អ្នករត់ពន្ធគ្រឿងញៀនជនជាតិថៃចំនួន១៣នាក់ បានស្លាប់នៅអំឡុងពេលបាញ់ប្រហារគ្នាជាមួយនឹងមន្រ្តីយោធានៅជិតព្រំដែនមីយ៉ាន់ម៉ា-ថៃ ខណៈរកឃើញថ្នាំញៀនជាច្រើនលានគ្រាប់។
(កញ្ញា សៃ ចន្ធី រាយការណ៍)
លោកឧត្តមសេនីយ Praphat Phobsuwan មេបញ្ជាការក្រុមកិច្ចការពិសេស Pha Muang បានឱ្យដឹងថា អ្នករត់ពន្ធគ្រឿងញៀនជនជាតិថៃចំនួន១៣នាក់ បានស្លាប់ក្នុងអំឡុងពេលបាញ់ប្រហារគ្នារវាងយោធានៅជិតព្រំដែននៃប្រទេសមីយ៉ាន់ម៉ានៅក្នុងស្រុក MaeFaLuang ខេត្តChaing Rai ប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមលោកឧត្តមសេនីយ៍ Praphat បាននិយាយថា ការស្លាប់របស់អ្នករត់ពន្ធគ្រឿងញៀនជនជាតិថៃចំនួន១៣នាក់នេះ បានកើតឡើងនៅវេលាម៉ោង៧នាទីយប់នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានប្រើកាំភ្លើងបាញ់តបតទៅវិញទៅមក រវាងទាហាននៅជិតព្រំដែននៃប្រទេសមីយ៉ាន់ម៉ា និងក្រុមរត់ពន្ធគ្រឿងញៀន។
បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារគ្នាបានផ្ទុះឡើង ទាហានដែលនៅជិតព្រំដែនមីយ៉ាន់ម៉ា-ថៃ បានរង់ចាំរហូតដល់ព្រឹកឡើងទើបចុះទៅពិនិត្យនិងអន្តរាគមន៍នៅទីតាំងកើតហេតុ។ មន្រ្តីប៉ូលិសបានរកឃើញបាវនៅជិតសាកសពទាំង១៣នាក់ ដែលក្នុងនោះផ្ទុកទៅដោយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១៧បាវដែលមានថ្នាំញៀនសរុបប្រមាណ ១,៧លានគ្រាប់។
សូមបញ្ជាក់ថា ថ្នាំញៀនមេតំហ្វេតាមីនប្រមាណ ១,៧លានគ្រាប់ ត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយអង្គភាព Thap Chao Tak នៃក្រុមកិច្ចការពិសេស Pha Muang នៅភូមិ Pang Ma Han ក្នុងស្រុក Tambon Therd ប្រទេសថៃ។ ជាមួយគ្នានេះ អង្គភាពប្រឆាំងគ្រឿងញៀន នៃនគរបាលភូមិន្ទថៃ បានរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួនមួយលានដប់មួយម៉ឺនប្រាំបីពាន់គ្រាប់ (១១៨៨០០០គ្រាប់) ផ្សេងទៀត ពីផ្ទះដែលស្ថិតនៅក្រោមការឃ្លាំមើលមួយរយៈក្នុងសង្កាត់ Mae Yao ស្រុក Muang Chaing Rai ខេត្ត Chaing Rai ប្រទេសថៃ៕
ប្រភព៖ Bangkok Post ចុះថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣