
សកម្មជនគណបក្សប្រជាជនកម្ពុជាបានធ្វើសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ជំហររបស់ខ្លួនថានឹងធ្វើបាតុកម្មរំលាយគណបក្សប្រសង្គ្រោះជាតិ។ ការប្រកាសគោលជំហររបស់សកម្មជនគណបក្សប្រជាជននេះ បន្ទាប់ពីពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកប្រកាសថាពួកគេនឹងធ្វើបាតុកម្មប្រឆាំង លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅពេលលោកទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅសហរដ្ឋអាមេរិកថ្ងៃទី១៥ ១៦ ខែកុម្ភៈ ខាងមុខ។
លោក សាំង សុង បានប្រកាសនៅក្នុងវីដេអូឃ្លីបមួយថា ខ្លួនជាសកម្មជនបក្សប្រជាជនកម្មកម្ពុជា និងបានប្រកាសទៀតថា បើសិនជាមានបាតុកម្មណាមួយកើតឡើងនៅសហរដ្ឋអាមេរិកប្រឆាំងសម្ដេច ហ៊ុន សែន មែននោះ លោករួមជាមួយសកម្មជនគណបក្សប្រជាជនផ្សេងទៀត និងធ្វើបាតកម្ម នៅមុខស្នាក់ការកណ្ដាលសគណបក្សសង្គ្រោះជាតិដូចគ្នា ដើម្បីប្រឆាំងទាមទារឱ្យរដ្ឋាភិបាលលុបគណបក្សនេះចេញពីបញ្ជីគណបក្សនយោបាយ។
លោក សាំង សុង បានបន្ថែមក្នុងវីដេអូនោះទៀតថា គណបក្សសង្គ្រោះជាតិ បង្កើតឡើងមិនបានជួយអ្វីដល់ពលរដ្ឋនោះទេ មានតែធ្វើឱ្យពលរដ្ឋ និងប្រទេសជាតិ អស្ថិរភាពតែប៉ុណ្ណោះ។ លោក សាំង សុង ដែលប្រកាសខ្លួនថាជាសកម្មជនគណបក្សកាន់អំណាចបានបញ្ជាក់ថា គម្រោងការធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិនេះ គឺមិនមានការបង្គប់បញ្ជាពីបុគ្គលណាម្នាក់ឡើយ។ លោកថា នេះគឺជាឆន្ទៈរបស់យុវជនដែលស្រឡាញ់គាំទ្រមេដឹកនាំប្រទេស និងចង់ការពារនាយករដ្ឋមន្ដ្រីប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ក្រុមយុវជនកម្ពុជាដទៃទៀត ក៏សូមប្រកាស និងត្រៀមខ្លួនជានិច្ច ហើយនិងឆ្លើយតបជាមួយអស់លោកគណបក្សប្រឆាំងដែរថា នេះមិនមែនជាគោលការណ៍របស់គណបក្សប្រជាជនទេ ហើយក៏មិនមែនជាការបង្កប់បញ្ជាពីប្រធានគណបក្សប្រជាជននោះដែរ គឺយើងខ្ញុំទាំងអស់គ្នាជាយុវជនគាំទ្រគណបក្សប្រជាជនគាំទ្ររាជរដ្ឋាភិបាលការពារថ្នាក់ដឹកនាំក្រោកឡើងតស៊ូត្រៀមខ្លួនជានិច្ច ក្នុងការឆ្លើយតបជានិច្ចចំពោះបាតុកម្មរបស់អស់លោក ទោះបីធ្វើនៅអាមេរិចក៏ដោយធ្វើនៅខ្មែរក៏ដោយនេះជាការប្រកាសរបស់យើងខ្ញុំទាំងអស់គ្នា»។
ពាក់ព័ន្ធការបញ្ហានេះ លោក ប៉ាន់ ខេមប៊ុនថន ប្រធានប្រតិបត្តិក្រុមយុវជនសម្ព័ន្ធសេនានាគ និងជាសកម្មជនគណបក្សប្រជាជនមួយរូប បានលើកឡើងថា សម្ព័ន្ធយុវជនរបស់លោកគ្មានគម្រោងធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិនោះឡើយ ព្រោះមិនមែនជាគោលការណ៍របស់យុវជនក្នុងសម្ព័ន្ធនោះទេ។ ប៉ុន្ដែលោកបានបញ្ជាក់ថា ប្រសិនបើមានបាតុកម្មសម្តេច ហ៊ុន សែន នៅពេលដែលលោកអញ្ជើញទៅចូលរួមប្រជុំកំពូលអាស៊ាននៅពេលខាងមុខ ក្រុមសម្ព័ន្ធយុវជនរបស់លោកក៏មិននៅស្ងៀមដែរ។
លោកបន្ថែមថា៖ «អញ្ចឹងខ្ញុំសូមឆ្លើយដោយខ្លីថាខ្ញុំអត់មានគម្រោងបាតុកម្មទេ ប៉ុន្ដែបើសិនជាបងប្អូននៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងសម្ដេចតេជោក្រុមសេនានាគក៏មិននៅស្ងៀមដែរ»។
ទាក់ទិននឹងបញ្ហានេះ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការសម្តែងមតិរបស់សកម្មជនគណបក្សប្រជាជនកម្ពុជា លោក សាំង សុង គឺមិនខុសនោះឡើយ។ បើសិនជាសកម្មជនគណបក្សប្រឆាំងបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅសហរដ្ឋអាមេរិច ដូច្នេះប្រជាពលរដ្ឋក្នុងប្រទេសក៏មានសិទ្ធធ្វើបាតកម្មតវ៉ាប្រឆាំងនឹងគណបក្សសង្គ្រោះជាតិវិញបានដូចគ្នា ព្រោះនេះជាសិទ្ធសេរីភាពរបស់ពលរដ្ឋ។
«ខ្ញុំគាំទ្រចំពោះការសម្ដែងមតិដោយសន្ដិវិធីដោយអហិង្សាដោយស្របទៅតាមគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជាមានក្នុងច្បាប់ស្ដីពីបាតុកម្ម»។
ចំណែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានប្រកាសស្វាគមន៍គម្រោងធ្វើបាតុកម្មរបស់ក្រុមយុវជនគាំទ្រគណបក្សប្រជាជនកម្ពុជាប្រឆាំងគណបក្សសង្គ្រោះជាតិផងដែរ។
ការប្រកាសរបស់លោក យ៉ែម បុញ្ញឫទ្ធិ ធ្វើឡើងក្រោយពីលោក សាំង សុង និងលោក ស៊ីម វណ្ណរ៉ា ដែលអះអាងថា ខ្លួនជាតំណាងក្រុមសម្ព័ន្ធយុវជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រកាសធ្វើបាតុកម្មទាមទាររំលាយគណបក្សសង្គ្រោះជាតិ បើមានបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន នៅអាមេរិកខាងមុខ។

លោក អូ វីរៈ ប្រធានអង្គការវេទិកាអនាគត បានមានប្រសាសន៍ថា មិនមានអ្វីជាការចម្លែកនោះទេ ព្រោះពលរដ្ឋគ្រប់រូបអាចមានសិទ្ធិក្នុងការធ្វើការបាតុកម្មបានគ្រប់គ្នាដោយសន្តិវិធី ហើយរដ្ឋាភិបាលត្រូវតែការពារសុវត្ថិភាពជូនពលរដ្ឋទាំងអស់មិនថា អ្នកគាំទ្រគណបក្សប្រឆាំង ឬគណបក្សកាន់អំណាចនោះទេ។
លោក អ៊ូ វីរៈ បញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់រូបមិនគួរភ័យខ្លាចក្នុងការធ្វើបាតុកម្ម ដើម្បីបញ្ចេញមតិជាសាធារណៈនោះឡើយ ហើយគួរតែស្វាគមន៍វិញ ព្រោះការធ្វើបាតុកម្មនេះ គឺអាចឱ្យពលរដ្ឋខ្មែរមានឱកាសក្នុងការសម្ដែងមតិរបស់ខ្លួន។
លោកបន្ថែមថា៖ «ខ្ញុំមិនមានអ្វីភ្ញាក់ផ្អើលនោះទេហើយខ្ញុំក៏ស្វាគមន៍ដែរ ឱ្យតែធ្វើឡើងនៅក្នុងសន្ដិវិធីហើយរដ្ឋាភិបាលត្រូវតែការពារសុវត្ថិភាពរបស់អ្នកធ្វើបាតុកម្មក្រុមពួកគាត់ហ្នឹងហើយក៏ការពារគណបក្សប្រឆាំង ធ្វើម៉េចកុំឱ្យមានការគំរាមគំហែងក្នុងរូបភាពមួយណា បើសិនជាធ្វើអញ្ចឹងបានមានអី ប៉ុន្ដែគ្រាន់តែពីអតីតកាលមកយើអនុញ្ញត្ដិឱ្យមានអំពើហិង្សាតាំងពីការគប់ដុំថ្មលើផ្ទះលោកកឹមសុខា សុទ្ធតែរឿងអំពើខុសច្បាប់ទាំងអស់តាមពិតអ្នកដែលគប់ហ្នឹង ត្រូវជាប់គុកទាំងអស់មិនចេះតិចនាក់ទេប៉ុន្ដែដោយសាររដ្ឋាភិបាលគាត់មិនអើពើ អញ្ចឹងហើយបានគេរិះគន់រដ្ឋាភិបាល»។
សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ពលរដ្ឋខ្មែរអាមេរិចកាំងធ្លាប់បានធ្វើបាតុកម្មប្រឆាំងសម្ដេច ហ៊ុន សែន ម្ដងរួចមកហើយ ខណៈដែលលោកទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិច។ បន្ទាប់ពីព្រឹត្ដិការណ៍តវ៉ានៅសហរដ្ឋអាមេរិករំលងបានមួយខែសម្ដេច ហ៊ុន សែន ត្រូវបានប្រជាជនខ្មែរសញ្ជាតិបារាំង ធ្វើបាតុកម្មតវ៉ាប្រឆាំងសម្ដេច នៅទីក្រុងប៉ារីសម្ដងទៀត។
ក្រោយពីមានការតវ៉ាទាំងពីរលើកនេះរួចមក សកម្មជនគណបក្សប្រជាជនកម្ពុជាបានធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ ការធ្វើបាតុកម្មរបស់សកម្មជនគណបក្សប្រជាជនកម្ពុជា នៅមុខរដ្ឋសភានេះ បានបង្កជាអំពើហិង្សា និងបណ្តាលឱ្យតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប គឺលោក លោក គង់ សភា និងលោក ញ៉យ ចំរើន រងរបួសធ្ងន់ផងដែរ៕