ភ្នំពេញ៖ សង្គមស៊ីវិលបានលើកឡើងថា កន្លងមក រាល់ការជជែកពិភាក្សាទៅលើគោលនយោបាយអភិវឌ្ឍជាតិផ្សេងៗ សំឡេងរបស់សង្គមស៊ីវិលមិនសូវមានឥទ្ធិពល និងមិនត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱកាសឲ្យនោះទេ។ ផ្ទុយទៅវិញ មន្រ្តីនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ទៅវិញថា រដ្ឋាភិបាលបានផ្តល់ឱកាសច្រើនដល់សង្គមស៊ីវិល ប៉ុន្តែសង្គមស៊ីវិលវិញទេ ដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាទៅលើបញ្ហាផ្សេងៗជាមួយរដ្ឋាភិបាល។

នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបតិ្តការដើម្បីកម្ពុជា លោក សឿង សារឿន បានថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពី៖ «ការត្រៀមខ្លួនរបស់អង្គការសង្គមស៊ីវិលនៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដែលបានរៀបចំឡើងដោយគណៈកម្មាធិកាសហប្រតិបតិ្តការដើម្បីកម្ពុជាកាលពីថ្ងៃទី ០៤ សីហា ម្សិលម៉ិញនេះនៅមជ្ឈមណ្ឌល ICF ថា សំឡេងរបស់សង្គមស៊ីវិលដែលជជែកពិភាក្សាក្នុងក្រុមការងារបច្ចេកទេសអំពីយុទ្ធសាស្រ្តអភិវឌ្ឍជាតិហាក់ដូចជាមិនសូវមានឥទ្ធិពលឡើយ។ លោកបានបន្តទៀតថា ភាគច្រើនការរៀបចំយុទ្ធសាស្រ្ត ឬ ផែនការផ្សេងៗក្នុងពេលកន្លងមក គឺរដ្ឋាភិបាលធ្វើតែម្នាក់ឯង ចុងក្រោយទើបឲ្យសង្គមស៊ីវិលជួយត្រួតពិនិត្យ ប៉ុន្តែក្រោយពីសង្គមស៊ីវិលបដិសេធមិនទទួលយកគំនិតណាមួយ រដ្ឋាភិបាលមិនដែលអនុវត្តតាមឡើយ។
នាយកប្រតិបត្តិគណៈកម្មាធិកាសហប្រតិបតិ្តការដើម្បីកម្ពុជារូបនេះ បានឱ្យដឹងបន្ថែមថា យន្តការនៃការប្រើប្រាស់គោលនយោបាយអភិវឌ្ឍជាតិនេះ មិនមែនធ្វើឡើងតែនៅក្នុងថ្នាក់ជាតិនោះទេ គឺសម្រាប់អភិវឌ្ឍប្រទេសទាំងមូលហេតុដូចនេះទាមទារឱ្យមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ និងប្រើប្រាស់យន្តការឱ្យមានប្រសិទ្ធភាពជាងនេះ ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលបានធ្វើការផ្សាយពីគោលការណ៍អភិវឌ្ឍជាតិរយៈពេល ៥ ឆ្នាំ និងគោលការណ៍រំកិល ៣ ឆ្នាំ ដែលសង្គមស៊ីវិលអាចមានសិទ្ធិក្នុងការផ្តល់នូវអនុសាសន៍នានា។ ប៉ុន្តែលោកអះអាងថា ដោយសារតែសង្គមស៊ីវិលមិនយកចិត្តទុកដាក់ និងមិនមានសមត្ថភាពក្នុងការផ្តល់យោបល់ទៅលើបញ្ហានេះ ទើបរដ្ឋាភិបាលមិនអាចទទួលយកគំនិតរបស់សង្គមស៊ីវិលបាន។
យ៉ាងណាម៉ិញ លោក សឿង សារឿន ទទួលស្គាល់ថា ការចូលរួមរបស់សង្គមស៊ីវិលនៅមានភាពឆក់ល្វែង ដោយសារសមត្ថភាពរបស់ពួកគាត់នៅមានកំរិត។ លោកបន្តថា កន្លងមកនៅពេលរដ្ឋាភិបាលរៀបចំយុទ្ធសាស្រ្តផែនការអភិវឌ្ឍជាតិពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ អង្គការសង្គមស៊ីវិលត្រូវបានអញ្ជើញឱ្យចូលរួមពិគ្រោះយោបល់ ប៉ុន្តែនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ។ នៅដំណាក់កាលនេះ វាហាក់បីដូចជាហួសពេលទៅហើយ។ លោកថា ការពិគ្រោះយោបល់គួរតែធ្វើតាំងពីដំបូង។