតសេរីភាពនៃការបញ្ចេញមតិ នោះនឹងប៉ះពាល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ជុំវិញបញ្ហានេះ លោក កែវ រ៉ាមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បកស្រាយប្រាប់អ្នកសារព័ត៌ មាននៅក្នុងសន្និសីទសិទ្ធិមនុស្សនៅកម្ពុជានេះថា ទាំងការគោរពសិទ្ធិមនុស្ស និង ការបញ្ចេញមតិនៅកម្ពុជា នាពេលបច្ចុប្បនេះ គឺមានលក្ខណៈ ល្អប្រសើរជាងប្រទេសណាទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ លោក បន្ថែមថា៖«បងយល់ឃើញថា សិទ្ធិសេរីភាពនៅតែមានការធានា»
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ហើយពេលវេលានៃការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា តទៅក្នុងរយៈពេល១៤ថ្ងៃ។ រយៈពេលចុងក្រោយនេះ យ៉ាងតិចណាស់មនុស្ស១ត្រូវបានចាប់ខ្លួន ករណីបញ្ចេញ មតិពីបញ្ហាសង្គមនៅកម្ពុជា៕