ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃព្រហស្បតិ៍ទី០៩មិថុនានេះ បានចូលបំភ្លឺនៅចំពោះមុខសមាជិកសភានៃគណបក្សកាន់អំណាច ដើម្បីឆ្លើយសំនួរទាក់ទិនទៅនឹងការចាប់ឃុំខ្លួនអ្នកតំណាងរាស្ដ្រ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស មន្ដ្រី គ.ជ.ប ដែលគណបក្សប្រឆាំងចោទសួរពីការប្រើប្រាស់អំណាចរបស់មន្ដ្រីយុត្ដិធម៌មិនស្របច្បាប់។

ការសម្រេចចូលបំភ្លឺរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភាមកពីគណបក្សប្រជាជន កាលពីថ្ងៃចន្ទសប្ដាហ៍មុន បានសម្រេចកោះហៅឱ្យមកឆ្លើយបំភ្លឺតបតាមការស្នើសុំរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែការបំភ្លឺដែលគេរំពឹងថា នឹងមានការសួរដេញដោលខ្លាំងៗពីម្ចាស់សំនួរ បែរជាអ្នកផ្ដើមសំនួរអត្តវមាន ទៅវិញ។ លោក សុន ឆ័យ នឹងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាម្ចាស់សំនួរ បានប្រកាសធ្វើពិហិការប្រជុំសភា។ លោក សុន ឆ័យ បានសំដែងការខកចិត្តដែលលោកថា សភាបក្សកាន់អំណាចមិនគួរជ្រើសរើសពេលវេលានៅពេលនេះទេ។
តែបែបនេះក្ដីលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានិយាយថា គេមិនត្រូវរង់ចាំតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចូលរួមប្រជុំសភានោះទេ។ លោកថា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ត្រូវឆ្លើយបំភ្លឺរាល់សំនួររបស់ម្ចាស់សំនួរ បើទោះជាមិនមានការចោទសួរអ្វីពីម្ចាស់សំនួរក៏ដោយ។
កាលពីខែមុននេះ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិចំនួន១០រូប តំណាងដោយលោក សុន ឆ័យ ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅលោក អង្គវង្ស វឌ្ឍនា អោយមកបំភ្លឺនៅចំពោះមុខសម័យប្រជុំសភា ចំពោះការចោទសួរមួយចំនួនទាក់ទិនទៅនឹងការប្រើប្រាស់មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ ចាប់ចងលើអ្នកតំណាងរាស្ដ្រ និងសកម្មជននៃអង្គការសង្គមស៊ីវិល ដែលគណបក្សប្រឆាំងនេះយល់ឃើញថា ជាការប្រើប្រាស់អំណាចបំពានគោលការណ៍ច្បាប់ ៕