en     km
en     km

វិទ្យាស្ថានជាតិអប់រំ នឹងប្រែក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ

Share

ភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ រួមជាមួយសមិទ្ធិផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដែលគ្រោងនឹងដាក់សម្ពោធក្នុងខែឧសភា​​ ឆ្នាំ២០២៥ខាងមុខ។ នេះតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៥។ អ្នកស្រី​ វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

 

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា  បានប្រាប់វិទ្យុស្រ្តីថា វិទ្យាស្ថានជាតិអប់រំ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូតែមួយគត់និងដំបូង ទៅដល់គរុនិស្សិត ដែលត្រៀមខ្លួនក្លាយទៅជាគ្រូបង្រៀននៅកម្រិតវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា ។ លោកស្រីបន្ថែមថា បន្ទាប់ពីមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ នៅពេលខាងមុននេះ វិទ្យាស្ថានជាតិអប់រំនឹងប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ មួយដើម្បីលើកកម្ពស់គុណភាពគ្រូបង្រៀន នៅកម្រិតវិទ្យាល័យ។

លោកស្រី ឃួន វិច្ឆិកា  ៖ « ក្រសួងអប់រំ យុវជន​ និងកីឡា ជឿជាក់ថា ការកែលម្អវិទ្យាស្ថានជាតិអប់រំទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាផ្នែកទន់ ជាពិសេសការប្រែក្លាយវិទ្យាស្ថានជាតិអប់រំឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ នេះគឺជាការចូលរួមចំណែកសំខាន់ក្នុងការចូលរួមលើកកម្ពស់គុណភាពគ្រូបង្រៀននៅក្នុងកម្រិតវិទ្យាល័យដើម្បីគាត់អាចបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងមានសមត្ថភាពជំរុញឱ្យសិស្សានុសិស្ស អាចទទួលបានបំណិនសតវត្សរ៍ទៅ២១ពិតប្រាកដ ដែលសំដៅទៅលើចំណេះវិជ្ជាទៅលើមុខវិទ្យានីមួយៗ ក៏ដូចជាវិធីសាស្រ្តបង្រៀន នឹងជំរុញឱ្យសិស្សានុសិស្ស ទទួលបាននូវចរិយាសម្បទា ដែលក្នុងនោះមានទាំងការសហការជាក្រុម ការដោះស្រាយបញ្ហា និងការច្នៃប្រឌិតខ្ពស់ជាដើម»។

ក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដោយបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ បានប្រែក្លាយវិទ្យាស្ថានជាតិអប់រំឱ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ដែលរួមមាន៤ អង្គភាព ១ មហាវិទ្យាល័យគរុកោសល្យ ២ សាលាក្រោយបរិញ្ញាបត្រ ៣ មជ្ឈមណ្ឌលស្រាវជ្រាវ អប់រំ និងនវានុវត្តន៍ និង៤ អង្គភាពកិច្ចការទូទៅ ដែលចែកចេញជា១៤ដេប៉ាតឺម៉ង់ និងការិយាល័យ។

លោកស្រី ឃួន វិច្ឆិកា៖« ក្រៅពីការបណ្តុះបណ្តាលដំបូងសម្រាប់គរុនិស្សិតក្នុងការត្រៀមខ្លួនក្លាយជាគ្រូបង្រៀនកម្រិតវិទ្យាល័យវិទ្យាស្ថានជាតិអប់រំក៏មានតួនាទីក្នុងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំទៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ទូទាំងប្រទេសដូចជាផ្តល់ការអប់រំកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ក៏ដូចជាថ្នាក់បណ្ឌិតផងដែរ ហើយនៅក្នុងពេលបច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំ ក៏មានតួនាទីក្នុងការគាំទ្រក្រសួងអប់រំ យុវជន និងកីឡាក្នុងការធ្វើការស្រាវជ្រាវ និងគាំទ្រសាលារៀន ដើម្បីស្វែងរកឧត្តមនវានុវត្តន៍ក្នុងការរៀន និងបង្រៀនក៏ដូចជាក្នុងការរៀបចំគោលនយោបាយអប់រំផងដែរ»។

 តាមរបាយការណ៍ សមិទ្ធផលកំណែទម្រង់ វិទ្យាស្ថានជាតិអប់រំ ២០២១-២០២៥នេះ គណៈកម្មាធិការកំណែទម្រង់បានកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងមូលដែលរួមមាន៖ ១. សាងសង់អគារសិក្សាមួយខ្នង ដែលជាអំណោយរបស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ២. សាងសង់បណ្ណាល័យ សម្តេចព្រះសង្ឃរាជ ជួន ណាត មួយខ្នង ៣. ជួសជុលកែលម្អអគារបេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន១៦ ដែលរួមទាំង អគារសិក្សានៃវិទ្យាល័យអនុវត្ត និងបឋមសិក្សាអនុវត្ត  ៤. សាងសង់របង ខ្លោងទ្វារ និងខឿនព័ទ្ធជុំវិញ ៥. រៀបចំសួនច្បារ ទីលានកីឡា ចំណតយានជំនិះ អាហារដ្ឋាន ប្រព័ន្ធផ្លូវ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យា និង៦ បំពាក់សម្ភារៈសិក្សា បន្ទប់រៀនវៃឆ្លាត ប្រកបដោយបច្ចេកវិទ្យាឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត បន្ទប់កុំព្យូទ័រ និងសម្ភារៈ ការិយាល័យទំនើប ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន ឆ្លើយតបទៅនឹង កំណែទម្រង់សាលាគរុកោសល្យរបស់ក្រសួង និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។​

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សមិទ្ធិផលទាំងនេះគ្រោងនឹងដាក់សម្ពោធ នៅក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភពរូបភាពៈ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

Share

ព័ត៌មានទាក់ទង