ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបន្តវាយប្រហារជាថ្មីទៀត មកលើស្ថាប័នរដ្ឋសភាដែលលោកចាត់ទុកថា ជាទីង មោងរបស់គណបក្សប្រជាជនកម្ពុជា។ យ៉ាងណា អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ចាត់ទុកសម្តីរបស់លោក សម រង្ស៊ី ថាជាការនិ យាយមិនបានការ។
លោក សម រង្ស៊ី ថាប្រសិនបើច្បាប់ស្តីពី គណបក្សនយោបាយត្រូវបានកែប្រែមែន នោះកម្ពុជានឹងមានប្រព័ន្ធបក្សតែមួយដូចកាលពីសម័យកុម្មុយនិស្ត។ លោកថា គណបក្សសង្គ្រោះជាតិជាបក្សមួយដែលមានអត្ថិភាពបំផុតក្នុងការយកឈ្នះការបោះឆ្នោតនាពេលខាងមុខ ដូច្នេះនាំឱ្យដៃគូរម្ខាងទៀតចង់កម្ចាត់លោកចេញពីឆាកនយោបាយ។
ការលើកឡើងរបស់មេបក្សប្រឆាំងដែលត្រូវរដ្ឋាភិបាលឃាឃាំងមិនឱ្យចូលស្រុកនេះ គឺស្របពេលដែល សំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានបញ្ជូនទៅដល់ដៃរដ្ឋសភាហើយ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ។ ហើយច្បាប់នេះ នឹងត្រូវបើកកិច្ចប្រជុំគណកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី១៣ កុម្ភៈ។
ឆ្លើយតបបញ្ហានេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា ថ្លែងប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ១១ កុម្ភៈនេះ ដោយមិនចាប់អារម្មណ៍លើសម្តីរបស់មេបក្សប្រឆាំងរូបនេះទេ ហើយលោកថាការលើកឡើងរបស់ លោក សម រង្ស៊ី ជាសម្តីមិនបានការ។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺឈរលើគោលការណ៍ច្បាប់ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ «លោក សម រង្ស៊ី គាត់តែងតែនិយាយបង្អាប់សភាវាច្រើនដងហើយ ប៉ុន្តែគាត់ធ្វើពហិការមិនចូលសភា ក្រោយមកគាត់ចូល អញ្ចឹងសម្តីគាត់នេះមិនបានការអីទេ។»
ក្នុងសម័យប្រជុំសភាកាលពីថ្ងៃទី៣១ មករា សម្តេច ហ៊ុន សែន បានប្រតិកម្មដោយបញ្ជាប្រាប់ទៅសភាគណបក្សប្រជាជនរបស់លោក ឱ្យធ្វើញត្តិទៅប្រធានរដ្ឋសភា ដើម្បីកែប្រែច្បាប់ ស្តីពីគណបក្សនយោ បាយ ដោយបញ្ជូលមាត្រាថ្មីមួយ ឬកថាខ័ណ្ឌថ្មីដើម្បីដកសិទ្ធិអ្នកនយោបាយ ដែលសម្តេចថាជាទណ្ឌិតមិនឱ្យធ្វើនយោបាយ។ លោកនាយករដ្ឋមន្ត្រីថា គេមិនដែលទុកឱ្យអ្នកមានទោសមានសិទ្ធិធ្វើនយោបាយនោះទេ ដែលសម្តេចថា សូម្បីតែប្រទេសថៃគេក៏រំលាយគណបក្សនយោបាយផងដែរ ប្រសិបបើមេបក្សមានកំហុសព្រហ្មទណ្ឌ។
លោក សម រង្ស៊ី បានសរសេរបន្តថា ច្បាប់ដែលតុបតែងឡើងគឺដើម្បីគ្រាន់តែដកហូតតួនាទីលោកតែប៉ុណ្ណោះ គឺមិនមានឥទ្ធិពលអ្វីទេក្នុងឆាក នយោបាយនៃប្រទេសកម្ពុជា។ លោកថា បើទោះបីជាលោកលះបង់រាល់តួនាទីក្នុងជួរគណបក្ស ក៏លោកនៅតែជានិមិត្តរូបតំណាងឲ្យទឹកចិត្តប្រ ជារាស្ត្រ ដែលប្រឆាំងរបបផ្តាច់ការ និងអំពើពុករលួយសព្វថ្ងៃ។