ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបនិងខេត្តព្រះសីហនុដឹកអ្នកដំណើរកើនឡើងរហូតដល់៨លាននាក់និងដឹកទំនិញ៦ម៉ឺនតោនដែលនាំឲ្យទទួលចំណូលប្រមាណ ២,៧ ពាន់លានដុល្លារនិងជួយបង្កើត១,៧លានការងារ។នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់អាកាសចរស៊ីវិលកម្ពុជាចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧។

បើតាមសេចក្តីជូនដំណឹងរបស់អាកាសចរស៊ីវិលកម្ពុជាចុះផ្សាយកាលពីថ្ងៃទី២៥ ខែមករានេះ បញ្ជាក់ថាវិស័យអាកាសចរស៊ីវិលកម្ពុជាបានជួយបង្កើតការងារដោយផ្ទាល់និងប្រយោលចំនួន១,៧លានការងារស្មើនឹង២០ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុបនិងបង្កើនសេដ្ឋកិច្ចប្រមាណ២,៧ពាន់លានដុល្លារស្មើនឹង១៧ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។
ក្រុមហ៊ុនអាកាសយនដ្ឋានកម្ពុជាបានវិនិយោគ១០០លានដុល្លារអាមេរិកដើម្បីបង្កើនសមត្ថភាពទ្វេដង នៃទំហំស្ថានីយ៍អ្នកដំណើររបស់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អាការយន្តដ្ឋាន អន្តរជាតិសៀមរាបដោយទទួលបានអ្នកដំណើរ១០លាននាក់។
ក្រុមហ៊ុនអាកាសយនដ្ឋានកម្ពុជាបានពង្រីកស្ថានីយ៍អ្នកដំណើរចំណតអាកាសយានចំនួន៦នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបចំនួន៥និងពង្រីកទំហំផ្លូវរត់និងពង្រីកតំបន់សុវត្ថិភាព។
ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េនិងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានទទួលជំនួយឥតសំណងនៃគម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរនៅកម្ពុជាក្នុងទំហំប្រាក់១០,១០លានដុល្លារអាមេរិកដែលគម្រោងនេះអនុវត្តរយៈពេល៤ឆ្នាំចាប់ពី២០១៤ដល់ឆ្នាំ២០១៧។
បច្ចុប្បន្នសេវាដឹកជញ្ជូនតាមផ្លូវអាកាសនៅប្រទេសកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១០ កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នក ដំណើរនិងទំនិញចេញចូលទាំងក្នុង ស្រុកនិងក្រៅស្រុក។ក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន៤០កំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា។
កម្ពុជានឹងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣នៅខេត្តកណ្តាលនៅក្នុងក្រុងតាខ្មៅ អាកាសយានដ្ឋានសៀមរាបនិងខេត្តកោះកុង៕