អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃកំពុងស្វះស្វែងរក ដោះស្រាយករណីអាជ្ញាធរថៃ បានឃាត់ខ្លួនពលរដ្ឋ កម្ពុជាចំនួន ២៨រូប ដែលបានចូលទៅទឹកដីថៃ កាលពីថ្ងៃទី២៩ កន្លងមកនេះឱ្យមានសេរីភាពវិញ។

ការសែត Bangkok Post បានឱ្យដឹងថា ពលរដ្ឋកម្ពុជាចំនួន២៨រូប ដែលបានចូលទឹកដីថៃត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនកាលពីថ្ងៃសៅរិ៍ទី២៩ ដោយចោទពលរដ្ឋខ្មែរ ចូលទឹកដីថៃ ដោយខុសច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ កំពុងតែជួយរកដំណោះស្រាយ ដើម្បីជួយអន្តរាគមន៍ទៅដល់ពលរដ្ឋដែលត្រូវបានអាជ្ញាធរថៃ ឃាត់ខ្លួននោះឱ្យពួកគេមានសេរីភាពវិញ។ ប៉ុន្តែលោកថាអាជ្ញាធរថៃ មិនទាន់មានការឆ្លើយតបយ៉ាងណានោះទេជុំវិញករណីនេះ។ យ៉ាងណាក៏ដោយលោក ជុំ សន្ទរី អះអាងថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃរង់ចាំការស្រាយបំភ្លឺពីអាជ្ញាធរថៃពីដើមចមដែលឈាននាំឱ្យមានការឃាត់ខ្លួននេះ។
ទាក់ទងនឹងករណីនេះដែរ នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគួរតែបង្កើតឱកាសការងារ និងមុខរបរក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីងាយស្រួលទៅដល់ប្រជាពលរដ្ឋអាចប្រកបរបរនៅក្នុងស្រុក ជាជាងពួកគេធ្វើចំណាកស្រុកទៅក្រៅប្រទេស។
អុ្នកជំនាញខាងការងាររូបនេះ បានផ្ដល់អនុសាសន៍ដូចនេះថា៖«សព្វថ្ងៃហ្នឹងដូចជាក់ស្តែងដូចជារឿងចំការកៅស៊ូអីចឹងយើងពឹងផ្អែកទៅលើទីផ្សារគេច្រើនពេក ដូចទីផ្សារវៀតណាមហើយនៅពេលដែល វៀតណាមគេទម្លាក់តម្លៃធ្វើឱ្យកសិករយើងដែលគាត់ដាំកៅស៊ូនឹងគឺថាគាត់ខាតដល់ពេលគាត់ខាតឥលូវនាំគ្នាកាប់ដើមកៅស៊ូចោល ទៅដាំដើមម្រេចឥលូវម្រេចហ្នឹងចាប់ផ្តើមធ្លាក់ថ្លៃទៀត មិនដឹងថាកសិករកាប់ដើមម្រេចទៅដាំស្អីវិញទៀតទេ អាហ្នឹងដែលរឿងហ្នឹងរដ្ឋត្រូវពិចារណាបង្កើតឱកាសការងារ ក៏ដូចជាឱកាសមុខរបរនៅក្នុងស្រុក…»។
តាមរបាយការណ៍របស់អង្កការសិទ្ធិការងារ គឺពលរដ្ឋខ្មែរដែលទៅធ្វើពលកម្មនៅ ប្រទេសថៃមាន ជាង៦០ម៉ឺននាក់។ ពួកគាត់ធ្វើការជាកម្មករសំណង់ កម្មករ នេសាទ និង កម្មករ ដាំដំណាំ ៕