សកម្មជនថៃត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបានប្រមាថព្រះមហាក្សត្រដោយស្លៀកពាក់ដូចព្រះមហាក្សត្រិយានីថៃ។អ្នកនាងJatuporn អាយុ 25 ឆ្នាំបានស្លៀកសំលៀកបំពាក់ពណ៌ផ្កាឈូកនៅក្នុងបាតុកម្មនយោបាយនៅទីក្រុងបាងកកក្នុងឆ្នាំ 2020 ។
អ្នកនាងJatuporn បានបដិសេធការចោទប្រកាន់ពីការប្រមាថព្រះមហាក្សត្រ ដោយនិយាយថា នាងគ្រាន់តែស្លៀកសម្លៀកបំពាក់ប្រពៃណីថៃតែប៉ុណ្ណោះ។ប្រទេសថៃមានច្បាប់តឹងរ៉ឹងដែលហាមប្រាមការរិះគន់ព្រះមហាក្សត្រ និងព្រះរាជវង្សដទៃទៀតប្រកបដោយប្រសិទ្ធភាព។
ចាប់តាំងពីព្រះមហាក្សត្រ Maha Vajiralongkorn ឡើងសោយរាជ្យនៅឆ្នាំ 2019 ក្រុមសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរបានអនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រកាន់តែខ្លាំង ដើម្បីលុបបំបាត់ចលនាតវ៉ាដែលទាមទារឱ្យមានកំណែទម្រង់របបរាជានិយមដ៏មានឥទ្ធិពល។ក្រុមអ្នកច្បាប់ថៃបាននិយាយថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2020 មកបាតុករយ៉ាងតិច 210 នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីរយៈពេល 3 ឆ្នាំដែលច្បាប់នេះមិនត្រូវបានអនុវត្តសោះពីមុនមក។
ក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះសាលក្រមរបស់តុលាការថៃកាលពីថ្ងៃចន្ទ។ តាមពិតJaturpon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារបីឆ្នាំ ប៉ុន្តែបានបន្ថយទោសមកត្រឹមពីរឆ្នាំវិញ។អ្នកនាងបានចូលរួមការតវ៉ានៅឆ្នាំ ២០២០ ក្នុងនាមជាអ្នកបង្ហាញម៉ូតសំលៀកបំពាក់សូត្រពណ៌ផ្កាឈូក ដើរលើកម្រាលព្រំក្រហម អមដោយអ្នកកាន់ឆ័ត្របាំងអោយនាងផង។
ភរិយារបស់ព្រះមហាក្សត្រថៃគឺម្ចាស់ក្សត្រីសុធីតា តែងស្លៀកសម្លៀកបំពាក់សូត្រក្នុងកម្មវិធីផ្លូវការជាសាធារណៈ។ ជាញឹកញាប់រាជវង្សថៃក៏មានអ្នកចូលរួម ដោយប្រើឆ័ត្របាំងនៅក្នុងពិធីផ្សេងៗផងដែរ។
អ្នកនាង Jatuporn បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្សព្វផ្សាយមុនការសម្រេចរបស់តុលាការថា “ខ្ញុំគ្មានចេតនាចង់ចំអកឱ្យនរណាម្នាក់នោះទេ។ អ្នកនាងនិយាយថា នៅថ្ងៃនោះខ្ញុំបានស្លៀកពាក់ផ្ទាល់ខ្លួនខ្ញុំ នៅក្នុងពិធីបង្ហាញសម្លៀកបំពាក់ប្រពៃណីថៃ” ។
ការតវ៉ាលើកម្រាលព្រំក្រហម ដែលជាការតវ៉ាមួយក្នុងចំណោមការតវ៉ាជាច្រើនទៀតនៅឆ្នាំនោះ ដែលរិះគន់របបរាជានិយម និងមានឥទ្ធិពលលើរដ្ឋាភិបាលយោធា ត្រូវបានរៀបចំឡើងក្នុងសប្តាហ៍តែមួយ ខណៈដែលកម្មវិធីបង្ហាញម៉ូដដែលធ្វើឡើងដោយបុត្រីរបស់ស្តេច Vajiralongkorn ។
អ្នកនាំពាក្យអង្គការលើកលែងទោសអន្តរជាតិបាននិយាយថា៖ «ការបង្ហាញម៉ូដសម្លៀកបំពាក់គឺជាការរិះគន់លក្ខណៈនយោបាយ ដែលជាព្រឹត្តិការណ៍ដោយសន្តិវិធី ជាសាធារណៈ ស្រដៀងនឹងពិធីបុណ្យផ្សេងៗតាមដងផ្លូវដទៃទៀតដែរ»។«អ្នកចូលរួមមិនគួរទទួលទោសចំពោះការការជួបជុំដោយសន្តិវិធីនោះទេ»។
កាលពីឆ្នាំមុន អតីតមន្ត្រីរាជការម្នាក់ដែលត្រូវបានគេចាត់ទុកថាបានរិះគន់រាជវង្សតាមប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៤៣ ឆ្នាំ។រាជវាំងមិនបានធ្វើអត្ថាធិប្បាយលើករណីប្រមាថព្រះមហាក្សត្រទាំងពីរនេះទេ។
ចលនាតវ៉ាដំបូងបានកំណត់គោលដៅទៅលើរដ្ឋាភិបាលដែលគាំទ្រដោយយោធា ដែលដឹកនាំដោយអតីតមេដឹកនាំរបបយោធា ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងរដ្ឋប្រហារក្នុងឆ្នាំ 2014 ។
ចលនាបាតុកម្មនេះបានបំពានច្បាប់ហាមការរិះគន់របបរាជានិយម ទោះបីមេដឹកនាំបាតុកម្មបានត្រឹមតែអំពាវនាវឱ្យមានការកែប្រែស្ថាប័នរាជវាំង មិនមែនការលុបបំបាត់ក៍ដោយ។ក្រុមបាតុករចង់អោយមានការត្រួតពិនិត្យបន្ថែមទៀត បន្ទាប់ពីព្រះមហាក្សត្រ Vajiralongkorn មានទ្រព្យសម្បត្តិដ៏មហាសាល រស់នៅដ៏ឡូយឆាយនិងមានឥទ្ធិពលលើការដឹកនាំកងទ័ព។
ប្រភព៖ BBC News ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២