en     km
en     km

រោងចក្រផលិតសំបកកង់នៅកម្ពុជាចំនួន៣កែច្នៃជ័រកៅស៊ូបាន ២០ម៉ឺនតោនក្នុងមួយឆ្នាំ

Share

ថ្មីៗនេះ លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មានរោងចក្រផលិតសំបកកង់ចំនួនបីក្នុងប្រទេស មានសមត្ថភាពកែច្នៃជ័រកៅស៊ូកម្ពុជាបានប្រហែល២០ម៉ឺនតោនក្នុងមួយឆ្នាំ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

 

លោកបានឡើងបែបនេះ នៅក្នុងឃ្លីបវីឌីអូដែលផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលលោកចុះទៅទស្សនាការសាកល្បងវាយតម្លៃគ្រាប់ពូជដែលផ្សាំនៅចម្ការពិសោធន៍វាយតម្លៃកូនស៊ីដលីង នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចំពោះការប្រើប្រាស់ជ័រកៅស៊ូ លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម បានលើកឡើងថា កន្លងមកកម្ពុជាមិនមានកែច្នៃជ័រកៅស៊ូយកទៅប្រើប្រាស់ដូចជា៖ កង់ឡាន ស្បែកជើង ឬទំនិញផ្សេងៗទៀតនោះទេ។ ប៉ុន្តែ ងាកមកបច្ចុបន្នវិញឃើញថា កម្ពុជាមានវត្តមានរោងចក្រផលិតសំបកកង់ចំនួនបី ដែលមានសមត្ថភាពកែច្នៃជ័រកៅស៊ូកម្ពុជាប្រមាណវង្វង់ពី ១៥ម៉ឺន ទៅ ២០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ដោយរោងចក្រទាំងបីនោះ រួមមាន៖ ក្រុមហ៊ុន រទេះកង់ ខូអិលធីឌី មានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុន General Tires Technology (Cambodia) Co, Ltd. ក្នុងខេត្តព្រះសីហនុ និងក្រុមហ៊ុន NEWBUSTAR (Cambodia) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។

ទន្ទឹមនេះដែរ លោកក៏បានឡើងពីកិច្ចការចម្បងរបស់វិទ្យាស្ថានគឺការស្រាវជ្រាវដែលចាយទាំងដើមទុនវិនិយោគ និងពេលវេលាដែលមានរយៈពេលវែង។ លោកថា អ្នកវិនិយោគមុននឹងគេសម្រេចចិត្តវិនិយោគ គឺត្រូវការភាពច្បាស់លាស់ពិសេស ភស្តុតាងតាមបែបវិទ្យាសាស្ត្រ ដែលអាចបង្កើតទំនុកចិត្តដល់វិនិយោគិន។

តាមរយៈវីដេអូឃ្លីបខាងលើ លោក ឃុន កក្កដា បញ្ជាក់ថា ផ្ទៃដី​ដាំដុះ​កៅស៊ូសរុប​​ទូទាំង​ប្រទេស​ ​មាន​ចំនួន ៤០៤,០០០ ហិកតា ក្នុងនោះមានផ្ទៃដីចៀរជ័រដល់ទៅ ​៨០ ភាគរយ​។

គួរជម្រាបថា សម្រាប់កម្ពុជា វិស័យកៅស៊ូ គឺជាប្រភពចំណូលថវិកាជាតិ ហើយក៏ជាប្រភពការងារសម្រាប់ប្រជាជនផងដែរ។ បើតាមការរយៈទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥តោន កើនឡើងចំនួន ១ ៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅពីកំណើននៃការលក់ជ័រកៅស៊ូ​ តម្លៃជ័រកៅស៊ូក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ។ តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ មានតម្លៃ ១ ៥៨៦ដុល្លារ/តោន កើនឡើង ២១៥ដុល្លារ/តោន ស្មើនឹង ១៥,៧២ភាគរយ បើធៀបនឹងឆ្នាំមុន៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម

Share

ព័ត៌មានទាក់ទង