ភ្នំពេញ៖ អង្គការលីកាដូនៅថ្ងៃទី០៨ មេសានេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយគាំទ្រចំពោះប្រសាសន៍ប្រមុខរដ្ឋាភិបាល ដោយសំណូរពរឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ ដោះស្រាយតម្រូវការរបស់ស្ដ្រីក្នុងពន្ធនាគារ ជាពិសេសស្ថានភាពអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ម្ដាយមានកូនតូចនៅជាមួយ និងស្រ្តីមានផ្ទៃពោះក្នុងពន្ធនាគារ។ យ៉ាងណាមន្រ្តីក្រសួងយុត្តិធម៌និយាយថា ពួកគេបាននឹងកំពុងអនុវត្តតាមគោលការណ៍មនុស្សធម៌ចំពោះស្រ្តីមានកូន និងមានផ្ទៃពោះក្នុងដំណាក់កាលជាប់ឃុំបណ្តោះអាសន្ននេះ និងអនុវត្តសាលក្រមរួច។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
គាំទ្រតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៩ អង្គការលីកាដូ(Licadho) នៅថ្ងៃទី០៨ មេសានេះ បានចេញសេចក្តីថ្លែងការណ៍ ដោយជំរុញឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យមើលស្ថានភាពអ្នកជាប់ពន្ធនាគារជាស្រ្តីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ សេចក្តីថ្លែងការណ៍នេះ បានអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយតម្រូវការរបស់ស្ដ្រីក្នុងពន្ធនាគារ ពិសេសស្ថានភាពអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ម្ដាយមានកូនតូចនៅជាមួយ និងស្រ្តីមានផ្ទៃពោះ ក្នុងពន្ធនាគារ។
បញ្ហានេះ លីកាដូ ផ្តល់អនុសាសន៍ថា គួរត្រូវបានដោះស្រាយតាមរយៈការប្រើប្រាស់វិធានការផ្លូវច្បាប់ ដែលមានស្រាប់ដូចជា ផ្ដល់អាទិភាពសវនាការចំពោះស្រ្តីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្ន និងការពន្លឿនដំណើរការនៃពាក្យបណ្ដឹងសុំនៅក្រៅឃុំ។
ស្របជាមួយប្រសាសន៍សម្តេច ហ៊ុន សែន អង្គការ លីកាដូ ក៏បានសរសេរលិខិតទៅក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ដោយសំណូមពរឱ្យក្រសួងពាក់ព័ន្ធទាំងនេះ ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេច។ វិធានការទាំងនេះ ត្រូវបានរៀបរាប់លម្អិតនៅក្នុងរបាយការណ៍ដែលលីកាដូបានចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៨ ដែលមានចំណងជើងថា “ពេលដែលត្រូវដោះលែងឱ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់”។ របាយការណ៍នេះ បង្ហាញពីស្ថានភាពកុមារ ម្ដាយរបស់ពួកគេ និងស្ដ្រីមានផ្ទៃពោះដែលត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជា។
អង្គការលីកាដូរកឃើញថា កុមារ និងម្ដាយរបស់ពួកគេ ប្រឈមនឹងបញ្ហាជាច្រើនដូចជា ខ្វះខាតរបបអាហារ ទឹកប្រើប្រាស់ និងបរិភោគ សម្លៀកបំពាក់ និងគ្រឿងសម្អាតអនាម័យផ្សេងៗ។ បញ្ហាទាំងនេះគឺមានស្ថានភាពអាក្រក់ខ្លាំង ដោយសារការប្រើប្រាស់នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នច្រើនហួសហេតុ និងកង្វះខាតនៃការអនុវត្តនីតិវិធីផ្លូវច្បាប់ដែលមានស្រាប់ដូចជា ពាក្យបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នជាដើម។

របាយការណ៍របស់លីកាដូបានលើកឡើងពីអនុសាសន៍មួយចំនួន អាចជួយកាត់បន្ថយបញ្ហា ដែលសម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍។
ទី១៖ អ្នកជាប់ឃុំទាំងអស់ដែលមានសិទ្ធិ គួរត្រូវបានសាកសួរថាតើចង់ស្នើសុំនៅក្រៅឃុំឬទេ ពិសេសករណី អ្នកជាប់ឃុំជាស្រ្តីមានកូនតូចនៅជាមួយ និងអនីតិជនជាដើម។ វិធានការនេះនឹងជួយធានាថា ក្មេងមិនចាំបាច់ត្រូវរស់នៅក្នុងបន្ទប់ឃុំឃាំងតូចចង្អៀត ដែលអាចប៉ះពាល់ដល់ការលូតលាស់ផ្នែករាង្គកាយ និងស្មារតីរបស់ពួកគេទេ។
ទី២៖ គួរផ្ដល់អាទិភាពចំពោះសវនាការសុំនៅក្រៅឃុំករណីមួយចំនួនរបស់អ្នកជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងម្ដាយដែលមានកូនតូចនៅជាមួយ ដូចនេះពួកគេមិនចាំបាច់ត្រូវឃុំខ្លួនបណ្ដោះអាសន្ន ក្នុងរយៈពេលវែង និងមិនមានពេលវេលាកំណត់ជាក់លាក់នោះ។ ការអនុវត្តវិធានការនេះ នឹងជួយកុមារអាយុលើសពី៣ឆ្នាំ ដែលពួកគេមិនចាំបាច់ត្រូវបានបន្តរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ហើយក៏មិនត្រូវបានបង្ខំឱ្យទៅរស់នៅក្នុងមណ្ឌលថែទាំកុមារដែរ។ ដូចគ្នាផងដែរ មានឯកសារដែលបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះមិនបានទទួលការថែទាំ ទាំងមុននិងក្រោយពេលសម្រាលកូននោះទេ។
ទី៣៖ ធានាថា ការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ គួរត្រូវបានប្រើប្រាស់ដោយសមស្រប និងជាជម្រើសចុងក្រោយ ដោយអនុលោមតាមគោលការណ៍សន្មត់ថាគ្មានទោសដរាបណាជនសង្ស័យមិនទាន់ត្រូវបានកាត់ទោស។
ទី៤៖ ធានាថា មុនពេលចេញដីកាសម្រេចឃុំខ្លួន គួរមានការពិចារណាឱ្យបានសមស្របដោយផ្អែកលើកាលៈទេសៈផ្ទាល់ខ្លួន នៃរាល់បុគ្គលដែលត្រូវបានចោទប្រកាន់ ដោយអនុលោមតាមកិច្ចការពារផ្នែកច្បាប់ ជាពិសេសក្នុងករណីនៃអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងម្ដាយមានកូនតូច ក៏ដូចជាអនីតិជនជាដើម។
ទាក់ទងរឿងនេះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់វិទ្យុស្ត្រីថា ក្រសួងបាន នឹងកំពុងអនុវត្តតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តី ដែលស្ត្រីអាចធានាឱ្យស្ត្រីមានកូនតូច និងមានផ្ទៃពោះបាននៅក្រៅឃុំបណ្តោះអាសន្នក្នុងនីតិវិធីឃុំខ្លួនមិនទាន់មានសវនាការ។ ជាងនេះតុលាការនឹងជំរុញឱ្យមានសាវនាការឱ្យបានលឿន និងផ្តន្ទាទោសតាមគោលការណ៍មនុស្សធម៌ ហើយកាត់ទោសព្យួរ។
លោក ជិន ម៉ាលីន បន្ថែមថា ចំពោះបទល្មើសធ្ងន់ធ្ងរដូចជា ករណីមនុស្សឃាត តុលាការក៏មិនអាចបន្ថូរបន្ថយដល់ស្រ្តីបានដែរ។ លោកបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធបានប្រើប្រាស់គោលការណ៍មនុស្សធម៌យ៉ាងច្រើនសម្រាប់ស្រ្តីមានកូនតូច និងមានផ្ទៃពោះ ដោយស្នើឱ្យលើលែងទោសសម្រាប់ការអនុវត្តសាលក្រមរួចរាល់ហើយនោះ។
លោក ជិន ម៉ាលីន៖«បទល្មើសដែលមានភាពសាហាវធ្ងន់ធ្ងរ ក៏យើងមិនអាចធ្វើបានដែរ ដូចជាករណីមនុស្សឃាតជាដើម។ បើសិនជាប់ពាក់ព័ន្ធគ្រឿងញៀនតិចតួចអី យើងអាចប្រើគោលការណ៍មនុស្សធម៌បាន ប៉ុន្តែបើអ្នកអនុវត្តទោសហើយ អាហ្នឹងចូលទៅក្នុងល័ក្ខខណ្ឌមួយទៀតគឺមានការស្នើឱ្យលើកលែងទោស ឬបន្ថូរបន្ថយទោសសម្រាប់ឳកាសចូលឆ្នាំនេះ។ អីចឹង!អ្វីដែលយើងធ្វើគឺមានដំណាក់កាលនីតិវិធីផ្អែកតាមគោលការណ៍ច្បាប់ត្រឹមត្រូវច្បាស់លាស់ណាស់មិនមែនតាមអ្វីដែលគាត់ស្នើធ្វើម៉េចឱ្យដោះលែងឱ្យអស់នោះទេ មិនអាចធ្វើអីចឹងបានទេ»។

លីកាដូបានចាប់ផ្ដើមឃ្លាំមើលស្ថានភាពពន្ធនាគារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្ននេះកំពុងឃ្លាំមើលពន្ធនាគារចំនួន១៨ក្នុងចំណោមពន្ធនាគារសរុបចំនួន២៨ នៅកម្ពុជា។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា កុមារអាយុក្រោម៣ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅជាមួយម្ដាយរបស់ពួកគេក្នុងពន្ធនាគារ។ បច្ចុប្បន្ននេះ មានកុមារចំនួន១១៣នាក់ និងស្ដ្រីមានផ្ទៃពោះចំនួន៣៨នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារចំនួន១៨ដែលលីកាដូ បានធ្វើការឃ្លាំមើល។ វិបត្តិនេះកំពុងតែធ្វើឱ្យមានស្ថានភាពកាន់តែអាក្រក់ឡើង ខណៈចំនួនកុមារដែលនៅជាមួយម្ដាយក្នុងពន្ធនាគារ បានកើនឡើងស្ទើរតែទ្វេដងចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧មក។៕