លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សកាន់អំណាចប្រទេសភូមា ត្រូវបានសភាបោះឆ្នោតគាំទ្រឲ្យលោកស្រីមានតំណែងជាទីប្រឹក្សារដ្ឋដែលមានឋានៈស្មើនាយករដ្ឋមន្ដ្រី។

បណ្ដាញផ្សាយព័ត៌មាន BBC បានឲ្យដឹងថា សភាភូមាមានចំនួនលើសលប់ មកពីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រលោកស្រី ស៊ូជី ឲ្យមានតួនាទីដូចនេះគឺកាលពីថ្ងៃម្សិលម៉ិញ។
តាមប្រភពដដែលនេះ លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានតែងតាំងជារដ្ឋមន្ដ្រីការបទេស និង គណៈរដ្ឋមន្ដ្រីជាផ្លូវការផងដែរ។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរដ្ឋធម្មនុញ្ញរបស់ពួកយោធារារាំងការកាន់តំណែងប្រធានាធិបតី តែលោកស្រីបានសម្រេចយកតួនាទីជាទីប្រឹក្សារដ្ឋនោះ គឺមានតួនាទីជាអ្នកផ្ដល់គំនិតដល់ប្រធានាធិបតីដែលលោកស្រីបានលើកបន្ដុប។
សេចក្ដីរាយការណ៍ដដែលនេះបានឲ្យដឹងទៀតថា តំណាងរបស់ពួកយោធា មិនបានគាំទ្រលោកស្រីឲ្យមានតំណែងជាទីប្រឹក្សារដ្ឋនោះទេ ប៉ុន្ដែសំឡេងគាំទ្រលោកស្រីមានភាពលើសលប់លើសំឡេងជំទាស់របស់ពួកយោធា៕
ប្រភព:BBC