ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតម្រូវឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចធ្វើសមាជជ្រើសរើសប្រធានស្តីទីឱ្យស្របទៅតាមលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួង។អ្នកនាំពាក្យគណបក្សនេះពុំទាន់អាចបញ្ជាក់អំពីការធ្វើសមាជជាក់លាក់បានទេ ព្រោះរងចាំសេក្តីសម្រេចពីសម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស។
លោក ធូ វិរៈ រាយការណ៍លម្អិត

ក្រសួងមហាផ្ទៃពុំទាន់ទទួលស្គាល់ព្រះរាជបុត្រាសម្តេចក្រុមព្រះជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិចនៅឡើយទេ ដោយតម្រូវគណបក្សនេះពិនិត្យមើល និងអនុវត្តឱ្យបានត្រឹមត្រូវបានលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួង។
ក្រោយពីប្រកាសតែងតាំងប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីខែមុន គណបក្សនេះបានដាក់លិខិតស្នើឱ្យក្រសួងមហាផ្ទៃទទួលស្គាល់ប្រធានស្តីទីថ្មីរបស់ខ្លួន។
ជាឆ្លើយតបនៅព្រឹកថ្ងៃទី ១២ ខែ កញ្ញានេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចពិនិត្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្និតកៈរបស់គណបក្សនយោបាយបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
ក្នុងកម្មវិធីផ្ទេរតំណែង និង ដំឡើងឋានន្តរស័ក្តិមន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៅព្រឹកថ្ងៃ ពុធ ទី ១២ ខែកញ្ញានេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងពុំចំឈ្មោះគណបក្សនយោបាយណាតែ ទំនងជាចង់សំដៅមកគណបក្សបក្សហ្វ៊ុនស៊ិនប៉ិចថា ចំពោះការចង់ផ្លាស់ប្តូរប្រធានស្តីទីគណបក្សត្រូវតែធ្វើសមាជឬមហាសន្និបាត ដើម្បីស្របទៅតាមលក្ខន្តិកៈរបស់គណបក្សនយោបាយដែលតម្កល់នៅក្រសួង។
សម្តេច ស ខេង៖«ឧបមារដូរអ្នកដឹកនាំ ឧទារហណ៍ថា កាលណាចង់ដូរប្រធានបក្សត្រូវតែមានសមាជ ឬមហាសន្និបាត ហើយមហាសន្តិបាតធ្វើរបៀបម្ត៉េច អ្នកកោះហៅ បោះឆ្នោតលើកដៃ ឬបោះឆ្នោតជាសម្ងាត់ ឧទារណ៍ ប៉ុនដល់គាត់ធ្វើ គាត់អត់ធ្វើអញ្ចឹង គាត់ចេញក្រដាសមួយតឹកឡឹកៗ គាត់អត់ធ្វើសមាជដូរប្រធានបក្សអាហ្នឹងគេហៅប្រហារហើយ ប្រហារបក្ស ថ្មីនេះមានគណបក្សមួយដែលខ្ញុំមិនបញ្ចេញឈ្មោះទេ»។
កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសតែងតាំងព្រះរាជបុត្រារបស់សម្តេច ក្រុមព្រះ គឺ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីគណបក្ស។
ការតែងតាំងប្រធានស្តីទីរបស់គណបក្សនេះ ក្រោយពីសម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចធ្លាក់ព្រះកាយប្រឈួន បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបូសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលព្រះរោគនៅប្រទេសថៃ។
លោក ណុប សុធា រិទ្ធិ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍ថា លោកបានទទួលលិខិតឆ្លើយពីក្រសួងមហាផ្ទៃហើយនៅព្រឹកថ្ងៃ ពុធ នេះ។ ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់ថាគណបក្សរបស់លោកនឹងធ្វើសមាជជ្រើសរើសប្រធានស្តីទីនៅឡើយទេ ព្រោះលោករងចាំសេចក្តីសម្រេចពីសម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស។
លោក ណុប សុធា រិទ្ធិ៖«លិខិតនឹងខ្ញុំបានទទួលហើយ ខ្ញុំបានយកទៅថ្វាយសម្តេចក្រុមព្រះហើយ ចាំមើលលោកមានព្រះរាជតម្រិះយ៉ាងដូម្តេច បើសិនជាមានចំណុចខ្វះខាតខ្ញុំនឹងបំពេញបន្ថែមតាមអ្វីដែលក្រសួងមហាផ្ទៃចង់បាន»។
ក្រោយពីមានការតែងតាំងប្រធានស្តីទីគណបក្សនេះបានបណ្តេញអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះជាច្រើនរូបចេញពីតំណែង តែអតីតមន្ត្រីជាន់គណបក្សនេះទាមទារឱ្យមានការពន្យល់ឱ្យបានច្បាស់ពីការបណ្តេញចេញនេះ៕