ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់បញ្ចូលបុគ្គលិកអង្គភាពស៊ីម៉ាក់ (CMAC) ទាំងអស់ ក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ដើម្បីផ្ដល់ការគាំពារក្រោយពេលពួកគេដល់អាយុចូលនិវត្ដន៍ ឬក៏ពិការ ព្រោះការបំពេញបេសកកម្មការងារ។ អគ្គនាយកអង្គភាពស៊ីម៉ាក់ បង្ហាញក្ដីរីករាយ ដែលប្រមុខដឹកនាំរដ្ឋាភិបាល យកចិត្ដទុកដល់ផ្ដល់ការគាំទ្រដល់បុគ្គលិកស៊ីម៉ាក់ដូច្នេះ។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ ៖

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានសម្រេចផ្ដល់ក្របខ័ណ្ឌ ជូនដល់មន្ដ្រីរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទាំងអស់ឲ្យស្ថិតក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ក្នុងគោលបំណង ដើម្បីឲ្យពួកគាត់ទទួលបាននូវរបបសោធននិវត្ស ពីរាជរដ្ឋាភិបាល ក្រោយពេលដែលពួកគាត់ដល់អាយុចូលនិវត្ដន៍ ឬក៏ពិការខណៈដែលបំពេញការងារជាដើម។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រី ឲ្យដឹងនៅថ្ងៃអង្គារទី២០ មីនានេះ ថា រូបលោក ក៏ដូចជាបុគ្គលរបស់អង្គភាពស៊ីម៉ាក់ទាំងអស់ មានសេចក្ដីរីករាយជាខ្លាំងដែលសម្ដេច ហ៊ុន សែន សម្រេចដូចនេះ។ លោកបន្ដទៀតថា នេះជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការយកចិត្ដទុក របស់រាជរដ្ឋាភិបាល លើការខិតខំប្រឹងប្រែង ពលី របស់បុគ្គលិកស៊ីម៉ាក់ ដើម្បីបោសសម្អាតមីន ដែលបន្សល់ទុកពីសម័យសង្គ្រាម។
លោក ហេង រតនា ៖«ប្រសិនបើអត់មានក្របខ័ណ្ឌទេ មិនអាចទទួលយករបបសោធនរបស់រដ្ឋបានទេ។ អញ្ចឹងទេការទទួលបានការសម្រេចរបស់សម្ដេច តេជោនេះ បានធ្វើឲ្យមន្ដ្រីបុគ្គលិកស៊ីម៉ាក់ទាំងអស់ មានការសប្បាយរីករាយ និងថ្លៃអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ដែលគិតគូរ ផ្ដល់ការគាំទ្រ ដល់មន្ដ្រីបុគ្គលិកស៊ីម៉ាក់ទាំងអស់ ឲ្យមានរបបសោធនសម្រាប់ការចូលនិវត្ដន៍ ពលី នៅពេលបំពេញភារកិច្ច ពិការ ជាដើម»។

បច្ចុប្បន្នបុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មានចំនួនជាង ១៨០០នាក់ ស្ដ្រីមានជាង ១០០នាក់ ហើយបុគ្គលិកកំពុងបម្រើការប្រមាណ ១៥០០នាក់ និងបុគ្គលិកចូលនិវត្ដន៍មានចំនួនជាង ២០០នាក់ ។ បន្ថែមពីនេះអគ្គនាយកអង្គភាពស៊ីម៉ាក បានបញ្ជាក់ថា បុគ្គលិកអង្គភាពស៊ីម៉ាក់ទាំងអស់ ភាគច្រើនសុទ្ធសឹងតែជា អតីតកងកម្លាំងប្រដាប់អាវុធ។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានចាប់ផ្ដើមបង្កើតឡើងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងអំឡុងឆ្នាំ១៩៩២ នៅក្នុងគោលបំណង ដើម្បីជួយឲ្យមានសុវត្ថិភាពដល់ការតាំងទីលំនៅថ្មី នៃគ្រួសារជនមាតុភូមិនិវត្ដន៍ទាំងអស់ ដែលបានវិលត្រឡប់ពីបណ្ដាជំរុំជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា ថៃ។ បើគិតមកដល់ពេលនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការងារកម្ចាត់មីននៅលើផ្ទៃដីកម្ពុជា អស់រយៈពេល ២៥ឆ្នាំមកហើយ។

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ គឺជាស្ថាប័នបោសសម្អាតមីន ឈានមុខគេនៅប្រទេសកម្ពុជា។ ដើម្បីអនុវត្ដឲ្យបានជោគជ័យនូវបេសកកម្ម “សង្គ្រោះជីវិត និងគាំទ្រការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា” អង្គភាពស៊ីម៉ាក់ បានដាក់ចេញនូវកម្មវិធី ការងារគន្លឹះជាចម្បងចំនួនបួន គឺ កម្មវិធីស្រាវជ្រាវ និងកាត់បន្ថយបង្រួញផ្ទៃដី ដែលមានមីន កម្មវិធីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្មវិធីអប់រំផ្សព្វផ្សាយកាត់បន្ថយពីគ្រោះថ្នាក់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុំ និងកម្មវិធីហ្វឹកហ្វឺន និងស្រាវជ្រាវការអភិវឌ្ឍន៍បច្ចេកវិទ្យាលើវិស័យបោសសម្អាតមីន។
ដោយសារតែបេសកកម្មការងារ ប្រកបដោយមនុស្សធម៌ និងចាំបាច់ ទើបព្រះបរមតនកោដ្ឋ ព្រះមហាវិរៈក្សត្រខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្ដលេខា លើព្រះរាជក្រឹត្យ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០១ ប្រែក្លាយមជ្ឈមណ្ឌលកម្មភាពកម្ចាត់មីនកម្ពុជា ឲ្យទៅជាស្ថាប័នជាតិមួយរហូតមកដល់បច្ចុប្បន្ននេះ។

សូមជម្រាបថា ផ្ទៃដីប្រទេសកម្ពុជា ដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ មានប្រមាណជិត ២០០០គីឡូម៉ែត្រក្រឡា។ ក្នុងឆ្នាំ២០១៧ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដីបាន ៨ពាន់ ៦៣៦ហិចតា ។ ក្នុងនោះ គឺបានកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទបានចំនួន ៣ម៉ឺន ៧ពាន់ ៤៤៨គ្រាប់។

នៅក្នុងឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលកម្មភាពកម្ចាត់មីនកម្ពុជា បានរៀបចំផែនការក្នុងការរំដោះផ្ទៃដីចម្ការមីន និងចម្ការ ដែលមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១១៧គីឡូម៉ែត្រក្រឡា និងធ្វើសកម្មភាពសំខាន់ៗ មួយចំនួនទៀត ដូចជា ការស្រាវជ្រាវព័ត៌មានពីចម្ការមីន ការអប់រំ និងពង្រឹងបណ្ដាញស្ម័គ្រចិត្ដតាមភូមិចំនួន ៧០០ភូមិ ដែលជាគោលដៅ ក្នុងការហ្វឹកហ្វឺន ព្រមទាំងការជួយសង្គ្រោះជនពិកាដោយសារគ្រាប់មីនជាដើម៕