ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលទើបមានសេរីភាពឡើងវិញ បន្ទាប់ពីព្រះមហាក្សត្រព្រះរាជទានលើក លែងទោស តាមសំនើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ នៅថ្ងៃទី០៤ ធ្នូ នេះ លោកបានថ្លែងនៅចំពោះមុខអ្នកគាំទ្រថា លោកនឹងបំពេញ ភារកិច្ចជាអ្នកតំណាងរាស្ត្រដូចដើមវិញ ដោយលោកនឹងចូលរួមប្រជុំក្នុងរដ្ឋសភា។

ថ្លែងនៅចំពោះមុខសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងវេទិកា«ពង្រឹងសមត្ថភាពចលនាយុវជន-ស្ដ្រី ខេត្ត ស្រុក និងឃុំសង្កាត់ ខេត្ត កំពង់ចាម និងខេត្តត្បូងឃ្មុំ» នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ លោក កឹម សុខា ដែលបានសម្ងំលាក់ ខ្លួនក្នុងទីស្នាក់បក្សអស់រយៈពេលជិតកន្លះឆ្នាំហើយនោះ បានអះអាងថា លោកនឹងចូលរួមកិច្ចប្រជុំរដ្ឋសភាដូចដើមវិញ។ លោកបន្តថា លោកនឹងត្រៀមរៀបចំឡើងវិញនូវយុទ្ធនាការមួយ ដើម្បីឱ្យមានការជជែងគ្នារវាងសមាជិករដ្ឋសភាសំឡេងភាគច្រើន និងសមាជិករដ្ឋសភាសំឡេងភាគតិច ឈានទៅរកដោះស្រាយបញ្ហាប្រទេសជាតិរួមគ្នា។
សូមស្តាប់ប្រសាសន៍លោក កឹម សុខា
នៅមុនការលើកលែងទោសលោក កឹម សុខា ដោយព្រះរាជទានពីព្រះមហាក្សត្រ មានការជជែកគ្នាច្រើនពីវត្តមានរបស់លោក កឹម សុខា ក្នុងកិច្ចប្រជុំរដ្ឋសភា ស្តីពី ការអនុម័តថវិកាជាតិសម្រាប់ឆ្នាំ ២០១៧ ។
កាលណ្ណោះមានការលើកឡើងផ្សេងៗគ្នា ដោយមតិខ្លះថា លោក កឹម សុខា នឹងចូលរួមប្រជុំ ដើម្បីបង្ហាញពីកិត្យានុភាពរបស់បក្សប្រឆាំង ហើយវត្តមានរបស់លោក កឹម សុខា ក្នុងរដ្ឋសភាក៏អាចបំបែកសំណុំរឿងរបស់តុលាការផងដែរ ដោយបង្ហាញថាអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្របក្សប្រឆាំងមានប្រសិទ្ធិភាព។
ដោយឡែកមតិមួយចំនួនទៀតលើកឡើងថា លោក កឹម សុខា នឹងមិនហ៊ានចូលរួមប្រជុំពេញអង្គរដ្ឋសភាឡើយ ព្រោះខ្លាចវិធានការផ្លូវច្បាប់របស់តុលាការ ព្រោះលោកកំពុងជាប់ចោទ និងត្រូវបានតុលាការសម្រេចទោសឱ្យជាប់ពន្ធនាគាររួចទៅហើយ៕