
ប៉ុន្មានថ្ងៃចុងក្រោយនេះ អំពើឆក់ប្លន់បានកក្រើកឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស។ ក្នុងអំពើឆក់ប្លន់ទាំងនោះបានធ្វើឱ្យមនុស្សស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានលើកជាចម្ងល់ថា ហេតុអ្វីក៏មាន អំពើចោរកម្មកើតឡើងផ្ទួនៗម្ល៉េះ?
ខ្លះសរសេរថា ទីក្រុងភ្នំពេញគួរឱ្យខ្លាចនៅពេលរាត្រី។ ចំណែកសមត្ថកិច្ចវិញ ក៏បានចេញបង្ក្រាបក្រុមចោរឆក់ប្លន់ទាំងនោះ ដោយបានចាប់ខ្លួន និងបាញ់សម្លាប់អ្នកតដៃផងដែរ។ តើកត្តាអ្វីខ្លះនាំឱ្យអំពើឆក់ប្លន់កើនឡើងខ្លាំងបែបនេះ?
សូមស្ដាប់បទវិភាគរៀបរៀងជូនដោយលោក ណុល ដារ៉ា ដូចតទៅ៖
មួយរយៈចុងក្រោយនេះ អំពើឆក់ និងប្លន់ប្រដាប់អាវុធ បានកំពុងកើតឡើងយ៉ាងផុលផុស ទាំងនៅក្នុងរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្តនានា។ អំពើឆក់ប្លន់ទាំងនោះ ក្រៅពីធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ ក៏ធ្វើឱ្យម្ចាស់ទ្រព្យទាំងនោះរបួស ពិការ ឬស្លាប់ទៀតផង។
កាលពីខែចុងវិច្ឆិកាកន្លងមកនេះ នៅខេត្តកំពង់ស្ពឺ មានករណីប្លន់ប្រដាប់អាវុធ ដូចជាប្លន់ផ្ទះជាងកាត់សក់របស់លោកនាយករដ្ឋមន្ត្រី និងប្លន់ផ្ទះប្រធានពន្ធដារខេត្តកណ្ដាល ដែលមានទីតាំងនៅភូមិព្រៃរកា ឃុំរកាកោះ ស្រុកគងពិសី។
ចំណែកឯនៅរាជធានីភ្នំពេញ អំពើឆក់កាបូប និងទូរសព្ទដៃ បណ្ដាលឱ្យស្ត្រីជាច្រើនរងរបួស ពិការ ឬស្លាប់។ ក្នុងចំណោមជនរងគ្រោះដោយសារអំពើឆក់កាបូប និងឆក់ទូរសព្ទដៃទាំងនោះ មានស្ត្រីអ្នកសារព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាចំនួន ៣ នាក់ផងដែរ ធ្វើឱ្យបាត់បង់ទូរស័ព្ទស្មាតហ្វូនចំនួន ៤ គ្រឿង និងលុយជិត៣ពាន់ដុល្លារ។
កាលពីថ្ងៃសុក្រ ទី១១ ខែធ្នូ កន្លងមកថ្មីៗនេះ មានអំពើប្លន់ប្រដាប់អាវុធមួយនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោល បានបណ្ដាលឱ្យស្លាប់យុវជនម្នាក់។ នៅថ្ងៃទី១២ ខែធ្នូ អំពើប្លន់ទ្រង់ទ្រាយធំចំនួនបីករណីទៀតនៅខេត្តកណ្ដាល ពោធិ៍សាត់ និងបាត់ដំបង ក្នុងនោះធ្វើឱ្យស្ត្រីម្នាក់ស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិជាង ៣០ ម៉ឺនដុល្លារ។
តើកត្តាអ្វីខ្លះបណ្ដាលឱ្យអំពើឆក់ប្លន់កើនឡើង?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថា តាមការសង្កេតនាពេលកន្លងមក អំពើឆក់ប្លន់ច្រើនកើតឡើងនៅមុនពេលបោះឆ្នោត។ ទាក់ទងនឹងអំពើចោរកម្មកើតឡើងច្រើននេះ លោកថា មានពាក្យចចាមអារ៉ាមថា នៅជិតពេលបោះឆ្នោត រដ្ឋាភិបាលច្រើនតែបង្ហាញសាច់ដុំឱ្យមហាជនឃើញ តាមរយៈការបង្កើនក្រុមសន្តិសុខចល័ត ហើយនៅពេលដែលក្រុមសន្តិសុខចល័តចេញច្រើន អំពើចោរកម្មក៏មានច្រើនដែរ។
លោក មាស នី បន្តថា ពាក្យចចាមអារ៉ាមបន្ថែមថា ការកើតមានអសន្តិសុខច្រើននេះ ក៏អាចជាផ្នែកមួយដែលរដ្ឋាភិបាលចង់បង្ហាញថា បើកាលណាមិនមានការគ្រប់គ្រងត្រឹមត្រូវ រដ្ឋាភិបាលណាដែលមិនមានសមត្ថភាព គឺពិតជាមិនអាចគ្រប់គ្រងអំពើចោរកម្មបានទេ។
លោក មាស នី មានប្រសាសន៍ថា៖ «នៅក្នុងពេលតាំងពីរដ្ឋាភិបាលចាប់ផ្ដើមបង្កើតនូវការបង្ក្រាបជាបន្តបន្ទាប់មក យើងឃើញថា តាំងពីពេលនោះមក គឺអាវុធហ្នឹងហាក់ដូចជាមានចរាចរណ៍នៅខាងក្រៅច្រើនជាងមុន។ អ៊ីចឹងបាន ដល់អ៊ីចឹងទៅចោរប្លន់ក៏វាកើតទៅតាម សកម្មភាពរបស់កងសន្តិសុខហ្នឹងដែរ ប៉ុន្តែត្រង់ថាវាទាក់ទងគ្នាយ៉ាងម៉េច អាហ្នឹងយើងអត់ហ៊ានថាទេណា៎! ដោយសារយើងគ្មានភស្តុតាង»។
លោក មាស នី មានប្រសាសន៍បន្ថែម ដោយកត់សម្គាល់ថា តាមធម្មតា បើសិនជាមានការដាក់ពង្រាយកម្លាំងសន្តិសុខច្រើន គួរណាស់តែអំពើចោរកម្មឆក់ប្លន់ថយចុះ តែជារឿងដែលចម្លែក ព្រោះនៅពេលកម្លាំងសន្តិសុខកើនឡើង អំពើចោរកម្មក៏កើនឡើងដែរ។
លោក មាស នី មានប្រសាសន៍បន្តថា៖ «យើងដឹងហើយថា ស្រុកខ្មែរយើងកន្លងមកហើយអាវុធហ្នឹងបានប្រមូលអស់ហើយ រហូតដល់យើងមានសុវត្ថិភាពសង្គមហ្នឹងស្ទើរតែ ១០០% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែឥឡូវនេះវាស្រាប់តែជាកើតទៀត ហើយកើតច្រើនហ្នឹងគឺប្រដំត្រសងគ្នា នៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមបង្កើនសាច់ដុំ ពិសេសគឺការបង្កើនកម្លាំងសន្តិសុខអីសម្រាប់ការពារអ្នកធ្វើបាតុកម្មស្អីៗផ្សេងៗហ្នឹង។ អ៊ីចឹងក្នុងស្ថានភាពបែបហ្នឹង បើយើងនិយាយអំពីការបង្ហាញជាសាធារណៈសាច់ដុំនៃកម្លាំងសន្តិសុខ វាគួរណាស់តែចោរហ្នឹងថយ … »។

ចំណែកឯនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិញ មានប្រសាសន៍ថា មានមូលហេតុពីរ ដែលនាំឱ្យមានអំពើចោរកម្មកើនឡើងខ្លាំង គឺល្បែងស៊ីសង និងគ្រឿងញៀន។
លោក សន ជ័យ បានលើកឧទាហរណ៍ករណីនៅខេត្តកោះកុងថា នៅទីនោះពីមុនមកមិនសូវមានអំពើឆក់ប្លន់ទេ ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលឱ្យមានល្បែងជល់មាន់នៅកន្លែងស្វាវ៉ៃបុកនោះមក អំពើឆក់ប្លន់បានកើតមានគួរឱ្យបារម្ភ។ លោកថា មូលហេតុធំបំផុត ដែលនាំឱ្យមានអំពើឆក់ប្លន់កាប់សម្លាប់កើតឡើង គឺល្បែងស៊ីសងនេះតែម្ដង។
លោក សន ជ័យ មានប្រសាសន៍ថា៖ «សំខាន់គឺត្រូវតែបង្ក្រាបល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់ ហើយល្បែងដែលស្របច្បាប់ហ្នឹង ត្រូវធានាថាហាមមិនឱ្យប្រជាពលរដ្ឋខ្មែរលេងហ្នឹង គឺត្រូវអនុវត្តឱ្យបានល្អ ព្រោះកន្លងមកដូចជាល្បែងស្អីប្រជល់បក្សីកីឡា ឬក៏ជល់មាន់ជល់អីហ្នឹង ទៅជាល្បែងខុសច្បាប់ ប៉ុន្តែឥឡូវនេះវាទៅជាល្បែងស្របច្បាប់នៅតាមកាស៊ីណូមួយចំនួន។ អ៊ីចឹង ត្រូវធានាថាល្បែងនៅក្នុងកាស៊ីណូហ្នឹង ពិតជាមិនមានជនជាតិខ្មែរលេងទេ»។
លោក សន ជ័យ ក៏កត់សម្គាល់ដែរថា អំពើឆក់ប្លន់នាពេលបច្ចុប្បន្ននេះមានទ្រង់ទ្រាយធំ ជាហេតុធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបង្ក្រាប ។
យ៉ាងណាក៏ដោយ ក្រោយពេលមានអំពើប្លន់សម្លាប់យុវជនម្នាក់ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី១១ ខែធ្នូនោះ សមត្ថកិច្ចរាជធានីបានចាប់ខ្លួនជនសង្ស័យបាន ៥នាក់ និងបាញ់សម្លាប់ជនសង្ស័យ ២នាក់ ដែលបានបាញ់តដៃជាមួយសមត្ថកិច្ច។ ចំណែកជនសង្ស័យប្លន់អ្នកលក់គ្រឿងអលង្កានៅខេត្តបាត់ដំបង ក៏សមត្ថកិច្ចបានចាប់ខ្លួនបានចំនួន២នាក់ផងដែរ នៅឡើយតែចោរប្លន់ម្ចាស់ផ្ទះផ្ទេរប្រាក់នៅខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ ដែលបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នោះតែប៉ុណ្ណោះ។
តាមចម្លើយជនសង្ស័យក្នុងអំពើប្លន់ និងសម្លាប់យុវជនកាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី១១ ខែធ្នូនោះ ឱ្យដឹងថា ពួកគេមុននឹងចេញប្លន់ តែងតែជក់គ្រឿងញៀន។ យ៉ាងនេះក្ដី នៅមិនទាន់មានចម្លើយជាក់លាក់ ថាតើពួកគេសម្រេចចិត្តចេញប្លន់នេះដោយសារមូលហេតុអ្វីឱ្យប្រាកដប្រជានោះទេ។
ប៉ុន្តែបើផ្អែកតាមអ្នកវិភាគទាំងពីរខាងលើឃើញថា អំពើចោរកម្មដែលកើនឡើងនេះអាចដោយសារ ល្បែងស៊ីសង គ្រឿងញៀន និងអាចដោយសារជនឱកាសនិយម៕